ជាតិ
សេដ្ឋកិច្ច
ការនាំចេញស្រូវពីខេត្តតាកែវ ទៅវៀតណាមកើនឡើង តែតម្លៃស្រូវទាប
27, Jul 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ១សប្ដាហ៍ហើយ ច្រកព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងខេត្តព្រៃវែង បានផ្អាកបណ្ដោះអាសន្ន ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ប៉ុន្តែ ការនាំចេញស្រូវទៅប្រទេសវៀតណាមតាមច្រកព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ មានចន្លោះពី៤ទៅ៩ពាន់តោនក្នុងមួយថ្ងៃៗ។

 
ខេត្តតាកែវ មានច្រកព្រំដែនចំនួន២ ដែលអាចនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាម។ ក្នុងនោះមានច្រកព្រំដែនអន្តរជាតិភ្នំដិន តែងនាំស្រូវចេញទៅវៀតណាម ក្នុងបរិមាណ ៣០០០តោន ទៅ ៤០០០តោន ក្នុងមួយថ្ងៃ។ ដោយឡែក ច្រកតំបន់កំពង់ក្រសាំង ជាមធ្យមអាចនាំស្រូវទៅប្រទេសវៀតណាម ក្នុងបរិមាណ ៣០០តោន ទៅ ៥០០តោន ក្នុងមួយថ្ងៃ។
 
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ប្រាប់ ThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី២៧ ខែកក្កដា ថា ស្រូវដែលនាំចេញទៅវៀតណាម គឺជាស្រូវស្រាលមិនប្រកាន់រដូវ ប្រភេទIR និង ប្រភេទOM។ តម្លៃស្រូវនាំចេញជាមធ្យម ៧៧០រៀល ទៅ ៨០០រៀល ក្នុងមួយគីឡូក្រាម។
 
ចាប់ពីថ្ងៃទី១៥ ខែកក្កដា មក ច្រកព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅខេត្តព្រៃវែង ត្រូវបានបិទ ធ្វើឱ្យស្រូវមួយចំនួនត្រូវបង្វែរមកតាមច្រកព្រំដែន នៅខេត្តតាកែវ វិញ។ លោក ស្រ៊ន បានរៀបរាប់បែបនេះ៖«ពេលនេះច្រកព្រំដែនភ្នំដិន កំពុងចាល់ស្រូវ ព្រោះស្រូវបុកមកពីខេត្តផ្សេងច្រើន។ ធ្លាប់តែមួយថ្ងៃនាំចេញស្រូវ ៣ ០០០តោន ទៅ ៤ ០០០តោន ឥលូវមួយថ្ងៃនាំចេញ ៥០០០តោន ទៅ ៦០០០តោន។ ថ្ងៃខ្លះកើនរហូត ៩០០០តោន»។
 


រូបភាពពីក្រសួងកសិកម្ម

ខេត្តមួយចំនួន ដែលកំពុងសម្រុកនាំស្រូវ ចេញតាមខេត្តតាកែវ មានខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ជាដើម។ លោកប្រធានមន្ទីរខេត្តតាកែវ បានបន្ថែមថា៖«សម្រាប់កសិករ ក្នុងខេត្តតាកែវ មិនទាន់មានបញ្ហាប្រឈមខ្លាំង ដូចកសិករខេត្តដទៃនៅឡើយ។ តែខេត្តដទៃ តម្លៃស្រូវអាចធ្លាក់ជាងនេះ ព្រោះត្រូវដឹកមកពីខេត្តឆ្ងាយៗ»។
 
ក្រៅពីការនាំចេញស្រូវទៅវៀតណាម រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តតាកែវមួយចំនួន ក៏បានជួយទិញស្រូវកសិករខ្លះដែរ ដើម្បីជួយដោះស្រាយបញ្ហាជូនកសិករ។ ប៉ុន្តែរោងម៉ាស៊ីនទាំងនោះ ទិញស្រូវ ក្នុងបរិមាណតិចតួចនៅឡើយ ដោយកំណត់ប្រមាណ ១០០តោន ក្នុងមួយថ្ងៃ។
 
ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានលើកឡើងថា រោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកសហព័ន្ធ នៅតែបន្តទិញស្រូវពីកសិករ ដើម្បីសម្រួលជូនកសិករ ក្នុងតម្លៃសមស្របមួយជាមួយទីផ្សារ ទៅតាមលទ្ធភាពឡសម្ងួត។
 
លោក លន់ យ៉េង បានរៀបរាប់ដូច្នេះ៖«ទីផ្សារស្រូវប្រសើរបន្តិចវិញហើយ ព្រោះច្រកព្រំដែនមួយចំនួនដំណើរការវិញ។ សមាជិកសហព័ន្ធទិញស្រូវតាមធម្មតា ទិញតាមតម្លៃទីផ្សារ និងតាមប្រភេទស្រូវ។ គេទិញប៉ុណ្ណា រោងម៉ាស៊ីនទិញប៉ុណ្ណឹង»។
 
ការនាំចេញស្រូវកើនឡើងតាមច្រកព្រំដែនអន្តរជាតិភ្នំដិននេះ ជាសញ្ញាល្អប្រសើរបន្តិច។ ប៉ុន្តែសម្រាប់ ច្រកព្រំដែនបន្ទាយចក្រីវិញក្នុងខេត្តព្រៃវែងវិញ នៅតែបន្តបិទ ដែលបណ្ដាលឱ្យស្រូវរបស់កសិករជាច្រើនតោនមិនអាចលក់ចេញបាន។ អំឡុងពេលច្រកព្រំដែន រវាងកម្ពុជា-វៀតណាម ត្រូវបានបិទ តម្លៃស្រូវរបស់កសិករធ្លាក់ចុះរហូត ៦៥០រៀល ក្នុងមួយគីឡូក្រាម៕
 
 
 

Tag:
 តាកែវ
 តម្លៃស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com