COVID-19
អន្តរជាតិ
កូវ៉ែត ហាមឃាត់ប្រជាជនដែលមិនទាន់ទទួលវ៉ាក់សាំងទៅបរទេស
28, Jul 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋាភិបាលកូវ៉ែត នៅថ្ងៃទី២៧ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយដែលប្រកាសឱ្យ តែប្រជាជនដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប៉ុណ្ណោះ អាចធ្វើដំណើរទៅបរទេស ឯអ្នកមិនទាន់ទទួលបានវ៉ាក់សាំង នឹងមិនត្រូវអនុញ្ញាតឡើយ។ ការលើកលែង នឹងអនុវត្តលើករណីជាក់លាក់ប៉ុណ្ណោះ។

 
ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ប្រជាជនដែលមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមិនអនុញ្ញាតឱ្យធ្វើដំណើរទៅបរទេសឡើយ ប៉ុន្តែអ្នកទាំងនោះ អាចទៅតែអាគាររដ្ឋាភិបាល មន្ទីរពេទ្យ មជ្ឈមណ្ឌលវិជ្ជសាស្រ្តឯកជន កន្លែងលក់ឱសថ, និងកន្លែងលក់អាហារជាដើម។ 
 
យ៉ាងណាមិញ វិធានការខាងលើ ត្រូវលើកលែងចំពោះមនុស្សអាយុក្រោម ១៦ឆ្នាំ, បុគ្គលដែលមានលិខិតបញ្ជាក់មិនអាចទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានពីក្រសួងសុខាភិបាល និងអ្នកមានផ្ទៃពោះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល អ្នកដំណើរមកដល់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ រហូតទាល់តែមានលទ្ធផលអវិជ្ជមាននៃជំងឺកូវីដ-១៩។ បន្ថែមពីនេះ អាជ្ញាធរអាកាសចរស៊ីវិល ក៏បានប្រកាសផងដែរថា អ្នកដំណើរមកកូវ៉ែតទាំងអស់ ត្រូវមានលទ្ធផលអវិជ្ជមាន មុនពេលហោះហើរ និងមិនមានចេញរោគសញ្ញាអ្វីទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការប្រកាសខាងលើ ធ្វើឡើងស្របពេលរដ្ឋាភិបាលកូវ៉ែត បានបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ-១៩ មួយចំនួន រួមទាំងបើកជើងហោះហើរ លើកលែងតែសកម្មភាពជួបប្រជុំប៉ុណ្ណោះ។ ចាប់ពីថ្ងៃទី១ ខែសីហាដដែល កូវ៉ែត នឹងបើកជើងហោះហើរដោយផ្ទាល់ទៅម៉ារ៉ុក និងម៉ាល់ឌីវ។ 
 
សូមបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅកូវ៉ែត មកទល់ពេលនេះ មានចំនួន ៣៩ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ២ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៣៧ម៉ឺននាក់។ កូវ៉ែត បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ចំនួន ២,៣៨លានដូស ទៅប្រជាជនខ្លួន ដោយមនុស្សចំនួន ៩៣ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ កូវ៉ែតមានប្រជាជនសរុបជាង ៤លាននាក់៕ 
 

Tag:
 កូវ៉ែត
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com