ជាតិ
តំបន់អរិយក្សត្រខេត្តកណ្ដាល ក្លាយជាកន្លែងពេញនិយម សម្រាប់អ្នកជិះកង់
27, Jul 2021 , 10:59 am        
រូបភាព
ដោយ:
ពលរដ្ឋនៅរាជធានីភ្នំពេញ ចូលចិត្តជិះកង់ហាត់ប្រាណច្រើនជាងមុន។ អ្នកជិះកង់ភាគច្រើន ជិះពីភ្នំពេញ ទៅតំបន់អរិយក្សត្រ នៃស្រុកល្វាឯម ខេត្តកណ្ដាល។ សកម្មភាពជិះកង់ទាំងនេះ បានជួយអ្នកលក់ដូរក្នុងខេត្តកណ្ដាល ជាពិសេសអ្នកអរិយក្សត្រ លក់ដាច់ជាងមុន។ ទន្ទឹមនឹងនេះ អាជីវកម្មហាងកាហ្វេ អាហារដ្ឋានមួយចំនួន ក៏អាចរកចំណូលពីអ្នកហាត់កីឡាដែរ។

 
អ្នកហាត់កីឡាទាំងអស់នេះ តែងជិះតាមដងទន្លេ និងចូលតាមតំបន់ទេសចរណ៍កែច្នៃ និងធម្មជាតិផងដែរ។ កន្លែងកម្សាន្តបែបកែច្នៃ និងហាងកាហ្វេ មួយចំនួន បានលេចរូបរាងឡើងក្នុងខេត្តកណ្ដាលជាបន្តបន្ទាប់។ ខេត្តកណ្ដាល មានអ្នកជិះកង់ហាត់ប្រាណ និងកម្សាន្តតាមមាត់ទន្លេ ហាងកាហ្វេកែច្នៃតាមបែបធម្មជាតិ និងតំបន់ទេសចរណ៍កែច្នៃមួយចំនួន។
 

កញ្ញា វ៉ែន រស្ម៊ី
 
កញ្ញា វ៉ែន រស្ម៊ី អ្នកចូលចិត្តជិះកង់ហាត់ប្រាណ បានប្រាប់ ThmeyThmey25 ថា ពេលចុងសប្តាហ៍កញ្ញា ចូលចិត្តជិះកង់ទៅតំបន់អរិយក្សត្រ ក្នុងខេត្តកណ្ដាល ព្រោះសម្បូរកន្លែងកម្សាន្តបើកថ្មី ជាពិសេសកញ្ញា ចូលចិត្តទៅហាងកាហ្វេនៅទីនោះ។ ជាមួយគ្នានេះដែរ អរិយក្សត្រ ក៏ជាស្រុកកំណើតម្ដាយរបស់កញ្ញា ដែលជាហេតុធ្វើឱ្យយុវតីរូបនេះ ស្គាល់ផ្លូវច្រើន មិនភ័យខ្លាចវង្វេងផ្លូវ។
 
កញ្ញា រស្ម៊ី រៀបរាប់ដូច្នេះ៖ «ថ្ងៃធម្មតាខ្ញុំជិះកង់ទៅធ្វើការ ប៉ុន្តែចុងសប្តាហ៍ មានដំណើរកម្សាន្តបែបជិះកង់ជាមួយមិត្តភ័ក្ត្រ។ ភាគច្រើន គឺយើងជិះនៅជិតៗក្រុងប្រហែល ៣០គីឡូម៉ែត្រ។ ខ្ញុំឧស្សាហ៍ជិះទៅម្ដុំខាងខេត្តកណ្ដាល ព្រោះ នៅទីនោះសម្បូរកន្លែងបើកថ្មីដូចជាហាងកាហ្វេ រមណីយដ្ឋាន ដែលគេរៀបចំតែបែបជនបទ ហើយនៅទីនោះ ខ្សាច់មានទឹក មានទេសភាពច្រើន ដែលមើលទៅធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយ»។
 
យុវតីរូបនេះចាប់ផ្ដើមជិះកង់ក្នុងឆ្នាំ២០១៦ ដោយលើកដំបូងកញ្ញាជិះកង់ទៅគិរីរម្យ។ បន្ទាប់មក កញ្ញា យល់ថា កញ្ញា ចូលចិត្តកីឡាប្រភេទនេះ។ រៀងរាល់ចុងសប្តាហ៍ កញ្ញាតែងជិះកង់កម្សាន្តតាមតំបន់ទេសចរណ៍ក្បែក្រុង។
 
ជាមួយគ្នានេះដែរ លោក ជួប សោភ័ណ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានលើកឡើងថា ខេត្តកណ្ដាលមិនសូវមានទេសចរ ដែលទៅសម្រាកស្នាក់នៅនោះទេ។ ភាគច្រើន អ្នកទៅកម្សាន្តវិលល្ងាច។ ទេសចរ ដែលសម្បូរជាងគេក្នុងបរិបទកូវីដ-១៩ នេះ គឺជាអ្នកជិះកង់។ ដោយឡែកភ្ញៀវទេសចរផ្សេងទៀត ទៅកម្សាន្តជាលក្ខណៈគ្រួសារនៅតំបន់ទេសចរណ៍កែច្នៃ។


 កន្លែងលក់គុយទាវ ជាប់មាត់ទឹករបស់លោក ហ៊ឺ យូរី

 «ឥឡូវយើងសម្បូរអ្នកចូលចិត្តជិះកង់បែបទេសចរណ៍។ ពួកគាត់ក៏ចូលចិត្តអង្គុយលេងនៅតាមហាងកាហ្វេ ដែលរៀបចំស្អាត។ អ្នកជិះកង់សម្បូរនៅថ្ងៃចុងសប្តាហ៍»។ នេះជាការបញ្ជាក់របស់លោក ជួប សោភ័ណ ដោយបន្តថា ក្នុងបរិបទកូវីដ-១៩ ហាងកាហ្វេតាមផ្លូវជាច្រើនបានកកើតឡើងក្នុងខេត្តកណ្ដាល។ តំបន់ទេសចរណ៍កែច្នៃ ក៏មានបង្កើតថ្មីមួយចំនួនផងដែរ។
 
លោកប្រធានមន្ទីរទេសចរណ៍រូបនេះ អះអាងថា អ្នកជិះកង់ហាត់ប្រាណពិតជាបានរួមចំណែក ឱ្យអាជីវកម្មហាងកាហ្វេ អាហារដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនអាចដំណើរការបានក្នុងបរិបទកូវីដ-១៩។ នាពេលអនាគត កីឡាទេសចរណ៍ជិះកង់ នឹងកាន់តែមានសក្តានុពលក្នុងខេត្តកណ្ដាល។
 
បន្ថែមពីនេះ លោក ហ៊ឺ យូរី ម្ចាស់ហាងគុយទាវកង់រទេះ ក្នុងស្រុកខ្សាច់កណ្ដាល ដែលមានកន្លែងលក់គុយទាវ មីស្រុះ នៅជាប់មាត់ទឹក និងកំពុងល្បីលើបណ្ដាញសង្គម បានប្រាប់សារព័ត៌មានThmeyThmey25 ថាហាងរបស់លោកសម្បូរភ្ញៀវខ្លាំងនៅថ្ងៃចុងសប្តាហ៍ ដែលមានអ្នកជិះកង់ហាត់ប្រាណចូលបរិភោគច្រើន។


 រូបភាពពីកញ្ញា វ៉ែន រស៊្មី
 
លោក យូរី បញ្ជាក់ថា៖ «កាលពីមុនអ្នកជិះកង់គាត់មកច្រើន តែឥឡូវសម្បូរខ្លាំងនៅថ្ងៃសៅរិ៍ អាទិត្យ ។ ភ្ញៀវលក្ខណៈគ្រួសារ និងអ្នកធ្វើការក៏មកច្រើនដែរក្នុងពេលបច្ចុប្បន្ន » ។
 
លោក ហ៊ឺ យូរី អាចលក់គុយទាវ និងមីស៊ុប បានប្រមាណ ២០០ចានក្នុងមួយថ្ងៃសម្រាប់ថ្ងៃធម្មតា។ ដោយឡែក ថ្ងៃចុងសប្តាហ៍ លោកអាចលក់អស់រហូតដល់ ៤០០ចាន ព្រោះមានភ្ញៀវដែលជាអ្នកជិះកង់ជាក្រុមៗ បន្ថែម ក្រៅតែពីភ្ញៀវប្រចាំថ្ងៃ ។
 
យ៉ាងណាមិញលោក ជួប សោភ័ណ ប្រធានមន្ទីរខេត្តកណ្ដាល សប្បាយចិត្តចំពោះការរួមចំណែកលើកស្ទួយអាជីវកម្មទេសចរណ៍ ក្នុងបរិបទកូវីដ-១៩ របស់អ្នកជិះកង់ហាត់ប្រាណ។  លោក ក៏បានអំពាវនាវឱ្យអ្នកទេសចរ និង អ្នកជិះកង់ហាត់ប្រាណ អនុវត្តវិធានសុវត្ថិភាពឱ្យខ្ជាប់ខ្ជួន ទោះបីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ៕ 


 
 លោក ជួប សោភ៏ណ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល






























 

Tag:
 ThmeyThmey25
  កណ្ដាល
  ជិះកង់
© រក្សាសិទ្ធិដោយ thmeythmey.com