កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីបាញ់ធ្នូកូរ៉េខាងត្បូង An San ឈ្នះមេដាយមាសអូឡាំពិកដល់ទៅ២មុនគេ
26, Jul 2021 , 11:05 am        
រូបភាព
ដោយ: រួបរួម
កីឡាការិនីកូរ៉េខាងត្បូង An San ក្លាយជាអត្តពលិកដំបូងដែលបានឈ្នះមេដាយមាសអូឡាំពិកដល់ទៅពីរក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូ (Tokyo 2020)។ កីឡាការិនីវ័យ២០ឆ្នាំរូបនេះ បានឈ្នះលើវិញ្ញាសាក្រុមស្ត្រី និងក្រុមចម្រុះ។

 
សម្រាប់វិញ្ញាសាស្ត្រីជាក្រុម (Women’s Team) An San រួមជាមួយកីឡាការិនី Jang Minhee និង Kang Cheayoung បានយកឈ្នះក្រុមកីឡាការិនីអូឡាំពិករុស្ស៊ី (Gomeya Svetlana, Osipova Elena និង Perova Ksenia) ៦-០ នៅវគ្គផ្តាច់ព្រ័ត្រ។ 
 
ចំពោះវិញ្ញាសាចម្រុះវិញ (Mixed Team) An San ចាប់ដៃគូជាមួយកីឡាករ Kim Je Deok ដើម្បីយកឈ្នះក្រុមហូឡង់ដែលមានកីឡាការិនី Schloesser Gabriela និងកីឡាករ Wijler Steve ក្នុងលទ្ធផល ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ។
 
ជាមួយគ្នានេះ An San នៅសល់ការប្រជែងមេដាយលើវិញ្ញាសារឯកត្តជនមួយទៀត ដែលត្រូវជម្រុះជាមួយកីឡាការិនីឆាត Hourtou Marlyse នៅវគ្គជម្រុះ៣២នាក់ នាថ្ងៃទី២៩ ខែកក្កដា។
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ An San បានក្លាយជាម្ចាស់កំណត់ត្រាថ្មី ដែលរកបានដល់ទៅ៦៨០ពិន្ទុ ដោយបំបែកកំណត់ត្រាចាស់របស់កីឡាការិនីអ៊ុយក្រែន Lina Herasymenko (៦៧៣ពិន្ទុ) កាលពីព្រឹត្តិការណ៍អូឡាំពិកក្រុងអាត្លង់តាឆ្នាំ១៩៩៦៕


 

© រក្សាសិទ្ធិដោយ thmeythmey.com