ជាតិ
របរដាំសារាយសមុទ្រនៅកំពតថយចុះ ព្រោះមិនសូវមានទីផ្សារ និងតម្លៃថោក
28, Jul 2021 , 8:59 pm        
រូបភាព
ដោយ:
ពលរដ្ឋប្រកបរបរដាំសារាយសមុទ្រ ក្នុងខេត្តកំពត កាន់តែថយចុះ បន្ទាប់ពីឈ្មួញវៀតណាម មិនប្រមូលទិញដូចកាលពីមុន។ បច្ចុប្បន្ន នៅភូមិព្រែកអំបិល ឃុំកោះតូច មានកសិករប្រមាណ ២០គ្រួសារប៉ុណ្ណោះ ដែលបន្តប្រកបរបរដាំសារាយសមុទ្រលក់។ នេះបើតាមលោក ស សូរិន ប្រធានរដ្ឋបាលជលផលខេត្តកំពត។


រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនម៉ាឡេស៊ី ឈប់ប្រមូលទិញសារាយសមុទ្រពីកសិករ ទើបកសិករបង្វែរទីផ្សារទៅប្រទេសវៀតណាមវិញ។ ទន្ទឹមនឹងនេះ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាន់តែធ្វើឱ្យទីផ្សារសារាយសមុទ្រនៅខេត្តកំពតថយចុះ ព្រោះត្រូវពឹងផ្អែកលើទីផ្សារវៀតណាម ដោយឈ្មួញវៀតណាម មិនសូវប្រមូលទិញ។
 
លោក ស សូរិន ប្រធានជលផលខេត្តកំពត លើកឡើងថា រយៈពេលច្រើនឆ្នាំហើយ ដែលកសិករនៅឃុំកោះតូច ចាប់យករបរដាំសារាយសមុទ្រ តែដល់ឆ្នាំ២០២១ អ្នកប្រកបរបរនេះ នៅសល់តិចតួចប៉ុណ្ណោះ។ ប្រធានជលផលខេត្តកំពត រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 បែបនេះ៖«ពលរដ្ឋនៅតំបន់នេះបាននាំគ្នាដាំសារាយសមុទ្រតាំងពីឆ្នាំ២០០០ម្លេះ ដោយបាននាំពូជមកពីប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង។ ពីមុនមានក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកប្រមូលទិញ ហើយតម្លៃក៏ល្អ។ តែប៉ុន្មានឆ្នាំមកនេះ មិនសូវមានអ្នកប្រមូលទិញទេ ហើយតម្លៃក៏ធ្លាក់ចុះទៀត»។


រូបភាពពី Marine conservation cambodia 

ការបាត់បង់ទីផ្សារ និងការធ្លាក់ចុះនៃតម្លៃ បានធ្វើឱ្យអ្នកប្រកបរបរនេះ ប្ដូរទៅប្រកបរបរផ្សេង ដូចជា នេសាទ ឬធ្វើកសិកម្ម។ បច្ចុប្បន្ន តម្រូវការសារាយសមុទ្រ កាន់តែតិច ទើបតម្លៃសារាយសមុទ្រស្រស់ លក់បានត្រឹម ១០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកឯ សារាយសមុទ្រក្រៀម អាចលក់បានត្រឹម ៤០០០រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម ខណៈពីមុនសារាយសមុទ្រក្រៀម មានតម្លៃរហូត ៧០០០រៀល ទៅ ៨០០០រៀល ក្នុងមួយគីឡូក្រាម។
 
សារាយសមុទ្រ ជាវត្ថុធាតុដើមមួយ ដែលគេយកទៅកែច្នៃធ្វើជាថ្នាំដុសធ្មេញ ឧសថព្យាបាលជំងឺ ផលិតផលកែសម្ផស្ស និងអាហារផ្សេងៗផងដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ឈ្មួញវៀតណាម បានប្រមូលទិញសារាយសមុទ្រពីកសិករ ត្រឹម ២ ទៅ ៣ការ៉ុងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
 
វិបត្តិកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ខ្លះៗ ដល់វិស័យជលផល នៅខេត្តកំពត។ ការណ៍នេះ បានធ្វើឱ្យការប្រមូលផលជលផល នៅខេត្តកំពត ធ្លាក់ចុះប្រមាណ ១០ភាគរយ ប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រយៈពេល ៦ខែ ឆ្នាំ២០២១ ខេត្តកំពត បានប្រមូលផលជលផលប្រមាណ ១ម៉ឺនតោន។ នេះបើតាមលោក ស សូរិន ប្រធានរដ្ឋបាលជលផលខេត្តកំពត៕
 

សកម្មភាពពលរដ្ឋខេត្តកំពតកំពុងប្រមូលផលសារាយសមុទ្រ (រូបភាពពី Marine conservation cambodia ) 
 
 
 

Tag:
 កំពត
 សារាយសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com