ជាតិ
សេដ្ឋកិច្ច
ធនាគារ ARDB នឹងជួយដោះស្រាយបញ្ហាស្រូវកសិករ ដែលកំពុងធ្លាក់ថ្លៃ
29, Jul 2021 , 8:59 pm        
រូបភាព
​ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
ភ្នំពេញ៖ បញ្ហាកូវីដ-១៩ បានធ្វើឱ្យវិស័យស្រូវ-អង្ករ នៅកម្ពុជា ជួបបញ្ហាធ្ងន់ធ្ងរ។ បច្ចុប្បន្ន តម្លៃស្រូវ កាន់តែធ្លាក់ចុះ ថែមទាំងដំណើរការនាំចេញស្រូវ មានការរាំងស្ទះ ដោយបញ្ហាកូវីដ-១៩ ទៀតផង។ ដើម្បីដោះស្រាយបញ្ហានេះ ជូនកសិករ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានត្រៀមថវិការួចជាស្រេច សម្រាប់ផ្ដល់ឱ្យបណ្ដារោងម៉ាស៊ីនកិនស្រូវ ក្នុងស្រុក ដើម្បីប្រមូលទិញស្រូវ ពីកសិករ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារ ARDB នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

 
ដើម្បីចូលរួមដោះស្រាយបញ្ហាស្រូវជូនកសិករ ធនាគារ ARDB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានជាបន្តបន្ទាប់ ដល់រោងម៉ាស៊ីនកិនស្រូវ។ ដោយឡែក នៅក្នុងរដូវប្រមូលផលស្រូវខាងមុខនេះ ធនាគារក៏បានត្រៀមថវិកាមួយចំនួនធំ សម្រាប់បន្តផ្តល់ឥណទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវ ពីប្រជាកសិករ ដែលកំពុងជួបនូវបញ្ហាទីផ្សារនេះ។
 
បើតាមលោក ចាន់ សីហា អ្នកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផែនការប្រមូលទិញស្រូវ ពីកសិករ របស់ធនាគារ ARDB មិនមែន ទើបតែចាប់ផ្ដើម ក្នុងវិបត្តិកូវីដ-១៩ នោះទេ ពោលចាប់ពី ឆ្នាំ២០១៦ មកម្លេះ។ លោក សីហា បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទបែបនេះ៖«រឿងនេះ យើងមិនមែន ទើបតែធ្វើទេ យើងធ្វើតាំងពី២០១៦ម្លេះ ហើយថវិកា ក៏មានស្រាប់ហើយដែរ។ ឆ្នាំនេះ ធនាគារក៏បានផ្ដល់ថវិកាដល់រោងម៉ាស៊ីនជាបន្តបន្ទាប់ហើយដែរ ដើម្បីប្រមូលទិញស្រូវពីកសិករ»។


លោក ចាន់ សីហា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ និងកសិកម្ម 

ដ្បិតថា មិនបញ្ជាក់ពីទំហំថវិកា សម្រាប់ឆ្នាំនេះ តែអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ធនាគារនឹងជួយកសិករឱ្យលទ្ធភាពតាមដែលអាចធ្វើទៅបាន។ លោក សីហា បានបញ្ជាក់ទៀតថា រយៈពេល ៥ឆ្នាំ ក្នុងសកម្មភាពនេះ ធនាគារ ARDB បានទទួលថវិកា ២ដំណាក់កាលពីរដ្ឋាភិបាលកម្ពុជា។ ដំណាក់ទី១ ធនាគារទទួលបានថវិកា ៥០លានដុល្លារ និងដំណាក់កាលទី២ ធនាគារទទួលបានថវិកា ចំនួន ៣០លានដុល្លារ។ 
 
ស្ថិតក្នុងស្ថានភាពកំពុងរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម មានការរាំងស្ទះក្នុងការនាំចេញស្រូវ ស្របពេលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបិទខ្ទប់ ភូមិសាស្ត្រខេត្តចំនួន៨ ដែលជាប់ព្រំប្រទល់ប្រទេសថៃទៀតនោះ វាអាចធ្វើឱ្យវិស័យស្រូវ-អង្ករ កម្ពុជា កាន់តែចង្អៀត។ 
 
លោក ចាន់ សីហា បានបញ្ជាក់បន្ថែមបែបនេះ៖«បើយើងមើលពីស្ថានភាព បច្ចុប្បន្ន ដូចជាមានសភាពធ្ងន់ធ្ងរ វាដូចជាលើស សមត្ថភាពរបស់ធនាគារ។ តែយ៉ាងណា ធនាគារ នឹងជួយកសិករ ឱ្យអស់លទ្ធភាព»។ 
 
ជុំវិញនូវការលើកឡើងនេះ សហព័ន្ធស្រូវ-អង្ករ កម្ពុជា បានសាទរយ៉ាងខ្លាំង និងគាំទ្រចំពោះការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ខាងលើ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បាននិយាយដូច្នេះ«ខ្ញុំគាំទ្រពេញទំហឹង និងសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងជួយដោះស្រាយបញ្ហាជូនកសិករ»។ 
 
គួរបញ្ជាក់ថា ថ្មីៗនេះ កម្ពុជា បានជួបបញ្ហាធ្លាក់ចុះតម្លៃស្រូវ យ៉ាងខ្លាំង ដោយសារភាគីវៀតណាម បានបិទច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ព្រោះទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ មូលហេតុនេះ បានធ្វើឱ្យកម្ពុជាមិនអាចនាំចេញស្រូវ ទៅវៀតណាម និងធ្វើឱ្យតម្លៃស្រូវកម្ពុជា ធ្លាក់ថ្លៃមកត្រឹម៦៥០រៀល ទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម។
 
រយៈពេល ៦ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញ ប្រមាណ ១,៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ ប្រទេសវៀតណាម ជាទីផ្សារគោលដៅធំជាងគេ របស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
 


លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា


Tag:
 បញ្ហាស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com