ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺមហារីកសុដន់៖ អាការៈដែលស្ត្រីមិនសូវចាប់អារម្មណ៍
× នៅពេលកោសិកាជាច្រើនក្នុងរាងកាយធ្វើការបំបែកខ្លួនឥតឈប់ និងរាលដាលដល់ជាលិកាជុំវិញទៀតនោះ វាត្រូវបានគេស្គាល់ថាជាកោសិកាមហារីកហើយ។ ជំងឺមហារីកសុដន់ ដែលកោសិការបស់សរីរាង្គមួយនេះធ្វើការបំបែកខ្លួនមិនចេះឈប់អាចនឹងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ដូចមានដុំអ្វីមួយនៅក្នុងសុដន់ ឬអាចមើលឃើញតាមរយៈការថតសុដន់។ ទោះបីជាយ៉ាងណាក៏ដោយ វាមានអាការៈច្រើនគួរសមដែរ ហើយក៏អាចមានលក្ខណៈផ្សេងដែលធ្វើឲ្យយើងមិនចាប់អារម្មណ៍ថាជាជំងឺមហារីកដែរ។ អាការៈទាំងនោះមានដូចជា៖
ហើមគ្មានមូលហេតុ៖ ការដែលហើមនៅជុំវិញសុដន់អាចជាអាការៈមួយបញ្ជាក់អំពីជំងឺមហារីកសុដន់ដែលរលាក។
ឈឺខ្នងផ្នែកខាងលើ៖ មុនពេលអាការៈជំងឺមហារីកសុដន់ចាប់ផ្តើមកើតឡើង អ្នកប្រហែលជាអាចមានអាការៈឈឺចាប់នៅចន្លោះឆ្អឹងស្លាបប្រចៀវទាំងសងខាងដែរ។ បើសិនជាមហារីករាលដាលដល់ឆ្អឹង វាអាចបណ្តាលឲ្យកើតជាជំងឺមហារីកឆ្អឹងដែរ។
ឈឺនៅគ្លៀក៖ ដំបូងឡើយ ជំងឺមហារីកសុដន់អាចនឹងរាលដាលដល់កូនកណ្តុរនៅគ្លៀក ដែលជាហេតុនាំឲ្យឈឺតឹង និងឈឺចាប់នៅតំបន់នេះជាញឹកញាប់។
ហូរទឹករំអិល៖ នៅពេលមហារីកសុដន់ចាប់ផ្តើមនៅខាងក្រោមសុដន់ វាអាចបណ្តាលឲ្យក្បាលសុដន់ប្រែរូបរាង ពណ៌ និងទម្រង។ វាអាចនឹងមានភាពតឹង និងហូរទឹករំអិលថ្លា ឬឈាមបាន។
សុដន់រមាស់៖ ការដែលសុដន់រមាស់ខ្លាំងនិងមិនបាត់ទៅវិញដោយការអេស អាចជាសញ្ញាមួយនៃជំងឺមហារីកសុដន់ដែលររលាក។ កាលណាកោសិកាមហារីកធ្វើឲ្យស្ទះក្នុងសរសៃឈាម និងកូនកណ្តុរ អាចនឹងធ្វើឲ្យជាតិទឹកចាលនៅក្រោមស្បែក និងចេញជាអាការៈរមាស់នេះឯង។
ទំហំ និងរូបរាងសុដន់ប្រែប្រួល៖ នៅពេលអ្នកមានជំងឺមហារីកសុដន់ អ្នកប្រហែលជាសម្គាល់ដឹងថា សុដន់ម្ខាង ឬទាំងសងខាងអាចនឹងប្រែប្រួលរូបរាងមូលមកពងក្រពើ។ បើសិនជាមហារីកស្ថិតនៅជ្រៅ សុដន់អាចនឹងប្រែប្រួលសភាពរបស់វាតែម្តង។
អស់កម្លាំង៖ កាលណាមានការលូតលាស់ជំងឺមហារីក អ្នកអាចនឹងជួបអាការៈអស់កម្លាំង ដែលវាមិនស្រាកស្រាន្តទៅវិញនៅពេលសម្រាកនោះទេ។ រឿងនេះកើតឡើងជាពិសេសនៅពេលជំងឺស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ៕
© រក្សាសិទ្ធិដោយ thmeythmey.com