COVID-19
ជាតិ
COVID-19៖ មនុស្ស២នាក់ទៀត ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន ដោយសារមិនគោរពវិធានការខេត្ត
26, Jul 2021 , 9:47 am        
រូបភាព
ជនជាប់ចោទ២នាក់ ដែលតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន កាលពីថ្ងៃទី២៥ កក្កដា ២០២១។ (រូបពីរដ្ឋបាលខេត្ត)
ជនជាប់ចោទ២នាក់ ដែលតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន កាលពីថ្ងៃទី២៥ កក្កដា ២០២១។ (រូបពីរដ្ឋបាលខេត្ត)
សាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន ២នាក់បន្ថែមទៀត ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ជនត្រូវចោទ២នាក់នេះ បានប្រព្រឹត្តផ្ទុយពីវិធានការរដ្ឋបាលខេត្ត ដែលសម្រេចបិទជាបណ្តោះអាសន្ន នូវការជួបជុំប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តជាដើម។

 
ជនជាប់ចោទទាំងពីរនេះ បានបើកកន្លែងផឹកស៊ី នៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពួកគេទាំងពីរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ។
 
ក្រោយពិនិត្យ និងសាកសួររួច ចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួន ពួកគេទាំងពីរនៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា។ ជនជាប់ចោទទាំងពីរនេះ មាន១នាក់ ជាថៅកែហាង «ហេងហេងបាខែង២» និងម្នាក់ទៀតជាមេការហាងនេះ។

កន្លងមករដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះមានការបិទជាបណ្តោះអាសន្ន នូវការជួបជុំប្រមូលផ្តុំគ្នាពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តគ្រប់ប្រភេទ សម្រាប់មនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋ អនុវត្តតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានត្រឹមត្រូវ។ «សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ»។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។

អត្ថបទទាក់ទង

កាលពីថ្ងៃទី២៤ កក្កដា សាលាដំបូងខេត្តសៀមរាប ក៏បានសម្រេចឃុំខ្លួនមនុស្ស៤នាក់ដែរ ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បណ្ដាលឱ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ខេត្តសៀមរាបរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៣៨២២នាក់ ក្នុងនោះ ១៩៧៨នាក់ បានជាសះស្បើយ ៤០នាក់ស្លាប់ និង១៨០៤នាក់ កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
  ទោសទណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com