COVID-19
ជាតិ
ក្រសួងសុខាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩
27, Jul 2021 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា សរសេរលិខិតទៅបណ្តាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ អាចស្នើសុំ​ការ​នាំចូល​វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។



ក្នុងលិខិត​របស់ខ្លួន លោក ម៉ម ប៊ុន​ហេង បាន​បញ្ជាក់ថា ក្រុមហ៊ុននាំចេញ​នាំចូលទាំងអស់អាច​ស្នើ​សុំ​ការនាំ​ចូល​វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ចែកចាយ​ ចាក់តាម​ទីកន្លែង​ផ្តល់សេវាសុខាភិបាល​ឯកជនស្របច្បាប់ ​ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស ដោយ​ប្រតិបត្តិ​ឲ្យបាន​ត្រឹម​ត្រូវ​ តាម​ស្តង់ដារបច្ចេក​ទេស​ក្នុងការដឹកជញ្ជូន ការថែរក្សា និង​ការស្តុក​វ៉ាក់សាំង​នៅ​ក្នុង​ឃ្លាំង។

«សូម​លោក​ស្រីប្រធានគ្រឹះស្ថាន​អាហរ័ណ នីហរ័ណឱសថ ដែលមាន​បំណង​នាំចូល​វ៉ាក់សាំងកូវីដ-១៩ ត្រូវ​រៀបចំ​ឯកសារសុំនាំចូល ​តាមបែបបទ​បច្ចេកទេស​របស់ក្រសួង​សុខា​ភិ​បាល​»។ នេះជាការ​បញ្ជាក់រ​បស់​លោករដ្ឋមន្ត្រី។

បច្ចុប្បន្ន កម្ពុជា​ប្រើ​ប្រាស់វ៉ាក់សាំង​៣ប្រភេទ ដែលសុទ្ធតែទទួលស្គាល់ដោយ WHO ក្នុងនោះមាន ស៊ីណូហ្វាម ស៊ីណូវ៉ាក់ និង AstraZeneca។ វ៉ាក់សាំងផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មាន Jonhson & Jonhson, Pfizer-BioNTech, Moderna៕

© រក្សាសិទ្ធិដោយ thmeythmey.com