ជាតិ
ភ្នំពេញ កំពត និងព្រះសីហនុ ទទួលបានទេសចរច្រើនជាងគេ នាចុងសប្តាហ៍មុន
28, Jul 2021 , 7:59 am        
រូបភាព
 រូបថត៖ ក្រសួងទេសចរណ៍
រូបថត៖ ក្រសួងទេសចរណ៍
ដោយ:
កាលពីចុងសប្តាហ៍កន្លងទៅ មានទេសចរជិត ៧ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ រាជធានីភ្នំពេញ មានអ្នកដើរលេងច្រើនជាងគេ ជិតជាង១.៨ម៉ឺននាក់ បន្ទាប់មកគឺខេត្តកំពត ដោយមានទេសចរទៅកម្សាន្តជាង១.២ម៉ឺននាក់។ ខេត្តព្រះសីហនុស្ថិតនៅលេខរៀងទី៣ ដោយទទួលបានទេសចរជិត៨ពាន់នាក់ ខណៈខេត្តកណ្តាល និងកំពង់ស្ពឺ ដែលនៅកៀកនឹងភ្នំពេញ ទទួលបានភ្ញៀវជិត ៤.៨ពាន់នាក់រៀងខ្លួន។ 

 
កម្ពុជា មានអ្នកដើរកម្សាន្តសរុប ៦៩, ៥៤៩នាក់ នាថ្ងៃទី២៤-២៥ ខែកក្កដា ចុងសប្តាហ៍កន្លងទៅ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុង១២៩, ៨១នាក់។ ចំនួននេះ កើនឡើងជិត១០ភាគរយធៀងបនឹងសប្តាហ៍មុន។ នេះបើយោងតាមស្ថិតិទេសចរ ចេញផ្សាយដោយក្រសួងទេសចរណ៍ រាជធានីភ្នំពេញ ជាទីទេសចរណ៍ពេញនិយមជាងគេ ដោយមានអ្នកដើរកម្សាន្តចំនួន ១៨.៥៣១នាក់ ក្នុងនោះ ទេសចរបរទេសផ្ទៃក្នុងមាន ៨៨នាក់។
 
បន្ទាប់ពីរាជធានីនៃកម្ពុជា កំពត ជាខេត្តលំដាប់ទី២ ដែលទទួលបានលំហូរទេសចរច្រើន នាចុងសប្តាហ៍កន្លងទៅ ដោយមានចំនួន ១២.១៧៣នាក់ ក្នុងនោះបរទេសមាន ១៤៤នាក់។
ខេត្តព្រះសីហនុ មានអ្នកដើរកម្សាន្តច្រើន បន្ទាប់ពីខេត្តកំពត ដោយមានជិតទេសចរសរុបជិត៨ពាន់នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងមានជិត៨០០នាក់។ ខេត្តកណ្តាល និងកំពង់ស្ពឺ ដែលកៀកនឹងភ្នំពេញស្ថិតនៅលំដាប់ទី៤ និងទី៥ ដោយមានអ្នកដើរកម្សាន្តជិត៤ពាន់រៀងខ្លួន និងតាមពីក្រោយដោយខេត្តកែប សៀមរាប និងបាត់ដំបង។
 
គួរកត់សម្គាល់ថា ក្នុងបរិបទកូវីដ-១៩នេះ ភ្ញៀវទេសចរនិយមដើរកម្សាន្តនៅខេត្តជិតរាជធានីភ្នំពេញ ជាហេតុធ្វើឱ្យខេត្តកណ្ដាល និងកំពង់ស្ពឺដែលធ្លាប់ជាខេត្តឆ្លងកាត់នោះ ទទួលបានកំណើនទេសចរច្រើនជាងសព្វដង។  


 រូបភាពពីកញ្ញា វ៉ែន រស្ម៊ី អ្នកទេសចរជិះកង់នៅតំបន់អរិយក្សត្រនាចុងសប្តាហ៍ 

លោក ជួប សោភ័ណ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល សាទរចំពោះការកើនឡើងភ្ញៀវទេសចរនេះ។ លោក កត់សម្គាល់ថាភ្ញៀវទេសចរទៅខេត្តកណ្ដាលព្រោះ សម្បូរកន្លែងកម្សាន្តជិតក្រុង ដែលទេសចរចំណេញពេលក្នុងការធ្វើដំណើរ ជាពិសេសភ្ញៀវអាចទៅកម្សាន្តដោយមិនត្រូវការស្នាក់នៅ។ ភ្ញៀវដែលទៅខេត្តកណ្ដាលភាគច្រើន តែងចូលកម្សាន្តនៅកន្លែងកែច្នៃ ដូចជាហាងកាហ្វេ អាហារដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនដែរ។
 
លោក ជួប សោភ័ណ លើកឡើងថា ខេត្តកណ្ដាលសម្បូរភ្ញៀវនៅថ្ងៃចុងសប្តាហ៍ ដែលភាគច្រើនជាអ្នកនៅក្នុងខេត្ត និងអ្នកមកពីរាជធានីភ្នំពេញ។ « ខេត្តយើងនេះសម្បូរ ការកម្សាន្តបែបសៅរិ៍ អាទិត្យ ដែលជាទេសចរវិលល្ងាច។ យើងមិនមានភ្ញៀវសម្រាកកម្សាន្តយូរដូចខេត្តផ្សេងទេ។ អ្នកនៅភ្នំពេញគាត់ចូលចិត្តមកខេត្តកណ្ដាល អ្នកខ្លះគាត់មកហាងកាហ្វេ ព្រោះហាងកាហ្វេនៅនេះមិនសូវចង្អៀតដូចភ្នំពេញ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល។
 
ចំណែកលោក រស់ សុខ ប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ធ្លាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ថាភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្តនៅទឹកធ្លាក់ជ្រាវ ឱទ្យានជាតិគិរីរម្យ ភ្នំខ្នងផ្សា និងតាមតំបន់ទេសចរធម្មជាតិមួយចំនួនទៀត ក្នុងខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងការហក់ឡើងនៃភ្ញៀវទេសចរនេះ  លោក រស់ សុខ អះអាងថាមន្ទីរទេសចរណ៍ខេត្ត នឹងផ្ដល់វគ្គបណ្ដុះបណ្ដាល ផ្នែកបដិសណ្ឋារកិច្ចដល់ប្រជាជនក្នុងសហគមន៍  ព្រមទាំងបន្តរុករកតំបន់ទេសចរណ៍ក្នុងខេត្តបន្ថែមទៀត ដើម្បីបម្រើការកម្សាន្តដល់ភ្ញៀវទេសចរ៕
 
 

Tag:
 ThmeyThmey25
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com