អន្តរជាតិ
ស្ថានការណ៍កូវីដ-១៩ យ៉ាប់យ៉ឺន, របបសឹកមីយ៉ាន់ម៉ាស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ
×
ដោយ៖ ឈួ ស៊ាវយីងជាវ
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុនឡាំង បានប្រកាសស្វែងរកកិច្ចសហប្រតិបតិ្តការកាន់តែខ្លាំងជាមួយសហគមន៍អន្តរជាតិដើម្បីទប់ទល់វិបត្តិជំងឺកូវីដ-១៩ ។ នេះបើតាមការផ្សាយរបស់កាសែតរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃទី២៨ ខែកក្កដា។ មីយ៉ាន់ម៉ា កំពុងរងគ្រោះខ្លាំងដោយសាររលកឆ្លងជំងឺកូវីដ-១៩ ស្របពេលប្រព័ន្ធសុខាភិបាលស្ទើរតែដួលរលំដោយសារបុគ្គលិកភាគច្រើនចូលរួមយុទ្ធនាការប្រឆាំងរដ្ឋប្រហារ។
បើតាមកាសែត Global New Light of Myanmar លោក មីន អ៊ុងឡាំង ក្នុងសុន្ទរកថាមួយ បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងរង្វង់សហគមន៍អន្តរជាតិលើការបង្ការ ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ ។ មេដឹកនាំរបបយោធារូបនេះ ក៏លើកឡើងពីការចូលរួមរបស់រដ្ឋសមាជិកអាស៊ាន និងបណ្តាប្រទេសជាមិត្តនានា។
លើសពីនេះ ប្រមុខរបបសឹករូបនេះ និយាយទៀតថា មីយ៉ាន់ម៉ា ត្រូវការវ៉ាក់សាំងក្នុងចំនួនច្រើនទៀតដែលអាចទទួលបានតាមរយៈការបរិច្ចាក និងការអភិវឌ្ឍផលិតក្នុងស្រុកដែលមានជំនួយពីរុស្ស៊ី។ មីយ៉ាន់ម៉ា ក៏នឹងស្វែងរកជំនួយពីមូលនិធិកូវីដ-១៩ របស់អាស៊ានផងដែរ។
ថ្មីៗនេះ មីយ៉ាន់ម៉ា ទើបបានទទួលវ៉ាក់សាំងចិនចំនួន២លានដូសបន្ថែមទៀត ខណៈយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសនេះដើរយឺតបំផុត ព្រោះមិនសូវមានបុគ្គលិកបំពេញការងារ និងកង្វះវ៉ាក់សាំងតែម្ដង។ បើតាមទិន្នន័យរបស់ Reuters Tracker ប្រជាជនមីយ៉ាន់ម៉ាដែលទទួលបានវ៉ាក់សាំងមានត្រឹមតែ៣,២ភាគរយប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅមីយ៉ាន់ បានកើនឡើងខ្លាំងចាប់តាំងពីខែមិថុនាមក។ នៅថ្ងៃទី២៨ ខែកក្កដា ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រាយការណ៍ករណីឆ្លងថ្មីដល់ទៅ៤,៩៦៤ករណី និងស្លាប់៣៣៨នាក់។ មកទល់ពេលនេះ មីយ៉ាន់ម៉ា មានករណីឆ្លងសរុបជិត២៨ម៉ឺននាក់ និងស្លាប់ជាង៧ពាន់នាក់៕
ក្រៅពីវិបត្តិជំងឺកូវីដ-១៩ មីយ៉ាន់ម៉ាក៏ប្រឈមនឹងបញ្ហាគ្រោះធម្មជាតិផងដែរ។ ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន ទឹកជំនន់ក៏កើតឡើងនៅតំបន់មួយចំនួនដោយបង្ខំឱ្យក្រុមគ្រូពេទ្យផ្លាស់ទីកន្លែងអ្នកជំងឺកូវីដ-១៩ ទៅកាន់ទីខ្ពស់ៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com