ជាតិ
សេដ្ឋកិច្ច
ស៊ុយអែត និងស្វីសផ្តល់ថវិកា៤,៥លានដុល្លារ ដើម្បីជំរុញយុវជនកម្ពុជាឱ្យចូលរួមក្នុងសហគមន៍
28, Jul 2021 , 2:09 pm        
រូបភាព
លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា
លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ប្រទេសស៊ុយអែត និងប្រទេសស្វីស សម្រេចផ្តល់ថវិកាចំនួន៤,៥លានដុល្លារ ដើម្បីគាំទ្រដល់អង្គការ BBC Media Action ក្នុងការអនុវត្តគម្រោងថ្មីមួយ ដែលមានឈ្មោះថា «ការលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍(ក្លាហាន 9 SPACE)» នៅកម្ពុជា។

 
ថវិកាជាជំនួយរបស់ប្រទេសស៊ុយអែត និងប្រទេសស្វីស ចំនួន៤,៥លានដុល្លារ  ដែលផ្តល់ឱ្យអង្គការ BBC Media Action គឺប្រើសម្រាប់លើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍នៅកម្ពុជា ក្នុងរយៈពេល៤ឆ្នាំ ដោយអនុវត្តពីឆ្នាំ២០២១ ដល់២០២៤។
 
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតប្រទេសស៊ុយអែតប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៧កក្កដា ដោយបានបញ្ជាក់ថា ក្នុងចំណោមថវិកាសរុប៤,៥លានដុល្លារនេះ មាន ២លានដុល្លារ ជាថវិការបស់ប្រទេសស៊ុយអែត និង២,៥លានដុល្លារទៀត ជាថវិការបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស្វ៊ីស។
 
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គម្រោងនេះអនុវត្តឡើង ក្នុងគោលបំណងបង្កើនកម្រិត នៃការចូលរួមបែបស្ថាបនានៅក្នុងសហគមន៍ក្នុងចំណោមយុវជនកម្ពុជា ដែលមានអាយុចន្លោះពី១៥ដល់៣០ឆ្នាំតាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង ជំនាញ ទំនុកចិត្ត ការលើកទឹកចិត្ត និងបណ្តាញនានា។
 
លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា បានលើកឡើងក្នុងសេចក្ដីប្រកាសខាងលើថា ការគាំទ្រនេះ គឺស្របតាមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ជាមួយកម្ពុជាដោយផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
 
លោកមានប្រសាសន៍ដូច្នេះ៖ «យើងរីករាយក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ជាឧបករណ៍សំខាន់ដើម្បីលើកទឹកចិត្ត និងគាំទ្រយុវជនកម្ពុជា ក្នុងការចូលរួមក្នុងជីវិតសាធារណៈ និងផ្តល់ការគាំទ្រដល់សកម្មភាពសហគមន៍ សម្រាប់យុវជននៅតាមបណ្តាខេត្ត»។ បើតាមលោក សាម៊ូអែល ហឺទិក គម្រោងក្លាហាន 9 SPACE នឹងរួមបញ្ចូលការអនុវត្តសកម្មភាពដូចជា ការផលិតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពសហគមន៍ផ្សេងៗជាដើម។
 
គម្រោងនេះ នឹងអនុវត្តដោយអង្គការ BBC Media Action និងដៃគូអនុវត្តគម្រោង មាន៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍, បុប្ផាណា អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។
 
ជាមួយគ្នានេះ លោកស្រី ជេមម៉ា ហេយម៉េន នាយិកាប្រចាំប្រទេសនៃអង្គការ BBC Media Action លើកឡើងដែរថា គម្រោងនេះនឹងគាំទ្រដល់យុវជនដែលមានអាយុចន្លោះ១៥-៣០ ឆ្នាំ ដើម្បីចូលរួមក្នុងជីវិតសាធារណៈនៅក្នុងសហគមន៍របស់ពួកគេ តាមរយៈការកសាងចំណេះដឹង និងជំនាញ ផ្លាស់ប្តូរឥរិយាបថអវិជ្ជមានជុំវិញការចូលរួមរបស់យុវជន និងជំរុញឱ្យមានការពិភាក្សារវាងប្រជាជនដែលមានវ័យខុសគ្នា។
 
លោកស្រីបានថ្លែងថា៖ «យើងពិតជារីករាយដែលមានឱកាសក្នុងការកសាងលើភាពជោគជ័យក្នុងការងារអភិវឌ្ឍន៍យុវជននាពេលកន្លងមក និងរំភើបចិត្តក្នុងការធ្វើការងារជាមួយដៃគូអនុវត្តន៍ដែលមានបទពិសោធ និងអ្នកពាក់ព័ន្ធជាច្រើននៅក្នុងប្រទេស»៕
 
 
 

Tag:
 សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com