ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដៃឆ្វេងស្តាំលោក កឹម សុខា គ្រប់គ្រងបក្សថ្មីម្នាក់មួយ
27, Jul 2021 , 9:59 pm        
រូបភាព
លោក ប៉ុល ហំម (រូបដោយសហការី), លោក កឹម សុខា (រូបពីទំព័រហ្វេសប៊ុករបស់លោក), និង លោក យ៉ែម បុញ្ញឫទ្ធិ
លោក ប៉ុល ហំម (រូបដោយសហការី), លោក កឹម សុខា (រូបពីទំព័រហ្វេសប៊ុករបស់លោក), និង លោក យ៉ែម បុញ្ញឫទ្ធិ
តើគណបក្សថ្មី ដែលបង្កើតឡើងដោយមនុស្សជំនិតរបស់លោក កឹម សុខា ត្រៀមទុកឲ្យលោក ទៅដឹកនាំ ឬជាការប្រេះឆា?

 
លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សដ៏ជំនិត ដែលអាចទុកជាដៃឆ្វេងដៃស្តាំរបស់លោក កឹម សុខា បានចេញទៅគ្រប់គ្រងគណបក្សថ្មីម្នាក់មួយ ស្របពេលការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅឆ្នាំ២០២២ កាន់តែខិតមកជិតដល់។ លោក ប៉ុល ហំម ជាប្រធានគណបក្សកែទម្រង់កម្ពុជា ឯលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្សកម្ពុជានិយម។ 
 
គណបក្សកែទម្រង់កម្ពុជា គឺលោក អ៊ូ ច័ន្ទរ័ត្ន ជាអ្នកចេញមុខមុនគេ ក្នុងការប្រកាសបង្កើតឡើងតាំងពីដើមឆ្នាំ២០២១មកម្ល៉េះ។ មកដល់ពេលនេះ គណបក្សកែទ្រង់កម្ពុជា ជិតបានធ្វើសកម្មភាពនយោបាយពេញលេញហើយ ដោយរង់ចាំតែក្រសួងមហាផ្ទៃ ចុះក្នុងបញ្ជីគណបក្សជាផ្លូវការ នៅពេលខាងមុខដ៏ខ្លីប៉ុណ្ណោះ។ ចំណែក គណបក្សកម្ពុជានិយមវិញ ទើបតែប្រកាសបង្កើត និងទើបតែបានដាក់សំណើសុំបង្កើត ទៅក្រសួងមហាផ្ទៃនៅពាក់កណ្តាលឆ្នាំ២០២១នេះទេ។  
 
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ការបង្កើតគណបក្សកែទម្រង់កម្ពុជា មិនមែនជាការបង្កើតបម្រុង សម្រាប់ទុកឲ្យលោក កឹម សុខា ទៅដឹកនាំឡើយ។ លោក អះអាងថា ការបង្កើតគណបក្សនេះ គឺដើម្បីប្រមូលកម្លាំងថ្មី ត្រៀមចូលរួមប្រកួកប្រជែងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ ទោះមានវត្តមានឬគ្មានវត្តមានរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ក៏ដោយ។ 
 
លោក បន្តថា ការបង្កើតគណបក្សកែទម្រង់កម្ពុជា ក៏ដើម្បីរួមចំណែកស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញដែរ។ លោក មានប្រសាសន៍ថា៖«បើយើង មិនធ្វើអ្វីសោះ ស្ថានការណ៍ មិនអាចប្រសើរឡើងទេ»។
 
យ៉ាងណាក៏ដោយ លោក អះអាងថា បើ លោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ គណបក្សកែទម្រង់កម្ពុជា នឹងមិនប្រជែងជាមួយលោក កឹម សុខា ឡើយ។ លោក ថ្លែងថា គណបក្សកែទម្រង់កម្ពុជា អាចនឹងបញ្ឈប់សកម្មភាព ហើយថ្នាក់ដឹកនាំនៃគណបក្សនេះ អាចនឹងទៅចូលរួមជាមួយលោក កឹម សុខា វិញ។  
 
ចំពោះរចនាសម្ព័ន្ធដឹកនាំគណបក្ស លោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់អាចបង្ហាញលម្អិតឡើយ ក្រៅតែពីតំណែងប្រធានគណបក្សរបស់លោក ប៉ុល ហំម។ សូម្បីតែតំណែងរបស់លោកផ្ទាល់ជាអ្វី នៅក្នុងគណបក្ស ក៏លោក មិនទាន់ដឹងច្បាស់ដែរ។ លោក បានត្រឹមតែប្រាប់ថា រចនាសម្ព័ន្ធដឹកនាំ នឹងត្រូវបានលាតត្រដាង នៅពេលគណបក្សធ្វើសមាជ នៅខែតុលា ឆ្នាំ២០២១។ 
 
លោក លើកឡើងថា ការសម្រេចជ្រើសរើសលោក ប៉ុល ហំម ជាប្រធានគណបក្សកែទម្រង់កម្ពុជា គឺដោយសារតែលោក ប៉ុល ហំម ជាអ្នកនយោបាយ ដែលមានឥស្សរភាពខ្ពស់ ហើយលោក ក៏ជាអ្នកតស៊ូម្នាក់ដែរ ដូចជា ធ្លាប់តស៊ូនៅតាមព្រំដែនជាដើម។ ជាមួយគ្នានេះ លោក បានរំលេចពីគុណសម្បត្តិរបស់លោក ប៉ុល ហំម ថាជាមនុស្សស្អាតស្អំ មានសីលធម៌ខ្ពស់ និង មិនលោភលន់។ លោក បន្ថែមថា ម្យ៉ាងទៀត អ្នកដែលគាំទ្រគណបក្សកែទម្រង់កម្ពុជាភាគច្រើន គាំទ្រឲ្យលោក ប៉ុល ហំម ធ្វើជាប្រធាន។ 
 
លោក ញែម បុញ្ញឫទ្ធ ដែលកំពុងរស់នៅឯក្រៅប្រទេស ផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រុមយុវជន បញ្ញវន្ត ដោយរួមទាំងលោកផង ជាអ្នករួមគំនិតគ្នាបង្កើតគណបក្សកម្ពុជានិយម។ លោក មិនបញ្ជាក់ថាឡើយថា គណបក្សកម្ពុជានិយម ត្រូវបានបង្កើតឡើងសម្រាប់ទុកឲ្យលោក កឹម សុខា ឬយ៉ាងណា។ ចំពោះចម្ងល់ដែលថា គណបក្សនេះ មានការពាក់ព័ន្ធជាមួយលោក កឹម សុខា និង លោក សម រង្ស៊ី ឬក៏អត់ លោក យ៉ែម បុញ្ញឫទ្ធិ មិនអធិប្បាយនោះទេ ដោយលោក សុខចិត្តទុកឲ្យប្រជាពលរដ្ឋ ជាអ្នកសង្កេតមើលដោយខ្លួនឯង។  
 
លោក យ៉ែម បុញ្ញឫទ្ធិ ផ្តល់ព័ត៌មានថា លោក នឹងវិលចូលកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីដឹកនាំគណបក្សកម្ពុជានិយម ហើយលោក បង្ហាញការជឿជាក់ថា គណបក្សថ្មីរបស់លោក នឹងអាចរៀបចំកម្លាំងទាន់ពេលវេលា ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២។ 
 
កាលអតីតគណបក្សសង្គ្រោះជាតិ នៅធរមាន លោក សម រង្ស៊ី ជាប្រធានមុនគេ ហើយក្រោយមក តំណែងប្រធាន ត្រូវប្រគល់ជូនលោក កឹម សុខា ដោយមានអនុប្រធានដល់ទៅ៣នាក់ គឺអ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង លោក អេង ឆៃអ៊ាង។ លោក យ៉ែម បុញ្ញឫទ្ធិ នាពេលនោះ គឺជាអ្នកនាំពាក្យអតីតគណបក្សសង្គ្រោះជាតិ។

លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ គឺជាអ្នកដើរតាមលោក កឹម សុខា យូរមកហើយ។ លោកទាំងពីរ បានលេចមុខខ្លាំង ចាប់តាំងបានចូលរួមនយោបាយជាមួយលោក កឹម សុខា ពិសេសនៅពេលលោក កឹម សុខា បានបង្កើតគណបក្សសិទ្ធិមនុស្សនៅឆ្នាំ២០០៧។ កាលពីគណបក្សសិទ្ធិមនុស្ស មិនទាន់ច្របាច់បញ្ជូលគ្នាជាមួយគណបក្ស សម រង្ស៊ី លោក ប៉ុល ហំម ជាអ្នកនាំពាក្យ ហើយលោក យ៉ែម បុញ្ញឫទ្ធិ ជាអគ្គលេខាធិការ។ 
 
បច្ចុប្បន្ន លោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់លោក កំពុងរស់នៅឯក្រៅប្រទេស ជាមួយនឹងការជាប់បណ្តឹងច្រើនស្អេកស្កះនៅកម្ពុជា ដែលជាហេតុធ្វើឲ្យពួកលោក មិនអាចចូលកម្ពុជាវិញបាន។ ឯលោក កឹម សុខា ដ្បិតនៅក្នុងស្រុកពិតមែន តែលោក មិនអាចធ្វើសកម្មភាពនយោបាយបានឡើយ ដោយសារលោក នៅជាប់បទចោទ និងត្រូវតុលាការ បិទសិទ្ធិធ្វើសកម្មភាពនយោបាយថែមទៀត។ មានប៉ុន្មានភាគរយ ដែលលោក សម រង្ស៊ី និង លោក កឹម សុខា អាចមានវត្តមាន នៅពេលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងនៅពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣?  
 
មកដល់ពាក់កណ្តាលឆ្នាំ២០២១នេះ យ៉ាងហោច មានគណបក្សថ្មីប្រាំហើយ ដែលកើតចេញពីអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ គណបក្សទាំងនោះ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ គណបក្សខ្មែរអភិរក្ស និង គណបក្សខ្មែរស្រឡាញ់ជាតិ។ ដោយឡែក លោក គង់ គាំ ដែលជាមនុស្សស្និទ្ធរបស់លោក សម រង្ស៊ី បានសម្រេចផ្តាច់ចំណងមេត្រីភាពជាមួយលោក សម រង្ស៊ី ចេញទៅជួយជ្រោមជ្រែងលោក គង់ មុនីកា ជាកូនប្រុសពៅរបស់លោក បង្កើតបានគណបក្សមួយដែរ គឺគណបក្សឆន្ទៈខ្មែរ។ 
 
មានមជ្ឈដ្ឋានខ្លះ មានចម្ងល់ថា ហេតុអ្វី អតីតមន្រ្តីគណបក្សសង្គ្រោះជាតិ មិនព្រមរួមគ្នាបង្កើតគណបក្សថ្មីតែមួយ? ការបង្កើតណបក្សថ្មីច្រើនបែបនេះ ធ្វើឲ្យអ្នកខ្លះ យល់ថា អតីតគណបក្សសង្គ្រោះជាតិ ទំនងជាបែកបាក់គ្នា ហើយហាក់កំពុងដើរតាមគន្លងគណបក្សហ៊្វុនស៊ិនប៊ិច៕ 
 
 
 

Tag:
 ប៉ុល ហំម
  យ៉ែម បុញ្ញឫទ្ធិ
  អ៊ូ ច័ន្ទរ័ត្ន
  បក្សថ្មី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com