កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ជប៉ុនទម្លាក់បារាំង ឯអាហ្សង់ទីន អាល្លឺម៉ង់អស់ប្រកួតត្រឹមវគ្គចែកពូល
29, Jul 2021 , 8:11 am        
រូបភាព
 
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ របស់បារាំង អាហ្សង់ទីន និងអាល្លឺម៉ង់សុទ្ធតែត្រូវធ្លាក់ចេញពីការប្រកួតដើម្បីមេដាយអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ត្រឹមវគ្គចែកពូល។ ក្រុមដែលបានកៅអីទៅវគ្គ៨ក្រុមចុងក្រោយមានម្ចាស់ផ្ទះជប៉ុន ម្ចាស់ការពារជើងឯកប្រេស៊ីល កូដឌីវ័រ កូរ៉េខាងត្បូង នូវែលសេឡង់ អេស្ប៉ាញ ម៉ិកស៊ិក និងអេហ្ស៊ីប។


relate 106168, 106102

ម្ចាស់ផ្ទះជប៉ុនជាអ្នកទម្លាក់បារាំងតាមរយៈការយកឈ្នះក្នុងលទ្ធផល ៤-០ នាជំនួបចុងក្រោយពូល A ខណៈម៉ិកស៊ិកឈ្នះអាហ្រ្វិកខាងត្បូង ៣-០។ ពូលនេះ ជប៉ុន និងម៉ិកស៊ិកបានទៅវគ្គបន្ត ឯបារាំង និង អាហ្រ្វិកខាងត្បូងត្រូវត្រឡប់ទៅផ្ទះវិញ។

ពូល B កូរ៉េខាងត្បូងបានបន្តជ័យជម្នះផ្លូកទឹកផ្លូកដីលើក្រុមហុងឌូរ៉ាសក្នុងលទ្ធផល ៦-០នៅជំនួបកាត់សេចក្តី។ ជ័យជម្នះបាននាំកូរ៉េខាងត្បូងឈរកំពូលតារាង និងបានឡើងទៅវគ្គបន្តជាមួយនូវែលសេឡង់ដែលប្រកួតស្មើ ០-០ ជាមួយរូម៉ានី។

អាហ្សង់ទីនបានធ្លាក់ចេញពីការប្រកួតដណ្តើមមេដាយវិញ្ញសាកីឡាបាល់ទាត់បុរស បន្ទាប់ពីបស្មើអេស្ប៉ាញ ០-០ នៅជំនួបចុងក្រោយពូល C។ អេហ្ស៊ីបបានកៅអីទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយអេស្ប៉ាញក្រោយឈ្នះអូស្ត្រាលី ២-០។ អេស្ប៉ាញឈរលេខ១មាន៥ពិន្ទុ តាមពីក្រោយដោយអេហ្ស៊ីបមាន៤ពិន្ទុ ស្មើក្រុមលេខ៣អាហ្សង់ទីន តែខុសសំណល់គ្រាប់បាល់ ឯអូស្ត្រាលីមាន៣ពិន្ទុនៅបាតតារាង។

ពូល D ឯណោះវិញ ប្រេស៊ីល និងកូដឌីវ័រ បានសិទ្ធិទៅវគ្គបន្ត ខណៈអាល្លឺម៉ង់ និងអារ៉ាប៊ីសាអូឌីតអស់ការប្រកួត។ នៅជំនួបចុងក្រោយប្រេស៊ីលឈ្នះអារ៉ាប៊ីសាអូឌីត ៣-១ ឯកូដឌីវ័រ និងអាល្លឺម៉ង់ស្មើគ្នា ១-១។ ប្រេស៊ីលឈរកំពូលតារាងមាន៧ពិន្ទុ កូដឌីវ័រនៅលេខ២មាន៥ពិន្ទុ អាល្លឺម៉ង់លេខ៣មាន៤ពិន្ទុ និងអារ៉ាប៊ីសាអូឌីតនៅបាតតារាងមានសូន្យពិន្ទុ។

ក្រុមដែលត្រូវជួបគ្នានៅវគ្គ១/៤ផ្តាច់ព្រ័ត្រដើម្បីឈានទៅដណ្តើមមេដាយអូឡាំពិកមាន៖

- អេស្ប៉ាញ Vs កូដឌីវ័រ
- ជប៉ុន Vs នូវែលសេឡង់
- ប្រេស៊ីល Vs អេហ្ស៊ីប
- កូរ៉េខាងត្បូង Vs ម៉ិកស៊ិក៕



Tag:
 បាល់ទាត់អូឡាំពិក
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com