COVID-19
ជាតិ
COVID-19៖ករណីថ្មី ៦៦៨ នាក់ ជាសះស្បើយ៨១២នាក់ និងស្លាប់ ២៥នាក់ រូបថត៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
× មនុស្សចំនួន ៦៦៨ នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ដែលជាចំនួនឆ្លងតិចបំផុត ចាប់តាំងពីដើមខែកក្កដាមក។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន២៤០នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ៨១២នាក់បន្ថែម និងអ្នកស្លាប់មាន ២៥នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដានេះ។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៦.៥៨៥ នាក់ ក្នុងនោះ ១០.២៨៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៦៩.១៩៨ នាក់ និងស្លាប់សរុប ១.៣៧៥នាក់។
ដ្បិតថា នៅថ្ងៃទី២៩ ខែកក្កដា ចំនួនឆ្លងប្រចាំថ្ងៃមានចំនួនតិចជាងគេ ក្នុងរយៈប្រមាណ១ខែចុងក្រោយនេះ ប៉ុន្តែវានៅតែចំនួនដ៏ខ្ពស់មួយ ខណៈអ្នកជំងឺនៅព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនានានៅចំនួនច្រើនដែរ។ ឆ្លើយតបនឹងករណីនេះ នៅថ្ងៃទី២៩ ខែកក្កដា ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យខេត្តចំនួន២៣ អាចដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគញមានរោគសញ្ញា ព្យាបាលនៅតាមផ្ទះបាន។ ខេត្តទាំងនោះ មានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងខេត្តស្វាយរៀង។ ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានប្រកាសមុនគេចំពោះការដាក់ឱ្យអ្នកជំងឺកម្រិតស្រាលអាចព្យាយាមតាមផ្ទះ ខណៈនៅសល់តែខេត្តកណ្តាលមួយប៉ុណ្ណោះ ដែលមិនទាន់មានការអនុញ្ញាត៕
© រក្សាសិទ្ធិដោយ thmeythmey.com