កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Portsmouth បណ្តេញកីឡាករ៣នាក់ព្រោះរើសអើង Rashford, Sancho និង Saka
29, Jul 2021 , 3:29 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្លិបបាល់ទាត់ Portsmouth ដែលលេងនៅក្របខណ្ឌ League 1 របស់អង់គ្លេស បានបណ្តេញកីឡាករយុវជន៣នាក់ចេញ ក្រោយត្រូវរកឃើញថា និយាយរើសអើងកីឡាករជម្រើសជាតិអង់គ្លេសបីរូបមាន Marcus Rashford, Jadon Sancho និង Bukayo Saka ។ អ្នកទាំងបី ជាមុខសញ្ញានៃការរិះគន់ក្រោយស៊ុតបាល់១១ម៉ែត្រមិនចូលនាការប្រកួតពានរង្វាន់ Euro 2020 ។


ត្រឡប់ទៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ក្រុមអង់គ្លេសបានចាញ់ក្រុមអ៊ីតាលី ខណៈ Rashford, Sancho, Saka សុទ្ធតែស៊ុតបាល់ប៉េណាល់ទីមិនចូលដូចគ្នា។ អ្នកទាំងបី ក៏រងការរិះគន់ជាច្រើន រហូតមានការប្រើប្រាស់ពាក្យរើសអើងផង។
 
ទាក់ទងរឿងនេះ នៅថ្ងៃទី២៨ ខែកក្កដា ក្លិប Portsmouth ក៏រកឃើញកីឡាកររបស់ខ្លួនជាប់ពាក់ព័ន្ធផងដែរ។ ក្លិប League 1 មួយនេះថា ខ្លួនបានបញ្ចប់ការសើបអង្កេតលើករណីរើសអើង ហើយរកឃើញកីឡាករបីនាក់មកពីឈុតយុវជនអាយុក្រោម១៨ឆ្នាំបានពាក់ព័ន្ធ។ សកម្មភាពរបស់ពួកគេ កើតក្នុងក្រុមផ្ញើសាររបស់ Snapchat ដោយក្នុងនោះ មានការប្រើសម្ដីដូចជា «ផ្ទះរបស់ពួកគេគួរត្រូវបំផ្ទុះចោល» និង «អាខ្មៅទាំងបីស៊ុតមិនចូល» ។ កីឡាករម្នាក់ថែមទាំងប្រើប្រាស់ emoji រូបស្វាទៀតផង។


 
«ក្លិបបានទទួលស្គាល់កំហុសរបស់កីឡាករទាំង៣នាក់ ហើយក្លិបក៏បានសម្រេចបណ្តេញកីឡាករទាំង៣នាក់នោះចេញភ្លាមៗផងដែរពីក្រុមយុវជន។ ក្លិប Postsmouth បានសរសេរនៅគេហទំព័រផ្លូវការបែបនេះមុនបន្តទៀតថា
 
កីឡាករទាំង៣នាក់នោះក៏អាចមានសិទ្ធិប្ដឹងឧទ្ធរណ៍ផងដែរចំពោះការសម្រេចចិត្តរបស់ក្លិបបែបនេះ។»
 
ក្លិប Portsmouth ក៏បានអះអាងទៀតថា ក្លិបមួយនេះជាផ្នែកមួយនៃការលើកកម្ពស់វិស័យបាល់ទាត់ រួមទាំងចូលរួមលើកកម្ពស់បរិយាកាសសមភាពក្នុងសង្គមបាល់ទាត់របស់អង់គ្លេស និងស្នើឲ្យអ្នកគាំទ្របញ្ឈប់ការរើសអើងជាតិសាសន៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com