អន្តរជាតិ
សង្រ្គាមគ្រឿងញៀន! លោក ឌូទើតេ ប្រាប់ ICC ថា នឹងបន្តប្រឆាំងអ្នកបំផ្លាញជាតិ
27, Jul 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងសុន្ទរកថានៅថ្ងៃទី២៦ ខែកក្កដា។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងសុន្ទរកថានៅថ្ងៃទី២៦ ខែកក្កដា។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២៦ ខែកក្កដា បានប្រកាសថា សង្រ្គាមប្រឆាំងគ្រឿង ញៀន នឹងមិនបញ្ចប់ក្នុងពេលខាងមុខឆាប់ៗឡើយ ហើយរដ្ឋាភិបាលនៅតែបន្តលុបបំបាត់ការជួញដូរ គ្រឿងញៀននេះទៀត។ យុទ្ធនាការនេះ ក៏ធ្វើឱ្យលោក ឌូទើតេ ប្រឈមមុខការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) តែលោកមិនបានអើពើឡើយ។

 
សង្រ្គាមប្រឆាំងនឹងគ្រឿងញៀននៅហ្វីលីពីនបានចាប់ផ្ដើមក្នុងឆ្នាំ២០១៦ ក្រោយលោក រ៉ូឌ្រីហ្គោ ឌូទើតេ ឡើងធ្វើជាប្រធានាធិបតី។ មនុស្សរាប់ពាន់នាក់ បានស្លាប់ក្រោមយុទ្ធនាការកណ្ដាប់ដៃដែករបស់លោក ឌូទើតេ ដែលចង់បោសសម្អាតគ្រឿងញៀនឱ្យអស់ពីហ្វីលីពីន។ យុទ្ធនាការក៏រងការរិះគន់ខ្លាំងពីអន្តរជាតិ ពិសេសក្រុមអង្គការសិទ្ធិមនុស្ស។ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អះអាងថា នេះជាទង្វើ ឧក្រិដ្ឋកម្ម ហើយត្រៀមបើកការស៊ើបអង្កេតពេញលេញមួយផងដែរ។
 
«ពួកយើងនៅមានផ្លូវវែងឆ្ងាយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន»។ លោក ឌូទើតេ លើកឡើងបែបនេះក្នុងសុន្ទរកថាទៅកាន់សភាថ្ងៃទី២៦ ខែកក្កដា ដែលជាសុន្ទរកថាចុងក្រោយរបស់លោកមុនបញ្ចប់អាណត្តិប្រធានាធិបតី។ លោក ឌូទើតេ បន្ថែមថា សង្រ្គាមប្រឆាំង គ្រឿងញៀននេះបានធ្វើឱ្យឧក្រិដ្ឋកម្មរជួញដូរគ្រឿងញៀនធ្លាក់ចុះ និងបានធ្វើឱ្យសន្តិភាព និងសណ្ដាប់ ធ្នាប់សង្គមមានភាពប្រសើរឡើងវិញ។
 
កាលពីខែមិថុនាកន្លងទៅ រដ្ឋអាជ្ញា ICC ចង់បើកស៊ើបអង្កេតពេញលេញលើសង្រ្គាមប្រឆាំង គ្រឿងញៀននៅហ្វីលីពីន ដោយសង្កត់ធ្ងន់ថា យុទ្ធនាការនេះមានទាក់ទិននឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ានីលបដិសេធសហការ ហើយក៏បានដកខ្លួនចេញពីរដ្ឋភាគីរបស់តុលាការមួយនេះទៀតផង។
 
ក្នុងសុន្ទរកថាដដែល ប្រធានាធិបតីហ្វីលីពីនមាត់ឆៅរូបនេះ ក៏មិនបដិសេធការសម្លាប់មនុស្សដែរ ហើយលោកក៏អះអាងប្រាប់ ICC វិញថា លោកប្រឆាំងអ្នកណាដែលបំផ្លាញហ្វីលីពីនប៉ុណ្ណោះ។ 
 
«ខ្ញុំមិនដែលបដិសេធឡើយ។ ICC អាចកត់សម្ដីបាន។ អ្នកណាបំផ្លាញប្រទេសខ្ញុំ ខ្ញុំនឹងសម្លាប់ចោល។ អ្នកដែលបំផ្លាញយុវជននៃប្រទេសយើង ខ្ញុំនឹងសម្លាប់ចោលតែម្ដង ព្រោះខ្ញុំស្រឡាញ់ប្រទេសខ្ញុំ។» លោក ឌូទើតេ ថ្លែងបែបនេះដើម្បីការពារយុទ្ធនាការបោសសម្អាតគ្រឿងញៀនក្នុងប្រទេស។ 
 
កន្លងមក ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់លោក ឌូទើតេ ពីបទញុះញង់ឱ្យមានអំពើហិង្សាសម្លាប់ មនុស្ស ខណៈប៉ូលិសសម្លាប់ជនសង្ស័យទាក់ទងគ្រឿងញៀនដែលមិនមានអាវុធ ហើយប៉ូលិសបាន បង្កើតជាឈុតឆាកឧក្រិដ្ឋកម្មទ្រង់ទ្រាយធំទៀតផង។ ប៉ុន្ដែប៉ូលិសជាតិហ្វីលីពីនបានបដិសេធរឿងនេះ ហើយលោក ឌូទើតេ ក៏បញ្ជាក់ថា ប៉ូលិសធ្វើបែបនេះសម្រាប់ការការពារខ្លួនតែប៉ុណ្ណោះ៕
 
 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com