COVID-19
ជាតិ
កុមារ និង​យុវវ័យ​នៅ​ភ្នំពេញ កណ្តាល កោះកុង និង​ព្រះសីហនុ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​មុនគេ
27, Jul 2021 , 8:46 pm        
រូបភាព
​កម្ពុជា ចាប់ផ្តើមចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់(Sinovac)លើ​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់អាយុក្រោម​១៨​ឆ្នាំ នៅ​ថ្ងៃទី​១ ខែសីហា​នេះ ដោយ​ផ្តើម​នៅ​រាជ ធានី​ភ្នំពេញ ខេត្តកណ្តាល កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​(​គ​.​វ​.​ក​-១៩)​។

 
 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ គ​.​វ​.​ក​-១៩ បានរៀបចំ​ទីតាំង​ចំនួន​៥ សម្រាប់​ការចាក់​ដល់​កូនចៅ​ឥស្សរជន ដែលមាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​ឋានៈ រហូតដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់កិច្ចសន្យា​, កូនចៅ​ឧកញ៉ា មន្ត្រី​ទូត មន្ត្រី​អង្គការសហប្រជាជាតិ តំណាង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និង​កូនចៅ​អ្នកសារព័ត៌មាន​។ ទីតាំង​ទាំង​៥​នោះ មាន​មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ (​វត្តភ្នំ​) និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង មន្ទីរពេទ្យ​កុមារ​ជាតិ​
 
​សម្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​កូនចៅ​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ និង​ប្រជាបលរដ្ឋ​ទូទៅ​នៅ​រាជធានី​ភ្នំពេញ គឺ​ស្ថិតនៅ​ទីតាំង​ចំនួន​៤២ នៅក្នុង​ខណ្ឌ​ទាំង​១៤ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់​របស គ​.​វ​.​ក​-១៩ ដែល​បន្តទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ជូនដំណឹង​ពី​កាលបរិច្ឆេទ និង​ទីតាំង​ចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ដល់​ពលរ​ដ្ឋ​។ 
 
​ដោយឡែក​ការផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​កុមារ និង​យុវវ័យ នៅ​ខេត្តកណ្ដាល កោះកុង និង​ខេត្ត​ព្រះសីហនុ អាជ្ញាធរខេត្ត​នីមួយៗ ក៏​នឹង​ជូនដំណឹង​ពី​កាលបរិច្ឆេទ និង​ទីតាំង​ជា​បន្ដបន្ទាប់​ដែរ​។ 
 
​សូមជម្រាបថា កម្ពុជា​បាន​ត្រៀម​វ៉ាក់សាំង​ប្រភេទ Sinovac ចំនួន​៥​លាន​ដូ​ស និង Johnson & Johnson ចំនួន​១​លាន​ដូ​ស សម្រាប់​ចាក់​ដល់​កុមារ និង​យុវវ័យ​។ ​

អត្ថបទទាក់ទង
 

បច្ចុប្បន្ន កម្ពុ​ជាមាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​-៩ សរុប ១៧,៦៥៦,០០០​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​វ៉ាក់សាំង Sinopharm មាន​៦,២​លាន​ដូ​ស​, វ៉ាក់សាំង​របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់មាន ១០,៥​លាន​ដូ​ស និង​វ៉ាក់សាំង CoviShield របស់​ក្រុមហ៊ុន AstraZeneca មាន​ចំនួន ៣៥៦,០០០​ដូ​ស​។  
 
​គិត​ត្រឹម​ថ្ងៃទី​២៦​កក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ដែល​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ជាង​៦,៨​លាន​នាក់​ហើយ ដែល​ស្មើនឹង អត្រា​ជាង​៦៨​ភាគរយ នៃ​ផែន​ការសរុប​១០​លាន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com