អន្តរជាតិ
UN៖ ជនស៊ីវិលអាហ្វហ្កានីស្ថានជិត២៤០០នាក់ បានស្លាប់ឬរបួសនៅចន្លោះខែឧសភា-មិថុនា
27, Jul 2021 , 9:29 am        
រូបភាព
ការវាយប្រហារនៅអាហ្វហ្កានីស្ថាននាពេលកន្លងមក។ រូបថត Xinhua
ការវាយប្រហារនៅអាហ្វហ្កានីស្ថាននាពេលកន្លងមក។ រូបថត Xinhua
ដោយ៖ ឈួ ស៊ាវយីងជាវ

អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៦ ខែកក្កដា បានអះអាងថា ជនស៊ីវិលអាហ្វហ្គានីស្ថានប្រមាណ២៤០០នាក់បានស្លាប់ ឬរងរបួសចន្លោះខែឧសភា និងខែមិថុនា។ តួលេខដ៏ខ្ពស់នេះ ត្រូវបានកត់ត្រា ខណៈការប្រយុទ្ធរវាងក្រុមឧទ្ទាមតាលីបង់ និងកងកម្លាំងសន្តិសុខអាហ្វហ្គានីបានកើនឡើងខ្លាំង ស្របពេលអាមេរិកដកទ័ព។



បើតាមរបាយការណ៍របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន (UNAMA) ចន្លោះខែមករា និងមិថុនា តួលេខជនស៊ីវិលដែលស្លាប់ និងរបួសមានចំនួន៥,១៨៣នាក់។ អ្នកស្លាប់មានចំនួន១,៦៥៩នាក់។ ចំនួននេះបានកើនឡើង៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ២ខែចុងក្រោយ ជនរងគ្រោះមានជិត២៤០០នាក់។
 
តួលេខដ៏ច្រើនខាងលើ ស្ដែងឱ្យឃើញពីស្ថានភាពដ៏អាក្រក់សម្រាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន ខណៈការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាល និងក្រុមតាលីបង់ មានសភាពខ្លាំងក្លាក្នុងខែឧសភា និងមិថុនា ក្រោយពីប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។
 
ក្រុមតាលីបង់ បានធ្វើប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំដោយដណ្ដើមបានតំបន់មួយចំនួនតាមជនបទ ច្រកព្រំដែន និងជុំវិញទីរួមខេត្តមួយចំនួន។ កងទ័ពអាហ្វហ្គានីស្ថាន និងអាមេរិក ក៏សម្រេចវាយប្រហារតាមផ្លូវអាកាសដើម្បីទប់ទល់នឹងប្រតិបត្តិការរបស់ពួកក្រុមឧទ្ទាម។
 
ជាមួយគ្នានេះ អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន បានទទូចមេដឹកនាំតាលីបង់ និងអាហ្វហ្គានីស្ថានយកចិត្តទុកដាក់លើផលអាក្រក់នៃសង្រ្គាម និងការបំផ្លាញលើជនស៊ីវិល៕
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com