ជាតិ
សង្គមជាតិ
ទិញ-លក់ដីធ្លី៖ មេឃុំដែលនិរាករលើឯកសារខ្លួនឯង គួរទទួលរងចំណាត់ការ?
29, Jul 2021 , 11:59 am        
រូបភាព
ទិដ្ឋភាពដីស្រែចម្ការរបស់ប្រជាពលរដ្ឋ  (រូបតំណាង)
ទិដ្ឋភាពដីស្រែចម្ការរបស់ប្រជាពលរដ្ឋ (រូបតំណាង)
ភ្នំពេញ៖ មេឃុំចំនួន៦នាក់ហើយ ដែលចេញលិខិតនិរាករណ៍ឯកសារខ្លួន លើលិខិតពាក់ព័ន្ធនឹងការទិញ-លក់ និងកាន់កាប់ដីធ្លី នៅតំបន់ការពារធនធានធម្មជាតិ និងដែនអភិរក្ស ។ មន្រី្តរដ្ឋាភិបាលចាត់ទុក ទង្វើមេឃុំនិរាករណ៍លើលិខិត និងឯកសារទាំងនេះ ជារឿងធម្មតា ខណៈអ្នកតាមដានបញ្ហាសង្គម ស្នើឱ្យមានចំណាត់ការ ឬដាក់ទោសទណ្ឌណាមួយលើមេឃុំទាំងនោះ ដើម្បីជាការព្រមាន ព្រោះទង្វើពួកគេនេះ បានធ្វើឲ្យពលរដ្ឋរងគ្រោះ។



មួយរយៈនេះ មេឃុំនៅតំបន់ខ្លះ បានចេញបដិសេធលើការចុះហត្ថលេខានិងប្រថាប់ត្រារបស់ខ្លួន លើលិខិតទិញ-លក់ដីធ្លីក្នុងមូលដ្ឋានជាបន្ទបន្ទាប់ ចាប់ពីខែឧសភា ដល់ខែកក្កដានេះ។ លិខិតបដិសេធទាំងស្រុង របស់មេឃុំទាំងនោះ សុទ្ធតែពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យទិញ-លក់ដីធ្លី នៅតំបន់ការពារធម្មជាតិ ។ ក្រុមមេឃុំទាំងនោះ សុទ្ធតែអះអាងដូចគ្នាថា ខ្លួនមិនសូវយល់ដឹងពីច្បាប់។
 
សម្រាប់លោក គាម សៀកឡុង ទីប្រឹក្សាវិស័យអចលនទ្រព្យកម្ពុជា យល់ឃើញថា ការចេញលិខិតបដិសេធរបស់អាជ្ញាធរឃុំនេះ វាជាមេរៀនមួយល្អ សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ និងពលរដ្ឋ យកទៅសិក្សារៀនសូត្របន្ថែម។ ប៉ុន្តែការចេញលិខិតបដិសេធពេលនេះ វាហាក់ដូចជាហួសពេលបន្តិចហើយ ព្រោះក្រុមហ៊ុនខ្លះ ត្រូវខាតទុនវិនិយោគ និងខូចកេរ្តិ៍ឈ្មោះ ខណៈដែលពលរដ្ឋរងគ្រោះដោយសារការទិញ-លក់ដីធ្លី ដែលទទួលស្គាល់ដោយមេឃុំ-សង្កាត់ទាំងនោះ។
 
ទីប្រឹក្សាផ្នែកអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងជាភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) រូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ៖ «ដើម្បីបង្ការបញ្ហានេះ កុំឲ្យកើតមានឡើងជាបន្តបន្ទាប់ទៀត ពលរដ្ឋនិងអ្នកវិនិយោគ ត្រូវសិក្សាព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ មុនពេលទិញលក់ដីធ្លី បើទោះបីជាមានចេញលិខិតពីអាជ្ញាធរក៏ដោយ កុំចន្លោះក្នុងការពិនិត្យ»។ 
 
មេឃុំ៦រូប ដែលចេញលិខិតបដិសេធលើឯកសារទិញ-លក់ដីធ្លីនោះ រួមមានលោកស្រី កែវ សុផាត មេឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, លោក ទេព ណែម មេឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, លោក ឈូក ផូ មេឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត, លោកស្រី មូល សុខុម មេឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត, លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងលោក តែម ធន មេឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីសួរនាំពីមូលហេតុ និងចំណាត់ការបែបណា លើមេឃុំខ្លួន ដែលចេញលិខិត និងឯកសារទទួលស្គាល់ដីធ្លីរបស់ក្រុមហ៊ុន និងពលរដ្ឋហើយ បែរជាបដិសេធវិញនេះ។ ប៉ុន្តែអភិបាលខេត្តទាំងពីរនេះ សុទ្ធតែអះអាងថា ខ្លួនជាប់រវល់ប្រជុំ មិនអាចបកស្រាយបាន។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំវិញ បានរុញឲ្យសារព័ត៌មានថ្មីៗ ទាក់ទងសួរព័ត៌មានទៅមេឃុំ ឬមេស្រុក ដែលចេញលិខិតបដិសេធនោះតែម្ដង។
 
ជុំវិញករណីនេះ លោក អំ សំអាត មើលឃើញថា អាជ្ញាធរឃុំ កំពុងដកខ្លួនចេញ ពីករណីពាក់ព័ន្ធរំលោភបំពានដីរដ្ឋ ទើបប្រកាសនិរាករណ៍រាល់លិខិត និងឯកសារខ្លួនបែបនេះ។ ប៉ុន្តែក៏មិនអាចឲ្យអាជ្ញាធរឃុំទាំងនេះ រួចខ្លួនបានដែរ។ បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ អាជ្ញាធរឃុំដែលចេញលិខិតទទួលស្គាល់ដីធ្លីខុសច្បាប់ទាំងនេះ ក៏គួរតែទទួលទោស និងចំណាត់ការតាមផ្លូវច្បាប់ដែរ។
 
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ(Licadho) បានលើកឡើងដោយហួសចិត្តថា៖ «វាមិនដែលមាន! ចុះហត្ថលេខាហើយ មកបដិសេធចោលវិញ ដោយមិនមានការទទួលខុសត្រូវទេ។ ហើយបញ្ជាក់ថា មិនសូវយល់ដឹងច្បាប់ ជាហេតុផលមិនសមរម្យទេ ព្រោះពលរដ្ឋមូលដ្ឋានពឹងផ្អែកអាជ្ញាធរមូលដ្ឋាន»។ 
 
ដោយឡែកអ្នកតាមដានព្រឹត្តិការណ៍សង្គមលោក ឡៅ ម៉ុងហៃ ចាត់ទុកទង្វើរបស់មេឃុំបែបនេះ ជាការរំលោភលើសេចក្តីទុកចិត្តប្រជាពលរដ្ឋ ដែលបានបោះឆ្នោតមេឃុំ និងសង្កាត់ រួមទាំងគណបក្សនយោបាយរបស់ពួកគេ។ ដូច្នេះមេឃុំដែលប្រព្រឹត្តខុសទាំងនោះ គួរមានសេចក្ដីក្លាហានលាឈប់ពីតួនាទីជាបន្ទាន់។ 
 
ចំណែកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវមានការទទួលខុសត្រូវចំពោះទង្វើរបស់មេឃុំខ្លួនដែរ។ លើសពីនេះ ក្រសួងពាក់ព័ន្ធនានា ក៏មិនត្រូវឱបដៃឈរមើលករណីនេះឡើយ។ បើតាមលោក ឡៅ ម៉ុងហៃ រដ្ឋក៏ត្រូវសងសំណងខូចខាតដល់ប្រជាពលរដ្ឋរងគ្រោះ ពីកំហុសមន្ត្រីតាមច្បាប់រដ្ឋធម្មនុញ្ញទៀតផង។
 
អ្នកវិភាគសង្គមរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន ដូច្នេះថា៖ «ក្រសួងមហាផ្ទៃ ក៏ត្រូវមានការទទួលខុសត្រូវ ចំពោះកំហុសឆ្គងនិងការខ្វះខាត ក្នុងការបំពេញតួនាទី ករណីយកិច្ចនិងកាតព្វកិច្ចរបស់មន្ត្រីសាធារណៈក្រោមឱវាទរបស់ខ្លួន។ រីឯ ក្រសួងបរិស្ថាន និងក្រសួងដទៃទៀត ក៏ត្រូវទទួលខុសត្រូវចំពោះការខ្វះខាតក្នុងការប្រទាក់ប្រទងការងារ ដើម្បីឲ្យមន្ត្រីក្រោមឱវាទបានយល់ដឹងនិងអនុវត្តធ្វើតាមច្បាប់ ពាក់ព័ន្ធតាមវិស័យនិងដែនសមត្ថភាពរៀងៗខ្លួនដែរ»។ 
 
ទាក់ទងករណីនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ យល់ថា អាជ្ញាធរនិរាករណ៍លើលិខិតខ្លួន វាគ្មានអ្វីចម្លែកឡើយ ព្រោះវាជាសិទ្ធិអាជ្ញាធរ។ អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២៧កក្កដាថា៖ «អ្វីដែលយើងធ្វើខុសយើងអាចលុបវិញបាន មិនចាំបាច់ថ្នាក់លើមកលុបទេ។ ឧទាហរណ៍ក្រុងខុស(ចេញលិខិតខុស)ក្រុងខ្លួនឯងអាចលុបវិញខ្លួនឯងបាន មិនចាំបាច់ក្រសួងទេ»។  
 
នៅពេលសួរអ្នកនាំពាក្យរូបនេះថា តើមានចំណាត់ការអ្វីលើមេឃុំទាំងនោះទេ? លោក ខៀវ សុភ័គ ហាក់ឆ្លើយតបមិនដាច់ស្រេច និងមិនដាក់បន្ទុកលើអាជ្ញាធរមូលដ្ឋានឡើយ។ ប៉ុន្តែលោក សុភ័គ បានពន្យល់វិញថា មូលហេតុដែលអាជ្ញាធរមូលដ្ឋានចេញលិខិតបដិសេធលើឯកសារដីធ្លីខ្លួន ក្រោមហេតុផលថា ពុំសូវដឹងច្បាស់ពីតំបន់នោះ ដោយសារតែក្រសួងបរិស្ថាន ទើបតែបញ្ជាក់ប្រាប់ព័ត៌មានពីទីតាំងនៃដែនដីបរិស្ថាន និងតំបន់អភិរក្សទៅអាជ្ញាធរ។
 
តែយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានបន្ថែមថា បើចង់ឲ្យមានចំណាត់ការច្បាប់លើមន្ត្រីឃុំទាំងនោះ លុះត្រាមានការប្ដឹងទៅតុលាការរដ្ឋបាល ដើម្បីអនុវត្តវិធានការច្បាប់លើពួកគេនោះដែរ។
 
សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានឡើយ ជុំវិញករណីនេះ។ 
 
ប៉ុន្តែយ៉ាងណាក៏ដោយ សង្គមស៊ីវិលក៏ស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើបញ្ហាមេឃុំខាងលើនេះ ឲ្យបានច្បាស់លាស់ ដោយចាត់វិធានការមិនរើសមុខចំពោះច្បាប់ឡើយ។ បើតាមលោក អំ សំអាត ការស្រាវជ្រាវលើបញ្ហានេះ ក៏ត្រូវមានតម្លាភាព ដើម្បីដោះស្រាយ និងទប់ស្កាត់បញ្ហាផ្សេងទៀត នៅថ្ងៃក្រោយ កុំឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត និងសង្ស័យលើការងាររបស់អាជ្ញាធរ។ «ទាក់ទងនឹងការចុះហត្ថលេខាមិនសមស្របឬខុសបែបហ្នឹង យើងសង្គមស៊ីវិលស្នើឲ្យមានការស្រាវជ្រាវឲ្យបានច្បាស់លាស់»។ នេះបើតាមនាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ(Licadho)៕ 
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com