សង្គមអន្តរជាតិ​
អន្តរជាតិ
អគ្គរដ្ឋទូតចិនថ្មីប្រចាំអាមេរិក បង្ហាញជំហរវិជ្ជមានលើទំនាក់ទំនងប្រទេសទាំងពីរ
29, Jul 2021 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកថ្មី លោក ឈីន កាង (Qin Gang) នៅថ្ងៃទី២៨ ខែកក្កដា បានបង្ហាញសារជាវិជ្ជមានទៅភាគីអាមេរិកពេលទៅដល់ក្រុងវ៉ាស៊ីនតោនដើម្បីកាន់តំណែង។ បើតាមអ្នកការទូតចិនរូបនេះ ច្រកទ្វារទំនាក់ទំនងរវាងប្រទេសទាំងពីរមិនទាន់បិទឡើយ ហើយថែមទាំងមានឱកាស និងសក្តានុពលជាច្រើនថែមទៀត។

 
លោក ឈីន កាង  ត្រូវជំនួសតំណែង លោក ឈួយ ធានខៃ ដែលបានប្រកាសលាឈប់នៅខែមិថុនា បន្ទាប់ពីកាន់តំណែងបានរយៈពេល ៨ឆ្នាំ។ ដំណើររបស់លោក ឈីន ទៅដល់ទឹកដីអាមេរិកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វិនឌី ស៊ើមែន បានជួបជាមួយលោកវ៉ាង យី ប្រមុខការទូតចិន ដែលបានបង្ហាញពីការកែលម្អទំនាក់ទំនងប្រទេសទាំងពីរជាច្រើន។ 
 
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីទៅដល់និវេសនដ្ឋានរបស់ខ្លួន លោក​ ឈីន នៅតែមានជំនឿយ៉ាងមុតមាំថា ច្រកទ្វារនៃទំនាក់ទំនងអាមេរិក-ចិន នៅតែបន្តបើក និងមិនអាចបិទបានឡើយ។ 
 
«ទំនាក់ទំនងអាមេរិក បានដើរមកដល់ចំណុចដ៏សំខាន់មួយ»។ អគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរ មិនត្រឹមតែប្រឈមនឹងស្ថានភាពលំបាក និងភាពតានតឹងប៉ុណ្ណោះទេ តែមានឱកាស និងសក្តានុពលរួមគ្នាផងដែរ។ លោក ឈីន បានបន្តទៀតថា ទោះមានស្ថានការណ៍អាក្រក់ក៏ដោយ ទំនាក់ទំនងប្រទេសទាំងពីរនៅតែបន្តវិវដ្ដទៅមុខដដែល។ 
 
ជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ អ្នកការទូតចិនរូបនេះ ក៏បានសរសើរសេដ្ឋកិច្ចអាមេរិកដែលមានការប្រែប្រួលផងដែរក្រោមការដឹកនាំរបស់រដ្ឋបាល លោក ចូ បៃឌិន។ ទន្ទឹមនេះ លោក ឈីន បានជូនពរឱ្យអាមេរិក ទទួលជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ថែមទៀត។ 
 
មុនក្លាយជាប្រមុខការទូតចិនប្រចាំវ៉ាស៊ីនតោន លោក ឈីន ជាអនុរដ្ឋមន្រ្តីការបរទេសចិន ហើយក៏ជាអតីតអ្នកនាំពាក្យផងដែរ។ បើតាមប្រវត្តិរូបដែលបង្ហោះលើវេបសាយក្រសួងការបរទេសចិន លោក ឈីន មិនធ្លាប់មានបទពិសោធនឹងកិច្ចការអាមេរិកឡើយ ហើយពេលធ្វើជាអនុរដ្ឋមន្រ្តី លោកកាន់កាប់កិច្ចការអឺរ៉ុប  អង់គ្លេស និងពិធីការ។ លោក ក៏ត្រូវដឹងថា ជាមនុស្សជំនិតប្រធានាធិបតី ស៊ី ជិនភីង ដែរ។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងស្ថានភាពល្អក់កករយ៉ាងខ្លាំង ដោយប្រទេសទាំងពីរមានទំនាស់លើបញ្ហាជាច្រើន ក្នុងមានដូចជាលទ្ធិប្រជាធិបតេយ្យ ពាណិជ្ជកម្ម ជំងឺកូវីដ-១៩ និងកោះតៃវ៉ាន់ជាដើម។ ប៉ុន្តែនៅថ្មីៗនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ សុទ្ធតែបានបង្ហាញពីសញ្ញាចង់កែលម្អទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។ 
 
 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ អាមេរិក មិនទាន់តែងតាំងអគ្គរដ្ឋទូតខ្លួនប្រចាំនៅចិននៅឡើយទេ បន្ទាប់ពី លោក Terry Branstad បានចុះចេញពីតំណែងនៅក្នុងខែតុលា ឆ្នាំ២០២០ កន្លងមក។ លោក Nicholas Burns អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅបក្សសម្ព័ន្ធយោធាណាតូ ត្រូវបានមើលឃើញថា ជាបេក្ខភាពដ៏ល្អមួយ សម្រាប់ការតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅចិន៕ 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com