អន្តរជាតិ
ភ្លើងឆេះព្រៃ បំផ្លាញផ្ទះសម្បែងជាច្រើនខ្នងនៅរដ្ឋ California រូបភាព៖ AP
×
ដោយៈ ឈួ ស៊ាវយីងជាវ
ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅក្នុងរដ្ឋCalifornia បានឆាបឆេះលាតសន្ធឹងទៅដល់កន្លែងឆេះមួយកន្លែងទៀត ដែលបង្កអគ្គិភ័យដ៏ធំសម្បើម។ ភ្លើងឆេះព្រៃដ៏ធំនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយាល និងនាំឱ្យក្រុមពន្លត់អគ្គិភ័យពិបាកចុះធ្វើប្រតិបត្តិការ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AP នៅថ្ងៃទី២៦ ខែកក្កដា។
ភ្លើងឆេះព្រៃយ៉ាងកំណាច ដែលមានឈ្មោះថា Daxie Fire បានចាប់ផ្តើមឆាបឆេះតាំងពីថ្ងៃទី១៤ ខែកក្កដា មកម្ល៉េះ ដោយបានបំផ្លាញផ្ទះអស់ជាច្រើនខ្នង និងសំណង់ផ្សេងទៀត។ អគ្គិភ័យ Daxie Fire រួមជាមួយអគ្គិភ័យ Fly Fire បានរាលដាលទៅកាន់សហគមន៏ Indian Falls នៃភាគខាងជើងរបស់រដ្ឋ California ។
ផ្សែងដ៏ក្រាស់ឃ្មឹកចេញពីអណ្តាតភ្លើង និងពីអគ្គិភ័យ Daxie Fire បង្កឱ្យក្រុមពន្លត់អគ្គិភ័យតាមអាកាសពិបាកមើល និងជួយដល់ក្រុមពន្លត់អគ្គិភ័យផ្នែកខាងក្រោម។ គុណភាពខ្យល់នៅតំបន់ខាងត្បូងបឹង Lahoe និងកាត់តាមរដ្ឋ Nevada ប្រែទៅជាអាក្រក់ខ្លាំង ដែលប៉ះពាល់ដល់សុខភាពប្រជាជន។
បើតាមមន្រ្តីពន្លត់អគ្គិភ័យ អណ្តាតភ្លើងលេបត្របាក់ព្រៃប្រមាណ ៧៧២គីឡូម៉ែត្រក្រឡាក្នុងតំបន់ Plumas និង Butte ។ ចំណែកអ្នកនាំពាក្យនាយកដ្ឋានព្រៃឈើ និងការពារអគ្គិភ័យ លោក Rick Carhart បានអះអាងថា ក្រុមអ្នកពន្លត់អគ្គិភ័យដែលកាន់ឧបករណ៍ដោយដៃ ត្រូវបង្ខំឱ្យឡើងទៅតំបន់ដីមិនរាបស្មើ និងជាទីកន្លែងម៉ាស៊ីនទៅមិនបាន។
អគ្គិភ័យ បានបណ្តាលឱ្យមានការជម្លៀសប្រជាជនតាមសហគមន៍ក្នុងតំបន់ភ្នំតូចៗមួយចំនួន និងតាមមាត់បឹង Almanor ដែលជាតំបន់រមណីយដ្ឋានដ៏ពេញនិយមមួយ។ ក្រុមមន្រ្តី បានបញ្ជាក់ថាផ្ទះប្រមាណជាង១ម៉ឺនខ្នងស្ថិតក្រោមការគំរាមកំហែង។
មកដល់ពេលនេះ ភ្លើងឆេះព្រៃធំៗច្រើនជាង៨៥កន្លែង កំពុងឆាបឆេះនៅអាមេរិក ដោយភាគច្រើនឆេះនៅរដ្ឋភាគខាងលិច។ អគិ្គភ័យបានដុតបំផ្លាញព្រៃ និងផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់លើផ្ទៃដីប្រមាណ១,៤លានហិចតា៕
Tag:
អាមេរិក
ភ្លើងឆេះព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com