ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ែម បុញ្ញឫទ្ធិ៖ គណបក្សកម្ពុជានិយម នឹងបណ្ដុះស្មារតីជាតិ ហើយមិនដើរតួជំនួសCNRPទេ
28, Jul 2021 , 5:43 pm        
រូបភាព
ភ្នំពេញ៖ គណបក្សកម្ពុជានិយម ត្រូវបានក្រសួងមហាផ្ទៃ យល់ព្រមសំណើបង្កើតបក្ស កាលពីថ្ងៃទី២៣ កក្កដា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ពីក្រៅប្រទេស លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា គណបក្សកម្ពុជានិយម បង្កើតមកដើម្បីបណ្ដុះស្មារតីជាតិ និងកែប្រែផ្នត់គំនិតប្រព័ន្ធគ្រប់គ្រង ដែលពឹងផ្អែកតែលើបុគ្គល។


គណបក្សកម្ពុជានិយម បង្កើតមកដោយមានការចូលរួមពីសំណាក់យុវជន និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីប្រកួតប្រជែងនយោបាយនៅការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ២០២២ និងការបោះឆ្នោតជ្រើសតំណាងរាស្ត្រ ២០២៣។ លោក យ៉ែម បុញ្ញឫទ្ធិ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយវិញនោះ បានអះអាងថា គណបក្សខ្លួននេះ គឺមិនទាមទារ ឬចង់តំណាងឲ្យអ្នកណាមួយឡើយ រួមទាំងអតីតគណបក្សសង្គ្រោះជាតិផងដែរ។ 
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក យ៉ែម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម ដែលកំពុងរស់នៅក្រៅប្រទេសដូចតទៅ៖



 
នៅពេលសួរថា តើគណបក្សលោក បង្កើតមកដើម្បីបើកផ្លូវសម្រាប់មេដឹកនាំខ្លួន ដែលអាចមានការលើកលែងទោស តាមច្រកផ្លូវនយោបាយនោះ? លោក យ៉ែម បុញ្ញឫទ្ធិ ក៏ព្យាយាមឆ្លើយមិនចំសំនួរឡើយ។ អ្នកនយោបាយដែលស្និទនឹងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានអះអាងថា គណបក្សលោកបង្កើតមក គឺមានយុវជនរួមកម្លាំងស្នូល ដើម្បីបន្តដំណើរនយោបាយទៅមុខ។ ប៉ុន្តែលោក ក៏បាននិយាយបែបទុកផ្លូវមួយទៀតថា បើអ្នកនយោបាយ ឬពលរដ្ឋណា ចង់ចូលរួមជាមួយគណបក្សកម្ពុជានិយមនោះ គឺរូបលោកស្វាគមន៍ជានិច្ច។
 
លោក យ៉ែម បុញ្ញឫទ្ធិ ក៏មិនហ៊ានអះអាងថា គណបក្សលោកនឹងទាញបានប្រជាប្រិយភាព និងកម្លាំងគាំទ្រពីមហាជននោះដែរ។ ប៉ុន្តែលោក បានដាក់ក្តីសង្ឃឺមលើផែនការ គោលការណ៍ និងសកម្មភាពបក្ស ។ សម្រាប់ទិសដៅគណបក្សកម្ពុជានិយម គឺមានគោលការណ៍បណ្ដុះស្មារតីជាតិនិយម និងយុវជនបន្តវេន ហើយកែប្រែប្រព័ន្ធគ្រប់គ្រងកុំឱ្យពឹងផ្អែកលើបុគ្គលជាដើម៕
 

Tag:
 នយោបាយ
  យ៉ែម បុញ្ញឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com