ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អង្គការអន្តរជាតិ ស្នើជាថ្មីឲ្យដោះលែងលោក រ៉ុង ឈុន
30, Jul 2021 , 5:06 pm        
រូបភាព
លោក រ៉ុង ឈុន កាន់ឧគ្ឃោសនសព្ទនិយាយ ពេលចូលរួមទាមទារឲ្យរដ្ឋាភិបាល ជួយផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ ដែលជួបការលំបាកដោយសារជំងឺកូវីដ-១៩។ ការចូលរួមរបស់លោក រ៉ុង ឈុន ជាមួយកម្មករ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុន១ថ្ងៃនៃការចាប់ខ្លួនលោក។ រូបពី AFP
លោក រ៉ុង ឈុន កាន់ឧគ្ឃោសនសព្ទនិយាយ ពេលចូលរួមទាមទារឲ្យរដ្ឋាភិបាល ជួយផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ ដែលជួបការលំបាកដោយសារជំងឺកូវីដ-១៩។ ការចូលរួមរបស់លោក រ៉ុង ឈុន ជាមួយកម្មករ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុន១ថ្ងៃនៃការចាប់ខ្លួនលោក។ រូបពី AFP
ដោយ: ថ្មីៗ
អង្គការអន្តរជាតិ ស្នើម្តងទៀតឲ្យដោះលែងលោក រ៉ុង ឈុន និង សកម្មជននានា។ តែមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តបថា អង្គការទាំងនោះ គ្មានឥទ្ធិពលលើតុលាការកម្ពុជាឡើយ។

 

សម្ព័ន្ធអង្គការសង្គមស៊ីវិលសាកល ហៅជាភាសាអង់គ្លេសថា  The Global Civil Society Alliance (CIVICUS) បានទាមទារឲ្យរដ្ឋាភិបាល ក៏ដូចជាតុលាការកម្ពុជា ទម្លាក់បទចោទចេញពីលោក រ៉ុង ឈុន ជាមេសហជីពដ៏ល្បីម្នាក់ ហើយដោះលែងលោកឲ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌ។ ការទាមទារនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ហៅជាភាសាអង់គ្លេសថា International Federation for Human Rights  (Fidh) បានចេញសេចក្តីថ្លែងការណ៍មួយដែរ កាលពី២៨ ខែកក្កដា ដោយស្នើឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់រាល់សកម្មភាពប្រឆាំងនឹងសកម្មជនបរិស្ថាន ឬសកម្មជនផ្សេងៗទៀត ហើយសុំឲ្យតុលាការ ដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។

លោក រ៉ុង ឈុន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយលោកធ្វើអត្ថាធិប្បាយជុំវិញរឿងព្រំដែន។ មកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេលមួយឆ្នាំត្រឹម ដែលលោក ត្រូវចាប់ខ្លួន។

អង្គការ CIVICUS សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖«អស់រយៈពេលមួយឆ្នាំហើយនៃការចាប់លោក រ៉ុង ឈុន។ ការបន្តធ្វើទុក្ខបុកម្នេញលើលោក គឺបង្ហាញពីការបង្ក្រាបរបស់រដ្ឋាភិបាល លើសកម្មជន ហើយការបន្តឃុំលោក ក្នុងអំឡុងរីករាលដាលជំងឺកូវីដ-១៩ គឺជាការដាក់ជីវិតរបស់លោក ក្នុងភាពគ្រោះថ្នាក់»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការសុំឲ្យដោះលែងលោក រ៉ុង ឈុន និងសកម្មភាពនានា ពីសំណាក់អង្គការអន្តរជាតិខាងលើ ថាជាសិទ្ធិបញ្ចេញមតិ។ តែលោក បញ្ជាក់ថា អង្គការទាំងនោះ មិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការកម្ពុជាទេ ហើយក៏មិនមានឥទ្ធិពលលើតុលាការដែរ។

លោក រិះគន់វិញថា អង្គការអន្តរជាតិទាំងនោះ មិនយល់ស្ថានការណ៍ច្បាប់កម្ពុជាឡើយ។ លោក បកស្រាយថា ការអនុវត្តច្បាប់នៅកម្ពុជា ឈរលើមូលដ្ឋានគ្រឹះពីរសំខាន់ៗ គឺ ទីមួយ ផ្នែកលើអង្គសេចក្តី និងទីពីរ ផ្នែកលើអង្គច្បាប់។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ពួកគាត់ អត់ស្គាល់ខ្មែរច្បាស់ទេ»។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងការពារទៀតថា ក្រសួងសុខាភិបាល និងអាជ្ញាធរពន្ធនាគារ បានដាក់ចេញវិធានការត្រឹមត្រូវ ក្នុងការការពារអ្នកជាប់ឃុំ។ លោក ថ្លែងថា៖«មិនមែនបានន័យថា សម័យកាលកូវីដ ត្រូវតែដោះលែងមនុស្សទាំងអស់ឯណា»។

អង្គការអន្តរជាតិ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ស្របពេលលោក ត្រូវបានតុលាការភ្នំពេញ បើកសវនាការកាត់ក្តីលោក នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ លោកមេធាវី សំ សុគង់ ប្រាប់សារព័ត៌មានថ្មីៗថា សាលក្រម ដែលសម្រេចឲ្យលោក រ៉ុង ឈុន ជាកូនក្តីរបស់លោក មានទោសឬអត់នោះ នឹងត្រូវប្រកាស នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

លោក សំ សុគង់ មានប្រសាសន៍ថា៖«[ក្នុងសវនាការ] ក្រុមមេធាវី បានស្នើឲ្យតុលាការ ទម្លាក់បទចោទ និងសុំឲ្យកូនក្តីរួចផុតពីបទចោទ តែតុលាការ អាចនឹងមិនទទួលតាមការស្នើសុំរបស់ក្រុមមេធាវីទេ ដោយសាររឿងនេះ មានចរិតនយោបាយច្រើនជាងរឿងផ្លូវច្បាប់»។

កាលពីពាក់កណ្តាលឆ្នាំ២០២០ លោក រ៉ុង ឈុន បានចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម ថែមទាំងរំកិលចូលមកឈរជើងក្នុងទឹកដីកម្ពុជាទៀត។ នេះ ជាមូលហេតុ ដែលលោក ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម និងត្រូវចាប់ខ្លួន។ លោក អះអាងថា អ្វីដែលលើកឡើងក្នុងសេចក្តីថ្លែងការណ៍ គឺលោក ទទួលបានពីការរាយការណ៍របស់ប្រជាពលរដ្ឋរងគ្រោះ។

យុវជនយុវតីមួយចំនួន ក៏ត្រូវបានចាប់ខ្លួនដែរ និងកំពុងជាប់ឃុំដល់សព្វថ្ងៃ ក្រោមបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពួកគេ ចេញទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ ចំណែក លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារម្ភៃខែ និងតម្រូវឲ្យលោក បង់ប្រាក់ដល់ទៅកន្លះលានដុល្លារ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយរឿងព្រំដែន តាមក្រោយលោក រ៉ុង ឈុន។

លោក សួង សុភ័ណ្ឌ បានចុះទៅពិនិត្យតាមតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន បានចុះទៅពិនិត្យ។ លោក ចង់ដឹងថា តំបន់ព្រំដែន ដែលលោក រ៉ុង ឈុន លើកឡើងនោះ ជាការពិត ឬខុសពីការពិត។ ចុះទៅពិនិត្យរួចហើយ លោក បាននិយាយជាមួយសារព័ត៌មាន ឌឹ ខែមបូឌា ដេលី (The Cambodia Daily) ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ បន្ទាប់មក លោក ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២០។

បន្ទាប់ពីលោក សួង សុភ័ណ្ឌ គឺលោក ប៉ែន ច័ន្ទសង្គ្រាម អតីតសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ត្រូវតុលាការភ្នំពេញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ និងតម្រូវឲ្យបង់ប្រាក់បីលានរៀល ក្នុងបទចោទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ លោក ប៉ែន ច័ន្ទសង្គ្រាម រងបទចោទនេះ ព្រោះតែលោក ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងបានធ្វើអត្ថាធិប្បាយពីបញ្ហាព្រំដែន បញ្ហាជនជាតិវៀតណាមចូលមករស់នៅក្នុងប្រទេសកម្ពុជា រួមទាំងរិះគន់រដ្ឋាភិបាលខ្លាំងៗ។

ចំពោះលោក រ៉ុង ឈុន និងសកម្មជននានា អង្គការអន្តរជាតិ ធ្លាប់ស្នើឲ្យតុលាការកម្ពុជា ដោះលែងពួកលោកច្រើនដងមកហើយ តែមិនទទួលបានលទ្ធផលអ្វីឡើយ៕   
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com