ជាតិ
សហជីពចោទក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាថា គ្មានឆន្ទៈដោះស្រាយបញ្ហាបុគ្គលិក តែក្រុមហ៊ុនបដិសេដ
27, Jul 2021 , 3:14 pm        
រូបភាព
អតីតបុគ្គលិកព្រលានយន្តហោះខេត្តសៀមរាប តវ៉ាឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿននីតិវិធីនៃវិវាទរបស់ពួកគេជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានៅថ្ងៃទី២៣កក្កដា ២០២១។
អតីតបុគ្គលិកព្រលានយន្តហោះខេត្តសៀមរាប តវ៉ាឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿននីតិវិធីនៃវិវាទរបស់ពួកគេជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានៅថ្ងៃទី២៣កក្កដា ២០២១។
ភ្នំពេញ៖ មេសហជីពនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ រួមគ្នាប្ដឹងអគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលមានចេតនារារាំង និងមិនព្រមចរចាអនុសញ្ញារួមជាមួយសហជីព ដើម្បីដោះស្រាយបញ្ហាបុគ្គលិក ដែលត្រូវបានបញ្ឈប់។ ប៉ុន្តែ ភាគីក្រុមហ៊ុនអះអាងថា ការចរចាលើអនុសញ្ញារួម និងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ធ្វើឡើងស្របតាមច្បាប់ហើយ។


 
មេសហជីព បានដាក់ពាក្យបណ្ដឹងទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០កក្កដា ដោយប្ដឹងលោក ឡាំង ប្រ៊ង អគ្គនាយក និង លោក ហ្វីលីព អារ៉ូហ្សូ អគ្គលេខាធិកា នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា(Cambodia Airports/VINCI/SCA/CAMS)។ ក្នុងបណ្ដឹងលើបុគ្គលទាំងពីរនេះ ពាក់ព័ន្ធករណី«មានចេតនារារាំងនិងមិនស្មោះត្រង់ក្នុងការចរចាអនុសញ្ញារួម និងការកាត់ប្រាក់ឈ្នួលរបស់កម្មករ និយោជិតតាមអំពើចិត្ត និងបញ្ឈប់កម្មករចំនួន១៣១នាក់ ដោយមិនគោរច្បាប់ស្ដីពីការងារ»។ 
 
ពាក្យបណ្ដឹងនេះ គឺមានលោក សូ សៅបឿន ប្រធានសហជីពកម្មករនិយោជិតឯករាជ្យ នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ, លោក រ៉ង រ៉ាវ៉ាន់ ប្រធានសហជីពកម្មករឧស្សាហកម្មទេសចរណ៍កម្ពុជា នៃព្រលានយន្តហោះសៀមរាប និងលោក ទន់ សុអង្គ ប្រធានសហជីពកម្មករនិយោជិត នៃក្រុមហ៊ុនព្រលានយន្តហោះព្រះសីហនុ ។ មេសហជីពទាំងនេះ បានអះអាងថា ក្រុមហ៊ុនរិះរកគ្រប់មធ្យោបាយ ដើម្បីរំលាយសហជីព និងរារាំងមិនឲ្យចរចាអនុសញ្ញារួមថ្មី។ 
 
ត្រង់ចំណុចនេះ លោក សូ សៅបឿន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២៧ កក្កដា ថា ភាគីក្រុមហ៊ុនមានល្បិចច្រើន ហើយគ្មានឆន្ទៈចរចាឡើយ ដោយអូសបន្លាយពេលជាង៣ឆ្នាំមកហើយ។ លោកថ្លែងយ៉ាងដូច្នេះថា៖«ពេលដាក់ស្នើសុំចរចា ក្រុមហ៊ុនមានលេសចាំចរចារួម ជាមួយទាំងសាខានៅភ្នំពេញ ព្រះសីហនុ និងសៀមរាប។ ហើយក៏ធ្វើទុក្ខបុកម្ទេញខាងសហជីពជាហូរហែ ហើយពេលចរចាភាគីក្រុមហ៊ុន ទៅឲ្យតែមានវត្តមាន ដោយគ្មានចិត្តស្មោះត្រង់[ចរចា] រហូតដល់ផ្អាកការចរចាដោយឯកតោភាគី។ ប្រហែលខាងក្រុមហ៊ុនខ្លាចបាត់ប្រយោជន៍ ទើបមិនមានឆន្ទៈចរចា អនុសញ្ញារួមថ្មី ដែលជាលក្ខណៈការងាររវាងបុគ្គលិក និងក្រុមហ៊ុនឡើងវិញ»។ 
 
ជុំវិញករណីនេះ លោក ខែក ណូរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានអះអាង គ្រប់យ៉ាងមិនពិតដូចការលើកឡើង របស់ភាគីសហជីពឡើយ។ បើតាមលោក ណូរិនដា ភាគីក្រុមហ៊ុន តែងធ្វើការជាមួយក្រសួងការងារ និងរង់ចាំជួបពិភាក្សាគ្នា។ 
 
នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជារូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាម អ៊ីម៉ែលយ៉ាងដូច្នេះថា៖ «យើងបានលើកឡើងនូវចំណុចបច្ចេកទេសមួយចំនួន ជាមួយក្រសួងការងារ ហើយកំពុងរង់ចាំការបំភ្លឺពីពួកគេ។ យើងរង់ចាំបន្តការពិភាក្សាលើកិច្ចព្រមព្រៀង ដែលត្រូវបានពន្យារពេល ដោយសារវិធានរបស់សុខាភិបាល»។ 
 
ពាក់ព័ន្ធនឹងវិវាទនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឡើយ។ 
 
សហជីពចោទក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាថា ចង់បំបាត់សំឡេងសហជីព និងធ្វើទុក្ខបុគ្គលិក
 
ក្នុងពាក្យបណ្ដឹងសហជីពដដែល បានបញ្ជាក់ថា ចាប់តាំងខែមេសា ឆ្នាំ២០២០ អគ្គនាយកក្រុមហ៊ុនបានប្រកាសកាត់ប្រាក់ឈ្នួល ដោយឯកតោភាគី និងមិនបានអនុវត្តតាមច្បាប់ការងារឡើយ ពោលគឺគ្មានការចរចាជាមួយភាគីសហជីព។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ឲ្យអតីតបុគ្គលិក ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ តាមច្បាប់ការងារឡើយ ហើយថែមទាំងគ្មានប្រាក់សងជំងឺចិត្តទៀតផង។ នេះជាការបញ្ជាក់របស់លោក រ៉ង រ៉ាវណ្ណ ប្រធានសហជីពកម្មករឧស្សាហកម្មទេសចរណ៍កម្ពុជា នៃព្រលានយន្តហោះសៀមរាប ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
 
ប្រធានសហជីពរូបនេះ បានបន្ថែមថា ៖«ប្រាក់សំណងខាងក្រុមហ៊ុនគុណតែប្រាក់ខែគោល មិនបានបូកបញ្ចូលជាមួយប្រាក់បន្ទាប់បន្សំ ហើយគ្មានពិភាក្សាជាមួយខាងសហជីពទេ។ សម្រេចតែម្នាក់ឯង ហើយបញ្ជូលលុយចូលគណនីបុគ្គលិក ដែលត្រូវបញ្ឈប់តែម្ដង។ ពួកខ្ញុំមិនទាន់ព្រមព្រៀងនោះទេ ហើយវិវាទនេះ ជាប់គាំងតាំងពីថ្ងៃ២២ កុម្ភៈមក»។ 
 
ជុំវិញប្រាក់សំណងលើអតីតបុគ្គលិកនេះ នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក ខេក ណូរិនដា បានបញ្ជាក់ថា ក្រុមហ៊ុនបានបញ្ចូលប្រាក់ទាំងនោះ ចូលគណនីធនាគាររបស់ពួកគេហើយ។ លោកអះអាងថា ក្រុមហ៊ុនអនុវត្តតាមច្បាប់ ដោយមានការឃ្លាំងមើលពីក្រសួងការងារ។ 
 
ចំណែក លោក ចិន្តា សុខុម ប្រធានមន្ទីរការងារខេត្តសៀមរាប ក៏បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដែរថា ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពិតជាបានបង់ប្រាក់សំណង ទៅឲ្យអតីតបុគ្គលិកទាំងនោះ។ ចំណែករឿងពាក់ព័ន្ធផ្សេងទៀត លោកស្នើឲ្យសាកសួរខាងក្រសួងការងារ ព្រោះសំណុំរឿងនេះ ខាងក្រសួងជាអ្នកកាន់។ 
 
អតីតបុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា នៅសៀមរាប ប្រមាណ១៣០នាក់ ដែលត្រូវបានបញ្ឈប់នេះ គឺមាន៨០ភាគរយ ជាសមាជិកសហជីពកម្មករឧស្សាហកម្មទេសចរណ៍កម្ពុជា។ លោក រ៉ង រ៉ាវណ្ណ ចាត់ទុកទង្វើភាគីក្រុមហ៊ុននេះ ជាចេតនាបំបាត់សំឡេងសហជីព។ ក្រៅពីសៀមរាបនេះ បុគ្គលិកក្រុមហ៊ុននៅភ្នំពេញ និងព្រះសីហនុ ក៏ជួបបញ្ហាដូចគ្នាដែរ។ 
 
ពាក់ព័ន្ធនឹងចំណុចនេះ លោក ណូរិនដា បកស្រាយថា ភាគីក្រុមហ៊ុនរៀបចំរចនាសម្ព័នឡើងវិញ ព្រោះរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក្រោយគ្មានសកម្មភាពដំណើរការអាជីវកម្ម។ លោក ណូរិនដា បានបញ្ជាក់ថា ការរៀបចំឡើងវិញនេះ គឺអនុវត្តតាមច្បាប់។ 
 
នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាគោលការណ៍ក្រុមហ៊ុន យើងមិនសំដៅទៅលើសហជីពទេ។ យើងគោរពតាមច្បាប់។ ការពិត ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ទាក់ទងនឹងសេវាកម្មអាកាសយានដ្ឋាន ដែលភាគច្រើនរងផលប៉ះពាល់ ដោយសារគ្មានសកម្មភាពដំណើរការអាជីវកម្ម ជាពិសេសបុគ្គលិកនៅផ្នែកសេវាកម្មផ្ទាល់ដីខាងក្រោម ដែលជាក្រុមនៃសមាជិកសហជីព»។
 
តែយ៉ាងណាសហជីព មើលឃើញថា ភាគីក្រុមហ៊ុន កំពុងយកបញ្ហាកូវីដ-១៩ ធ្វើជាលេស ដើម្បីកាត់បុគ្គលិក ដែលធ្លាប់ជួយរកប្រាក់ចំណេញ រាប់ម៉ឺនលានដុល្លារឲ្យក្រុមហ៊ុន ។ 
 
លោក សូ សៅបឿន ប្រធានសហជីពកម្មករនិយោជិតឯករាជ្យ នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានសង្កត់ធ្ងន់ថា ៖«ភាគីក្រុមហ៊ុន មិនដែលពិភាក្សាជាមួយសហជីពឡើយ រាល់ការសម្រេចណាមួយ ពាក់ព័ន្ធនឹងប្រាក់ឈ្នួល និងសិទ្ធិការងារ។ ពេលលើកបញ្ហាទៅក្រសួង មិនដែលឃើញក្រសួងចុះអធិការកិច្ចស៊ើបអង្កេត ឲ្យច្បាប់លាស់ លើរឿងណាមួយឡើយ។ ហើយក្រសួងភាគច្រើន តែចាត់វិវាទពួកយើងជាវិវាទបុគ្គល។ ក្រសួង ហាក់មានទំនោរទៅក្រុមហ៊ុន»។ 
 
បើតាមលោក សូ សៅបឿន បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានបុគ្គលិក៣០០ កំពុងរងការធ្វើទុក្ខបុកម្ទេញ ក្នុងចំណោមបុគ្គលិកជាង១០០០នាក់។ 
 
ក្រុមមេសហជីពទាំងនោះ បានទាមទារឲ្យក្រុមហ៊ុន ចុះហត្ថលេខាលើកំណត់ហេតុចរចាអនុសញ្ញារួម និងទទួលយកសំណើ៣ចំណុច រួមមានកំណត់ម៉ោងការងារប្រចាំថ្ងៃ ត្រឹម៨ម៉ោង, អនុវត្តកិច្ចព្រមព្រៀងស្ដីពីការងារពហុជំនាញ និងដំឡើងប្រាក់បៀវត្ស តាមអតិផរណាថ្លៃទំនិញរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ សហជីពស្នើឲ្យក្រុមហ៊ុន ទទួលអតីតបុគ្គលិក១៣១នាក់ ដែលពួកគេអះអាងថា ក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់នៅសៀមរាប ឲ្យចូលធ្វើការវិញ រួមទាំងទូទាត់ប្រាក់រំលឹក ចាប់ពីថ្ងៃឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ។ ក្រៅពីនេះ ពួកគេទាមទារឲ្យក្រុមហ៊ុនសងប្រាក់ឈ្នួល ប្រាក់ឧបត្ថម្ភខែទី១៣ និងប្រាក់បន្ទាប់បន្សំផ្សេងៗ ដែលក្រុមហ៊ុនបានកាត់ដោយខុសច្បាប់ ចាប់ពីខែមេសា ឆ្នាំ២០២០ដល់បច្ចុប្បន្ន។
 
ចាប់ពីខែមីនាឆ្នាំ២០២០ នៅអាកាសយានដ្ឋានសៀមរាប ជួបបញ្ហាភ្ញៀវធ្លាក់ចុះ ប្រមាណ៩០ភាគរយ ដោយក្នុងមួយសប្ដាហ៍ មានជើរហោះហើរ១ ទៅ២ជើងប៉ុណ្ណោះ។ រយៈពេល៦ខែ ឆ្នាំ២០២១នេះ គឺធ្លាក់ចុះ៩៩,៩ ហើយប្រមាណ១ ទៅ២ខែនេះ គឺគ្មានទាល់តែសោះ។ នេះបើតាមការបញ្ជាក់របស់លោក ខែក ណូរិនដា ។
 
នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជារូបនេះ បានបន្ថែមថា៖ «ដល់ពេលហើយ ដែលថ្នាក់ដឹកនាំសហជីព ត្រូវដោះស្រាយវិបត្ តិនិងការលំបាកនៅសហគមន៍អាកាសយានដ្ឋានទាំងមូល ដើម្បីជាការយោគយល់គ្នាទៅវិញទៅមក»។
 
ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានភាគហ៊ុនពីរ គឺក្រុមហ៊ុន VINCI Airports របស់បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជា និងម៉ាឡេស៊ី។ 
 
ក្រោមភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួលបានសម្បទានវិនិយោគ លើការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ៕
 
 
 
 
 
 
 

Tag:
 វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com