កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាមួយចំនួននៅអូឡាំពិកត្រូវពន្យារដោយសារព្យុះ តែអ្នករៀបចំប្រាប់កុំឱ្យបារម្ភ
27, Jul 2021 , 12:29 pm        
រូបភាព
ព្យុះទីហ្វុង Nepartak ត្រូវបានគេព្យាករថា នឹងវាយប្រហារប្រទេសជប៉ុននៅថ្ងៃទី២៧ ខែកក្កដានេះ។ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូអះអាងថា ឥទ្ធិពលគ្រោះធម្មជាតិនេះ នឹងបង្កការរំខានដល់ការប្រកួតមួយចំនួនផងដែរ។


 
កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ បានពន្យាពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩ និងបន្តដំណើរការក្រោមការគំរាមពីជំងឺរាតត្បាតនេះដដែល។ ក្រៅពីកូវដី-១៩ ម្ចាស់ផ្ទះជប៉ុនក៏នឹងត្រូវរងគ្រោះដោយសារឥទ្ធិពលគ្រោះធម្មជាតិមួយទៀតគឺព្យុះទីហ្វុង ដែលនឹងបង្កការលំបាកដល់ប្រភេទកីឡាមួយចំនួនដែលធ្វើនៅក្រៅទីលាន និងឆ្នេរសមុទ្រ។
 
បើយោងតាមការផ្សាយរបស់កាសែត BBC ដោយសារឥទ្ធិពលព្យុះ Nepartak បានធ្វើឱ្យការប្រកួតផ្តាច់ព្រ័ត្រកីឡាជិះស្គីដែលត្រូវធ្វើនៅថ្ងៃទី២៧ ខែកក្កដា ត្រូវពន្យាពេលមួយថ្ងៃវិញ ខណៈកីឡាប្រណាំងទូកមួយចំនួន និងកីឡាបាញ់ព្រួញក៏ត្រូវផ្លាស់ប្តូរថ្ងៃប្រកួតផងដែរ។
 
លោក Masa Takaya អ្នកនាំពាក្យព្រឹត្តិការណ៍កីឡាតូក្យូឆ្នាំ ២០២០ ប្រាប់ឱ្យអត្តពលិកទាំងអស់រក្សាការប្រុងប្រយ័ត្ន ប៉ុន្តែមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ។
«កុំបារម្ភអី Nepartak គ្រាន់តែជាព្យុះត្រូពិកថ្នាក់កណ្តាលប៉ុណ្ណោះ ហើយវាកំពុងចុះខ្សោយហើយដែរ។ ព្យុះនេះ ក៏មិនប៉ះពាល់ខ្លាំងដល់ការប្រកួតនៅតាមតំបន់ឆ្នេរនោះដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Takaya មុនរំលឹថាបើទោះ Nepartak ចុះខ្សោយហើយមែន ប៉ុន្តែវានៅតែជាប្រភេទព្យុះទីហ្វុង ហើយត្រូវតែប្រយ័ត្ន។
 
ព្យុះទីហ្វុង Nepartak ដែលកំពុងចុះខ្សោយ នឹងឆ្លងកាត់ក្រុងតូក្យូនៅថ្ងៃអង្គាទី២៧ ខែកក្កដានេះដែលប៉ះពាល់ដល់តំបន់ភាគខាងជើង និងខាងកើត និងឆ្លងកាត់កោះ Honshu ដែលជាតំបន់រៀបចំទីតាំងការប្រកួតអូឡាំពិកដែរនោះ៕
 

Tag:
 Nepartak
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com