ជាតិ
សង្គមជាតិ
សម្ភារប្រើប្រាស់ធ្វើពីដីឥដ្ឋ កាន់តែឃ្លាតឆ្ងាយពីជីវភាពពលរដ្ឋប្រចាំថ្ងៃ!
26, Jul 2021 , 8:59 am        
រូបភាព
  រូបភាពដោយ លោក គ្រី អង្គារឧត្តម
រូបភាពដោយ លោក គ្រី អង្គារឧត្តម
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្អម ឆ្នាំងដី អំបែងនំ ជើងក្រាន និងសម្ភារធ្វើដោយដៃរបស់ខ្មែរមួយចំនួនទៀត កំពុងចួបប្រទះនូវហានិភ័យ ដោយសារការប្តូរនិន្នាការនៃការប្រើប្រាស់។  ភាពសម្បូរបែបនៃសម្ភារប្រើប្រាស់ក្នុងសម័យថ្មី និងការវិវដ្ដនៃសម័យកាល អាចជាកត្តាដែលធ្វើឱ្យការប្រើប្រាស់សម្ភារបែបប្រពៃណីមានការថយចុះ។



ផលិតផល ប្រើប្រាស់ធ្វើពីដីឥដ្ឋដូចជាក្អម ឆ្នាំង ជើងក្រាន អំបែងនំគ្រក់ដែលពលរដ្ឋខ្មែរនិយមប្រើប្រាស់តាមផ្ទះជាងកន្លះទសវត្សរ៍មុន ពេលនេះ គេកម្រឃើញមានអ្នកប្រើណាស់ មិនថាអ្នករស់នៅតាមទីប្រជុំជន ឬតាមជនបទដាច់ស្រយាលនោះទេ។ ទិដ្ឋភាព ពលរដ្ឋកណ្ដៀតក្អមទៅដួសទឹកពីទន្លេ ឬស្ទឹងនាពេលព្រឹក ឬល្ងាចបាត់ស្ងាត់ឈឹង និងវត្តមានក្អមដាក់ទឹកនៅតាមផ្ទះសម្រាប់បរិភោគ ក៏កម្រប្រទះ។ ចំណែកបាយដាំក្នុងឆ្នាំងដី និងការប្រើជើងក្រានរបស់ខ្មែរ ក៏ត្រូវបានប្តូរទៅជាការប្រើប្រាស់ហ្គាស ជើងក្រានឡ ឬផលិតតាមបច្ចេកទេសថ្មីជំនួស ទៅតាមសម័យកាល និងការវិវដ្តសង្គម។


អ្នកស្រី សួន សុផាត ជាកសិកររស់នៅភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ ជាង១០ឆ្នាំមុនគ្រួសារអ្នកស្រី សួន សុផាត និងអ្នកភូមិដទៃទៀត តែងប្រើជើងក្រានដីរបស់ខ្មែរស្ទើរគ្រប់ផ្ទះ និងនៅដីចម្ការ។ ចំណែក ក្អម ឆ្នាំងដី និងអំបែងនំគ្រក់ក៏នៅមានអ្នកប្រើដូចគ្នា។ ប៉ុន្ដែបច្ចុប្បន្នការប្រើប្រាស់ជើងក្រាន ក្អម ឆ្នាំង ដែលធ្វើពីដីឥដ្ឋ ដែលមានប្រភពដើមនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានពលរដ្ឋក្នុងភូមិ រួមទាំងគ្រួសាររបស់អ្នកស្រី សុផាត កាត់បន្ថយការប្រើប្រាស់ ឬគ្រួសារខ្លះឈប់ប្រើប្រាស់តែម្ដង។   
«ពីមុននៅប្រើ តែពេលនេះអត់ទេ។ សព្វថ្ងៃខ្ញុំដាំបាយ និងស្លដោយប្រើចង្ក្រានឡ ព្រោះវាមិនហុយផ្សែងចូលផ្ទះ ឯពេលចាក់នំខ្ញុំប្រើចង្ក្រានហ្គាស ដោយសារងាយស្រួល និងលឿនជាងធម្មតា។ បើនិយាយទៅរបស់ធ្វើពីដីរបស់ខ្មែរនៅក្នុងផ្ទះខ្ញុំមានតែឆ្នាំងដីទុកដាំថ្នាំឆ្ពុងមួយប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុផាត។
ស្រ្តីរូបនេះ បន្តថា នៅតាមផ្សារក្នុងស្រុករបស់អ្នកស្រី ក៏មិនសូវឃើញមានអ្នកលក់ជើងក្រានខ្មែរ មានតែជើងក្រានដែលច្នៃតាមបច្ចេកទេសថ្មី បើចង់រកទិញជើងក្រានបែបខ្មែរក៏គ្មានលក់ដែរ។ អ្នកស្រី បន្ថែមថា បើចង់ទិញលុះត្រាណា ត្រូវចាំមើលអ្នកលក់ដឹកតាមរទេះដែលធ្វើដំណើរចេញពីខេត្តកំពង់ឆ្នាំង ប៉ុន្ដែរទេះដឹករបស់របរប្រើប្រាស់ធ្វើពីដីលក់តាមភូមិកម្រឃើញណាស់ ជួនមួយឆ្នាំបរកាត់ភូមិម្ដងឬពីរដងប៉ុណ្ណោះ ។


ចំណែកឯ អ្នកស្រី យ៉េន យី រស់នៅក្នុងខេត្តកណ្ដាល ប្រាប់សារព័ត៌មានThmey Thmey25 ប្រហាក់ប្រហែលអ្នកស្រី សុផាត ថា ពីមុននៅជំនាន់ឪពុកម្ដាយរបស់អ្នកស្រីនៅមានអ្នកប្រើប្រាស់ក្អម ឆ្នាំងច្រើន។ បច្ចុប្បន្នគ្រួសារអ្នកស្រី យី គ្មានផលិតផលធ្វើដីប្រើនោះទេ ប៉ុន្តែមិនមែនមានន័យថា ពួកគាត់មិនគាំទ្រផលិតផលខ្មែរទេ តែទិញមកប្រើបានរយៈពេលខ្លីទើបស្តី្រមេផ្ទះរូបនេះសម្រេចចិត្តឈប់ទិញប្រើបន្ត។

អ្នកស្រី យ៉ែន យី រៀបរាប់បែបនេះ៖ «ពីរបីឆ្នាំមុនផ្ទះរបស់ខ្ញុំមានជើងក្រានខ្មែរ និងអំបែងនំគ្រក់ប្រើដែរ តែពេលនេះបែកអស់ហើយ។ ជើងក្រាន និងឆ្នាំងដីទាំងនោះ ងាយបែកពេលត្រូវទឹក ពិបាកថែ លើកចុះឡើងតែបួនដប់ដងប្រេះ ឬបែកបាត់។ ណាមួយនៅផ្ទះមានក្មេងៗច្រើន វត្ថុប្រើប្រាស់ធ្វើពីដីមិនធន់ទេ»។

លោក គ្រី អង្គារឧត្តម ជាអាជីវកលក់ក្អម ឆ្នាំង និងវត្ថុប្រើប្រាស់ធ្វើពីដីមួយរូបនៅខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានThmey Thmey២៥ថា ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មិនសូវទិញសម្ភារប្រើប្រាស់ធ្វើពីដីទេ ហើយការបញ្ជាទិញពីបណ្ដាលខេត្តផ្សេងៗក៏កាន់ថយចុះខ្លាំង។ បើតាមអាជីវកលក់ក្អម ឆ្នាំងរូបនេះ ក្នុងអំឡុងឆ្នាំ២០០០ ដល់២០១០ ការបញ្ជាទិញវត្ថុប្រើប្រាស់ក្នុងផ្ទះធ្វើពីដីឥដ្ឋនៅមានច្រើនគួរសម។ ក្នុងមួយខែ អាជីវកម្មរបស់លោក អង្គារឧត្តម អាចលក់បានចន្លោះពី១ពាន់ ទៅ២ពាន់ចង្ក្រានឱ្យពលរដ្ឋចុះទូកនេសាទក្នុងខេត្តកំពង់ឆ្នាំង និងលក់ទៅតាមបណ្ដាខេត្តផ្សេងនៅទូទាំងប្រទេស។


អាជីវករមានស្រុកកំណើតនៅក្រុងកំពង់ឆ្នាំងរូបនេះ បន្តថា រយៈពេល១០ឆ្នាំក្រោយមកនេះ និន្នាការនៃការប្រើប្រាស់មានការថយចុះ ជាហេតុធ្វើឱ្យការលក់ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ «បច្ចុប្បន្នកន្លែងរបស់ខ្ញុំ លក់ដាច់តែគ្រឿងពីធ្វើដីដូចជាកូនសត្វ រូបតាំងកម្អនៅតាមផ្ទះ ដែលនាំចូលមកពីក្រៅប្រទេស និងគ្រឿងក្មេងលេងប៉ុណ្ណោះ។ ចំណែកឯ វត្ថុប្រើប្រាស់ក្នុងផ្ទះដូចជាក្អម ឆ្នាំង  អំបែងនំ និងជើងក្រានរបស់ខ្មែរ មួយថ្ងៃជួនខ្ញុំលក់មិនដាច់មួយផង។ ពលរដ្ឋភាគច្រើនប្តូរទៅជាប្រើ ចង្ក្រានដែលផលិតដោយបច្ចេកទេសថ្មី ឬអំបែងនំធ្វើពីលោហៈ ដែលមាំជាងអំបែងធ្វើពីដីរបស់ខ្មែរ»។ នេះជាការបញ្ជាក់របស់លោក អង្គារឧត្ដម ដោយបានបន្ថែមថា  ផលិតផលធ្វើពីដីឥដ្ឋរបស់ខ្មែរ ធ្វើដោយដីឥដ្ឋសុទ្ធ មិនមានលាយអ្វីបន្ថែមទេ នេះជាហេតុធ្វើឱ្យគ្រប់របស់របរទាំងនោះងាយរងការប៉ះទង្គិច និងខូចខាតបំផុត។

ការធ្លាក់ចុះនៃការប្រើប្រាស់វត្ថុធ្វើពីដីរបស់ខ្មែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាចបណ្ដាលមកពីការវិវដ្ដនៃសង្គម និងភាពសម្បូរបែបនៃវត្ថុប្រើប្រាស់។ មួយវិញទៀត អាចបណ្ដាលមកពីការកែច្នៃថ្មីលើរបស់ប្រើប្រាស់ទាំងនោះ ឱ្យមានភាពរឹងមាំ នឹងងាយស្រួលបន្លាស់ទី៕
 
 
 
 

Tag:
 ក្អម
 ឆ្នាំងដី
  អំបែងនំ
  ជើងក្រាន
© រក្សាសិទ្ធិដោយ thmeythmey.com