កីឡាអន្តរជាតិ
អន្តរជាតិ
Tokyo 2020៖ កីឡាការិនីអាហ្សង់ទីនចាញ់ការប្រកួត តែបានចិញ្ចៀនភ្ជាប់ពាក្យពីគ្រូបង្វឹក
27, Jul 2021 , 7:29 pm        
រូបភាព
Maria Belen Perez Maurice កីឡាការិនីកីឡាចាក់សាប បានបាត់ឱកាសដណ្តើមមេដាយនៅអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ប៉ុន្តែនាងបែរជាឈ្នះមេដាយមាសជីវិតស្នេហាពីគ្រូបង្វឹករបស់ខ្លួន។


កីឡាការិនី Perez Maurice របស់អាហ្សង់ទីន បានធ្លាក់ចេញពីការប្រកួតកីឡាចាក់សាបក្រោយចាញ់កីឡាការិនីហុងគ្រី Anna Marton ក្នុងលទ្ធផល ១៥-១២ នៅថ្ងៃទី២៦ ខែកក្កដា។ ចាញ់ការប្រកួតមែន ប៉ុន្តែភាពភ្ញាក់ផ្អើលបានកើតឡើង ក្រោយអត្តពលិកវ័យ៣៦ឆ្នាំរូបនេះ ទទួលបាចិញ្ចៀនសុំរៀបការពីគ្រូបង្វឹករបស់នាងផ្ទាល់។ 
 
អំឡុងពេល Perez Maurice ធ្វើបទសម្ភាសក្រោយការប្រកួត លោក Lucas Guillermo Saucedo ដែលជាគ្រូបង្វឹក បានលើកបដាដែលសរសេរដោយដៃជាភាសាអេស្ប៉ាញថា «តើអ្នករៀបការជាមួយខ្ញុំទេ?»។ បន្ទាប់មកលោក Saucedo បានលុតជង្គង់ម្ខាងដើម្បីសុំសិស្សរបស់ខ្លួនលរៀបការ។
 

 
 
វីដេអូបង្ហាញពីសកម្មភាពគូសង្សារវាងសិស្សនិងគ្រូនៅអូឡាំពិកតូក្យូឆ្នាំ២០២០ ដែលគេជឿជាក់ថាមានទំនាក់ទំនងស្នេហារយៈពេល១៧ឆ្នាំមកហើយ បានចែកចាយពាសពេញបណ្តាញអ៊ីនធឺណិត។ ក្នុងវីដេអូនោះ Perez Maurice ស្រែកខ្លាំងៗព្រោះភ្ញាក់ផ្អើលនឹងទង្វើមិត្តប្រុសវ័យ៥១ឆ្នាំ មុនពេលទទួលយកសំណើររៀបការ។
 
Perez Maurice ដែលធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Pan American Championships ឆ្នាំ ២០១៤ និងបានចូលរួមអូឡាំពិកក្រុងឡុងដ៍ ឆ្នាំ២០១២ និងក្រុងរីយ៉ូ ២០១៦ នៅប្រេស៊ីល ប្រាប់អ្នកយកព័ត៌មានថា៖ «ពួកយើងពិតជារីករាយណាស់។ យើងជាដៃគូល្អណាស់។ ពិតណាស់យើងមានការប្រយុទ្ធគ្នា ប៉ុន្តែយើងរីករាយនឹងពេលវេលានៅជាមួយគ្នា។ យើងស្រឡាញ់គ្នាខ្លាំងណាស់ហើយយើងចង់ចំណាយពេលវេលាជាមួយគ្នារហូតទៅ»។
 
លោកគ្រូបង្វឹក Saucedo ក៏បានរៀបរាប់ដែលថាលោកធ្លាប់បានស្នើសុំដៃគូ Perez Maurice រៀបការនៅក្រុងប៉ារីស បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯកចាក់សាពិភពលោកឆ្នាំ ២០១០ ប៉ុន្តែសិស្សបដិសេធ។ កាលនោះ Perez Maurice អះអាងថា គ្រូរបស់ខ្លួននៅក្មេងពេក៕
 

Tag:
 Maria Belen Perez Maurice
  ចាក់សាប
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com