អន្តរជាតិ
លោកអូស្ទីន៖ អាមេរិក មិនចង់ឈ្លោះជាមួយចិន តែក៏មិនឱ្យផលប្រយោជន៍ខ្លួនរងការគំរាមដែរ
28, Jul 2021 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ឡយ អូស្ទីន ថ្លែងសុន្ទរកថានៅវេទិកាមួយនៅសិង្ហបុរី។ រូបថតពីក្រសួងការពារជាតិអាមេរិក
រដ្ឋមន្រ្តីការពារជាតិអាមេរិក ឡយ អូស្ទីន ថ្លែងសុន្ទរកថានៅវេទិកាមួយនៅសិង្ហបុរី។ រូបថតពីក្រសួងការពារជាតិអាមេរិក
ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន នៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់មានជម្លោះជាមួយក្រុងប៉េកាំងឡើយ ប៉ុន្តែអាមេរិកក៏មិនបណ្តោយឱ្យផលប្រយោជន៍របស់ខ្លួនរងការគំរាមកំហែងដែរ។ បើតាមរដ្ឋមន្រ្តីការពារជាតិរូបនេះ អាមេរិក ប្តេជ្ញារក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព និងស្ថាបនាជាមួយចិន។


 
 
ក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរី មុននឹងទៅវៀតណាម និងហ្វីលីពីន លោកឡយ អូស្ទីន ប្រមុខការពារជាតិអាមេរិក បានលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងចិន ក្នុងនោះមានដូចជាជម្លោះសមុទ្រចិនខាងត្បូង តៃវ៉ាន់ បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងជាដើម។ បើទោះលើកឡើងពីសកម្មភាពអុងអាត់របស់ចិននៅក្នុងតំបន់ទាំងនោះក្តី ថ្នាក់ដឹកនាំអាមេរិករូបនេះ ក៏បានបង្ហើបពីការកាត់បន្ថយភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរផងដែរ។ 
 
«យើងមិនខ្លាចឡើយ នៅពេលផលប្រយោជន៍អាមេរិកត្រូវបានគំរាមកំហែង»។ លោកអូស្ទីន បានសង្កត់ធ្ងន់បែបនេះនៅក្នុងវេទិកាមួយរៀបចំដោយវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្រ្ត។ លោកបន្ថែមថា អាមេរិកក៏មិនចង់ស្វែងរកការប្រឈមមុខដាក់ចិនផងដែរ។ បើតាមលោក អូស្ទីន អាមេរិក ប្តេជ្ញាស្វែងរកទំនាក់ទំនងជាមួយចិនប្រកបដោយស្ថិរភាព និងស្ថាបនា រួមទាំងទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិនផងដែរ។ 
 
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់អាមេរិកបែបនេះ បានបង្ហាញពីសញ្ញាវិជ្ជមានមួយរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ក្នុងការបន្ថយជម្លោះជាមួយគ្នា។ កន្លងមក ទំនាក់ទំនងប្រទេសទាំងពីរ បានរងភាពល្អក់កករយ៉ាងខ្លាំងលើបញ្ហាដើមកំណើតជំងឺកូវីដ-១៩, ពាណិជ្ជកម្ម, លទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សជាច្រើន។ 
 
ការលើកឡើងរបស់លោក អូស្ទីន ក៏ធ្វើឡើងស្របពេលប្រមុខការទូតចិន វ៉ាង យី បានប្រាប់លោកស្រី វិនឌី ស៊ើមែន អនុរដ្ឋមន្រ្តីការបរទេសអាមេរិកថា ចិន មិនចង់ចាញ់ឈ្នះជាមួយអាមេរិកឡើយ ព្រោះការអភិវឌ្ឍរបស់ចិន គ្រាន់តែធ្វើឡើងក្នុងគោលបំណងស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិនប៉ុណ្ណោះ។ 
 
ក្នុងវត្តមាននៅសិង្ហបុរីដដែល ប្រមុខការពារជាតិអាមេរិករូបនេះ បានអះអាងទៀតថា អាមេរិក មិនស្នើឱ្យប្រទេសក្នុងតំបន់ជ្រើសរើសអាមេរិក ឬក៏ចិនឡើយ ព្រោះសម្ព័ន្ធភាពរបស់ប្រទេសខ្លះជាមួយអាមេរិក គឺចាស់ជាងសាធារណរដ្ឋប្រជាមានិតចិនទៅទៀត។ 
 
គួររំលឹកថា កន្លងមក រដ្ឋបាលលោកចូ បៃឌិន ធ្លាប់បានហៅទំនាក់ទំនងអាមេរិក និងចិនថា គឺជាការសាកល្បងភូមិសាស្រ្តនយោបាយដ៏ធំបំផុតនៅក្នុងសតវត្សរ៍នេះ ស្របពេលប្រទេសទាំងពីរកំពុងមើលមុខគ្នាមិនចំ៕ 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com