ជាតិ
សង្គមជាតិ
អ្នកភូមិទួលព្រិចប្រមាណ៧០ភាគរយ ប្រើថាមពលសូឡា ខណៈបណ្តាញអគ្គិសនី មិនទាន់តទៅដល់
27, Jul 2021 , 7:59 am        
រូបភាព
(រាប់ពីឆ្វេង) លោក ស៊ឹម សេងហៀង, អ្នកស្រី ទាង ស៊ីមអេង, អ្នកស្រី នុត សុវណ្ណារ៉ា និងលោក ជាប សុឃឺន ជាពលរដ្ឋរស់នៅក្នុងភូមិទួលព្រិច ឃុំស្វាយចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
(រាប់ពីឆ្វេង) លោក ស៊ឹម សេងហៀង, អ្នកស្រី ទាង ស៊ីមអេង, អ្នកស្រី នុត សុវណ្ណារ៉ា និងលោក ជាប សុឃឺន ជាពលរដ្ឋរស់នៅក្នុងភូមិទួលព្រិច ឃុំស្វាយចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដោយ៖  អ៊ុន វឌ្ឍនា
 
ឧត្តរមានជ័យ៖ សព្វថ្ងៃ ប្រជាពលរដ្ឋចំនួន៧៤គ្រួសារ ដែលរស់នៅភូមិទួលព្រិច ឃុំស្វាយចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់មានខ្សែបណ្តាញតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់នៅឡើយ។ ស្របពេលដែលពុំទាន់មានខ្សែបណ្តាញតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់នោះ  មានប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ ដែលស្មើនឹង៦៧,៥ភាគរយនៃពលរដ្ឋសរុបក្នុងភូមិទួលព្រិច បាននាំគ្នាបង់រំលស់សូឡា ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ មកផ្គត់ផ្គង់តម្រូវការរស់នៅប្រចាំថ្ងៃ។

 
បច្ចុប្បន្ន ថាមពលអគ្គីសនីបានក្លាយជាតម្រូវការចាំបាច់មួយ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស។ ដ្បិតថា គ្មានខ្សែបណ្តាញ ឬប្រព័ន្ធតភ្ជាប់ចរន្តអគ្គិសនីខ្វាត់ខ្វែង ប្រើប្រាស់ ប៉ុន្តែសម្រាប់ពលរដ្ឋដែលរស់នៅក្នុងភូមិទួលព្រិច ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង បាននាំគ្នាដំឡើងផ្ទាំងសូឡានៅលើដំបូលផ្ទះរៀងៗខ្លួន និងនៅលើបង្គោលឈើ ដើម្បីទាញយកថាមពលពីពន្លឺព្រះអាទិត្យ។ ថាមពលនេះ​ អ្នកស្រុកប្រើសម្រាប់ដាក់អំពូលបំភ្លឺផ្ទះ បញ្ជូលថ្មទូរសព្ទ បើកកង្ហារ និង មើលទូរទស្សន៍ ជាដើម។


 
អស់រយៈពេល៤ឆ្នាំមកហើយ ដែលអ្នកស្រី នុត សុវណ្ណារ៉ា បានប្តូរពីការប្រើថាមពលអគ្គិសនីពីអាគុយ មក ប្រើប្រាស់ថាមពលសូឡានៅក្នុងផ្ទះវិញ។ ការសម្រេចចិត្តផ្លាស់ប្តូរប្រភពថាមពលអគ្គិសនីនេះ គឺដោយសារគ្រួសាររបស់អ្នកស្រី មានសមាជិកច្រើន និងមិនចង់លំបាកក្នុងការប្រើប្រាស់អាគុយ ដោយដោះដូរពីអាគុយមួយទៅអាគុយមួយទៀត ដើម្បីយកទៅបញ្ចូលភ្លើង ក្នុងរយៈពេល៣ថ្ងៃម្តង។  
 
អ្នកស្រី សុវណ្ណរ៉ា បន្តថា ពីដំបូងឡើយ នៅក្នុងផ្ទះអ្នកស្រី ប្រើប្រាស់សូឡាតែមួយបន្ទះទេ ក្នុងតម្លៃជិត៤០០,០០០រៀល (ជិត៤សែនរៀល) ប៉ុន្តែដោយថាមពលពីសូឡាមួយបន្ទះនេះ ប្រើមិនគ្រាប់ អ្នកស្រី ក៏សម្រេចបង់រំលស់សូឡាមួយបន្ទះទៀត។ ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ និយាយដូច្នេះថា៖«សូឡាមួយបន្ទះចុងក្រោយនេះ ខ្ញុំបង់រំលស់មួយខែ២ម៉ឺន៨ពាន់រៀល ហើយបង់រហូតដល់ពេល២ឆ្នាំ បានដាច់»។
 
ជាប្រចាំថ្ងៃ គ្រួសាររបស់អ្នកស្រី សុវណ្ណារ៉ា ប្រើប្រាស់ថាមពលសូឡានេះ សន្សំសំចៃណាស់ពិសេសគឺ អំឡុងរដូវវស្សាតែម្តង ដែលសូឡាមិនអាចស្រូបពន្លឺព្រះអាទិត្យបានច្រើន។  អ្នកស្រី បានបន្ថែមថា៖«ពេលថ្ងៃយើងប្រើសូឡានេះ តែពេលកូនបញ្ចូលថ្មទូរសព្ទសម្រាប់រៀនតាមអនឡាញប៉ុណ្ណោះ។ ក្រៅពីនេះ គឺយើងត្រូវបញ្ចូលទុកប្រើប្រាស់ពេលយប់  ដូចជា បើកកង្ហារ បើកអំពូលភ្លើងអីជាដើម...»។
 
សម្រាប់លោក ស៊ឹម សេងហៀង វិញ ក៏មិនខុសគ្នាពីអ្នកស្រី សុវណ្ណារ៉ា ប៉ុន្មានដែរ។ លោក បានបង់រំលស់សូឡា សម្រាប់ធ្វើជាប្រភពថាមពលបំភ្លឺនៅក្នុងផ្ទះ ដោយជំនួយឱ្យការប្រើចង្កៀងប្រេងកាតប្រចាំថ្ងៃនោះ អស់រយៈពេលជាង១ឆ្នាំហើយ។ មួយខែៗ កសិករវ័យ៦៤ឆ្នាំរូបនេះ បានចំណាយអស់៥៣,០០០រៀល (៥ម៉ឺន៣ពាន់រៀល) ក្នុងការបង់រំលស់សូឡាមួយបន្ទះកម្លាំង៨០វ៉ាត់ ដែលក្រុមគ្រួសាររបស់លោក កំពុងប្រើប្រាស់សព្វថ្ងៃនេះ។  
 
លោក ស៊ឹម សេងហៀង បាននិយាយដូច្នេះថា៖«មានសូឡាប្រើមកទល់សព្វថ្ងៃហ្នឹង គឺដោយសារតែខ្ញុំមើលឃើញមានផ្ទះពលរដ្ឋជាច្រើននៅក្នុងភូមិជាមួយគ្នា គេបានដាក់សូឡានេះប្រើ ហើយខ្ញុំដាក់សូឡាប្រើដែរទៅ។ យើងត្រូវដើរតាមភាពជឿនលឿននៃការប្រើប្រាស់ថ្មី ហើយណាមួយវាជួយឲ្យមានពន្លឺក្នុងការរស់នៅផងដែរ»។
 
ចំណែកផ្ទះរបស់អ្នកស្រី ទាង ស៊ីមអេង មានសូឡារហូតដល់៣បន្ទះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ថាមពលអគ្គិសនីដែលបានពីសូឡានេះ អ្នកស្រី យកទៅប្រើសម្រាប់បើកអំពូលភ្លើងនាពេលយប់ សាកថ្មទូរសព្ទ បើកកង្ហារ និង ទូរទស្សន៍ ជាដើម។  ថាមពលសូឡាដែលអ្នកស្រី ស៊ីមអេង ប្រើប្រាស់រាល់ថ្ងៃនេះ ក៏បានពីការបង់រំលស់ដែរ ក្នុងទឹកប្រាក់៥៦,០០០រៀល (៥ម៉ឺន៦ពាន់រៀល) ជាប្រចាំខែ។  
 
សល់តែរយៈ៥ខែទៀតប៉ុណ្ណោះ សូឡាដែលអ្នកស្រី ស៊ីមអេង ប្រើប្រាស់សព្វថ្ងៃនេះ ត្រូវបង់រំលស់ដាច់។ ថ្វីដ្បិតការប្រើប្រាស់ថាមពលសូឡា មានភាពងាយស្រួល មានសុវត្ថិភាព ជួយដល់បរិស្ថាន  និងប្រើប្រាស់ច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែក៏វាមិនអាចឆ្លើយតបបានគ្រប់គ្រាន់ដល់គ្រួសារអ្នកស្រី ស៊ីមអេង នៅឡើយទេ។ 


 
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ដែលគ្រួសារអ្នកស្រី ស៊ីមអេង ប្រើអគ្គិសនីដែលបានពីថាមពលសូឡានេះ គឺសន្សំសំចៃណាស់ ទាំងក្នុងរដូវវស្សា និងទាំងក្នុងរដូវប្រាំង។ ស្ត្រីរូបនេះបន្តនិយាយថា ៖«នៅពេលថ្ងៃ គ្រួសារខ្ញុំ ត្រូវចេញមកអង្គុយក្រៅផ្ទះឬសម្រាកនៅក្រោមដើមឈើ ទោះបីអាកាសធាតុក្តៅក៏មិនហ៊ានបើកកង្ហារដែរ ព្រោះដើម្បីយកកង្ហារ ដែលដំណើរដោយអគ្គិសនីពីសូឡាហ្នឹង គឺសម្រាប់ប្រើប្រាស់នៅពេលយប់។ បើមិនធ្វើអ៊ីចឹង ប្រាកដជាដេកហូរញើសពេញមួយយប់តែម្ដង»។
 
មិនមែនមានតែប្រជាពលរដ្ឋទេ សូម្បីផ្ទះរបស់លោកមេភូមិទួលព្រិច ក៏ប្រើប្រាស់ថាមពលសូឡានេះដែរ។  ក្នុងចំណោមពលរដ្ឋ៧៤គ្រួសារ ដែលរស់នៅក្នុងភូមិទួលព្រិច មានប្រមាណ៥០គ្រួសារ កំពុងប្រើប្រាស់ថាមពលសូឡា។ មេភូមិទួលព្រិច លោក ជាប សុឃឺន បានបញ្ជាក់ថា ពលរដ្ឋក្នុងភូមិនេះ បានផ្លាស់ប្តូរការប្រើប្រាស់ថាមពលពីអាគុយ និងចង្កៀងប្រេងកាត មកប្រើប្រាស់ថាមពលសូឡាវិញ នារយៈពេល៣-៤ឆ្នាំចុងក្រោយនេះទេ។
 
បើតាមលោក សុឃឺន មូលហេតុដែលពលរដ្ឋខ្លះក្នុងភូមិទួលព្រិច មិនទាន់មានខ្សែបណ្តាញតភ្ជាប់អគ្គិសនីប្រើប្រាស់ គឺដោយសារតែភូមិនេះស្ថិតនៅចំណុចកណ្តាល។ លោក មានប្រសាសន៍ថា៖«សម្រាប់ក្រុមហ៊ុនឯកជនកន្លងមក បានរៀបចំខ្សែបណ្តាញសម្រាប់តភ្ជាប់ចរន្តអគ្គិសនីនៅត្រឹមភូមិថ្លាត។ រីឯ ខាងរដ្ឋ បានដាក់ប្រព័ន្ធខ្សែបណ្តាញតភ្ជាប់អគ្គិសនីដែលមានប្រភពមកពីខេត្តស្ទឹងត្រែង នៅត្រឹមភូមិទួលគ្រួសប៉ុណ្ណោះ។ ដូច្នេះ ភូមិខ្ញុំដែលនៅកណ្តាលរវាងភូមិទាំង២នេះ គឺអត់ទាន់មានបណ្តាញអគ្គិសនីអី្វប្រើដូចគេទេ ក្រៅតែពីប្រើសូឡាហ្នឹង»។
 
ដ្បិតថា ការប្រើថាមពលសូឡាអាចជួយដល់ការរស់នៅប្រចាំថ្ងៃបានមួយកម្រិតក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋនៅភូមិទួលព្រិច នៅតែស្នើឲ្យអ្នកវិនិយោគក្នុងវិស័យឯកជនឬវិស័យសាធារណៈ ជួយរៀបចំប្រព័ន្ធខ្សែបណ្តាញតភ្ជាប់អគ្គិសនី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតំបន់នេះ។ ការមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អាចផ្តល់ឱកាសជាច្រើនដល់អ្នកភូមិទួលព្រិច ក្នុងការប្រកបឬពង្រីកអាជីវកម្ម ការសិក្សារៀនសូត្រ និង កែច្នៃសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាដើម៕ 


 

Tag:
 បរិស្ថាន
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com