ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អតីតមន្រ្តីសង្គ្រោះជាតិថ្នាក់មូលដ្ឋានម្នាក់ទៀត ត្រូវជាប់ទោសមួយឆ្នាំកន្លះ ពីបទញុះញង់
29, Jul 2021 , 3:59 pm        
រូបភាព
លោក ប៉ែន ច័ន្ទសង្គ្រាម ធ្វើអត្ថាធិប្បាយពីបញ្ហាផ្សេងៗ ពេលចូលរួមឲ្យដោះលែងលោក រ៉ុង ឈុន កាលពីឆ្នាំ២០២០ ដោយហ៊ុមព័ទ្ធដោយសមត្ថកិច្ច អ្នកកាសែត និង ប្រជាពលរដ្ឋ។
លោក ប៉ែន ច័ន្ទសង្គ្រាម ធ្វើអត្ថាធិប្បាយពីបញ្ហាផ្សេងៗ ពេលចូលរួមឲ្យដោះលែងលោក រ៉ុង ឈុន កាលពីឆ្នាំ២០២០ ដោយហ៊ុមព័ទ្ធដោយសមត្ថកិច្ច អ្នកកាសែត និង ប្រជាពលរដ្ឋ។
ដោយ: ថ្មីៗ
លោក ប៉ែន ច័ន្ទសង្គ្រាម អតីតសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ និងត្រូវពិន័យប្រាក់បីលានរៀល ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ តុលាការភ្នំពេញ បានប្រកាសសាលក្រមពីការផ្តន្ទាទោសលើលោក ប៉ែន ច័ន្ទសង្គ្រាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

 

លោក សំ សុគង់ មេធាវីរបស់លោក ប៉ែន ច័ន្ទសង្គ្រាម ប្រាប់សារព័ត៌មានថ្មីៗថា ការសម្រេចរបស់តុលាការ គឺមិនអាចទទួលយកបានឡើយ។ លោក យល់ថា ការសម្រេចនេះ គឺមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក។ លោក មានប្រសាសន៍ថា៖«ពេលចេញពីការប្រកាសក្រមកាលពីម្សិលមិញ កូនក្តីគាត់ បានប្រាប់មកមេធាវីថា គាត់ មិនទទួលយកសាលក្រមទេ។ គាត់ ស្នើសុំឲ្យមេធាវីប្តឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមហ្នឹង»។ 
 
លោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវចាប់ខ្លួនកាលពីអំឡុងខែមករា ឆ្នាំ២០២១ និងត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារលោក ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេសហជីពដ៏លេចធ្លោរម្នាក់ ហើយក៏ជាអ្នកមាននិន្នាការទៅខាងអតីតគណបក្សប្រឆាំងដែរ។ 
 
លោក ប៉ែន ច័ន្ទសង្គ្រាម មិនមែនគ្រាន់តែទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ទេ ដោយក្នុងការទាមទារនោះ លោក ថែមទាំងធ្វើអត្ថាធិប្បាយពីបញ្ហាព្រំដែន និង បញ្ហាជនជាតិវៀតណាម ចូលមករស់នៅកម្ពុជាផងដែរ។ ការធ្វើអត្ថាធិប្បាយរបស់លោក លាយឡំជាមួយនឹងរិះគន់រដ្ឋាភិបាលធ្ងន់ៗ គឺជាដើមហេតុមួយ ដែលនាំឲ្យលោក ត្រូវចាប់ខ្លួន និងត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។  
 
លោក រ៉ុង ឈុន ដែលកំពុងជាប់ឃុំ ត្រូវចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ ក្រោមបទចោទញុះញង់បង្ករឲ្យមានអសន្តិសុខសង្គម ដោយសារលោក ចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបាត់ដីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងបានរំកិលចូលមកក្នុងព្រំដែនកម្ពុជាទៀត។ លោក ចេញសេចក្តីថ្លការណ៍នេះ បន្ទាប់ពីលោក បានចុះទៅពិនិត្យផ្ទាល់នៅតំបន់ព្រំដែននោះ ហើយលោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការប្រាប់របស់ប្រជាពលរដ្ឋជាជនរងគ្រោះ។ 
 
យ៉ាងណា គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ចេញបំភ្លឺនាពេលនោះថា កម្ពុជា មិនបានបាត់ដីទៅខាងបរទេសឡើយ។ 
 
ក្រោយចាប់លោក រ៉ុង ឈុន លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៏បានចុះទៅពិនិត្យតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន ចុះទៅពិនិត្យ ដើម្បីដឹងឲ្យច្បាស់ថា អ្វីដែលលោក រ៉ុង ឈុន លើកឡើងក្នុងសេចក្តីថ្លែងការណ៍ ជាការពិតឬខុសពីការពិត។ ចុះទៅពិនិត្យតំបន់ព្រំដែនរួចហើយ លោក សួង សុភ័ណ្ឌ ក៏បាននិយាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ 
 
ចុះពិនិត្យព្រំដែន និងធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី ចប់ហើយ លោក សួង សុភ័ណ្ឌ ក៏ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ នៅខែសីហា ឆ្នាំ២០២០ ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ លោក ត្រូវតុលាការភ្នំពេញ ផ្តន្ទាទោសរួចហើយ ដោយឲ្យលោក ជាប់ពន្ធនាគារម្ភៃខែ និងពិន័យឲ្យលោក បង់ប្រាក់ដល់ទៅជាងកន្លះដុល្លារឯណោះ។ 
 
ចំពោះលោក រ៉ុង ឈុន តុលាការ មិនទាន់សម្រេចផ្តន្ទាទោសនោះទេ។ នៅមានយុវជនយុវតីមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន និងកំពុងជាប់ឃុំ ដោយសារចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ យុវជនយុវតីទាំងនោះ មានដូចជា អតីតព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្មមុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡាវី យុវជន មួង សុភ័ក្ត្រ យុវតី ឈឿ ដារាវី យុវតី សូ មេត្តា និង យុវតី ស កន្និកា ជាដើម។ ភាគច្រើនក្នុងចំណោមពួកគេ គឺរងបទចោទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដូចនឹងលោក រ៉ុង ឈុន ដែរ៕  
 

Tag:
 CNRP
  សំ សុគង់
  ប៉ែន ច័ន្ទសង្គ្រាម
  រ៉ុង ឈុន
  ព្រំដែន
  បទញុះញង់
© រក្សាសិទ្ធិដោយ thmeythmey.com