កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះមេដាយប្រាក់នៅអូឡាំពិកតូក្យូ កីឡាការិនីឥណ្ឌាម្នាក់ អាចញ៉ាំភីហ្សា និងមើលកុនឥតគិតថ្លៃមួយជីវិត
29, Jul 2021 , 12:29 pm        
រូបភាព
កីឡាការិនីឥណ្ឌា Chanu Saikhom Mirabai បានឈ្នះមេដាយប្រាក់លើវិញ្ញាសាលើកទម្ងន់៤៩គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។ តាមរយៈមេដាយប្រាក់នេះ Chanu ទទួលបានប្រាក់ឧបត្តម្ភជាច្រើន រួមទាំងបានការផ្គត់ផ្គង់ភីហ្សា និងសំបុត្រកុនឥតគិតថ្លៃពេញមួយជីវិតថែមទៀត។


Mirabai ទទួលចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសាលើកទម្ងន់ ៤៩ គីឡូក្រាមផ្នែកនារី កាលពីថ្ងៃទី២៤ ខែកក្កដា ខណៈកីឡាការិនីចិន Hou Zhihui ឈ្នះមេដាយមាស និង Cantika Aisah របស់ឥណ្ឌូណេស៊ីឈ្នះមេដាយសំរឹទ្ធិ។ នេះជាមេដាយតែ១គត់របស់ឥណ្ឌា ដែលរកបានក្នុងការប្រកួតកីឡារដូវក្តៅ រហូតមកដល់ថ្ងៃទី២៩ ខែកក្កដានេះ។
 
ចាប់តាំងពី Mirabai ទទួលបានមេដាយប្រាក់អូឡាំពិក ក្រុមហ៊ុនផលិតនំភីហ្សាមួយនៅឥណ្ឌា សន្យាផ្តល់ភីហ្សាមួយប្រអប់ជារៀងរាល់ថ្ងៃ ដល់កីឡាការិនីវ័យ២៦ឆ្នាំរូបនេះអស់មួយជីវិត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 


 
ក្រៅពីភីហ្សា ក្រុមហ៊ុន INOX ក៏អះអាងដែរថា ពួកគេនឹងមិនឱ្យ Mirabai ចំណាយលើថ្លៃសំបុត្រកុនទៀតទេ ចាប់ពីពេលនេះតទៅ។ INOX បន្ថែមថាក្រុមហ៊ុនខ្លួន នឹងផ្គត់ផ្គង់សំបុត្រកុនពេញមួយជីវិត ដល់អត្តពលិកឥណ្ឌារូបណា ដែលឈ្នះមេដាយគ្រប់កម្រិតពីអូឡាំពិកឆ្នាំ២០២០នេះ។ សម្រាប់អត្តពលិកដែលមិនបានទទួលមេដាយ ក្រុមហ៊ុនផ្តល់ជូនសំបុត្ររយៈពេល១ឆ្នាំ។
 
ឥណ្ឌា បានបញ្ជូនអត្តពលិកសរុបចំនួន១២៥នាក់ ទៅចូលរួមប្រជែងមេដាយនៅអូឡាំពិកក្រុងតូក្យូ ដែលរៀបចំពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ កីឡាការិនីឥណ្ឌាផ្សេងទៀត ដែលគេជឿជាក់ថា នឹងអាចដណ្តើមមេដាយជូនជាតិបន្តបន្ទាប់ទៀត មានដូចជា កីឡាការិនីវាយសី Pusarla Venkata Sindhu កីឡាការិនីប្រដាល់ដ៏ឆ្នើម Mary Kom កីឡាការិនីចំបាប់ Vinesh Phogat និងកីឡាករិនីបាញ់ព្រួញ Deepika Kumari៕
 

Tag:
 Chanu Saikhom Mirabai
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com