ជាតិ
ថៃដាក់លក្ខខណ្ឌថ្មីឲ្យកម្ពុជា សម្រាប់ការនាំគ្រាប់ពោតចូលប្រទេសខ្លួន
30, Jul 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រទេសថៃ បានសម្រេចដាក់លក្ខខណ្ឌថ្មី ជាមួយកម្ពុជា សម្រាប់ការនាំចូលគ្រាប់ពោតចូលទៅប្រទេសរបស់ខ្លួន។ លក្ខខណ្ឌថ្មីនេះ របស់ភាគីថៃ ហាក់ដូចជា បង្កើនការរឹតបន្តឹង ចំពោះដំណើរការនាំចូលគ្រាប់ពោតពីកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានកសិកម្ម ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

 
លោក ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម បានណែនាំ ដល់បណ្ដាក្រុមហ៊ុននាំចេញគ្រាប់ពោត ទៅប្រទេសថៃទាំងអស់ ត្រូវអនុវត្តតាមលក្ខខណ្ឌថ្មីនេះ ទើបអាចនាំចេញគ្រាប់ពោតបាន។ តាមរយៈសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានកសិកម្ម បានបញ្ជាក់ដូច្នេះ៖«នៅពេលទំនិញទៅដល់ច្រកទ្វារព្រំដែន មន្រី្តភូតគាមអនាម័យនៃប្រទេសថៃ នឹងត្រួតពិនិត្យ រាល់ទំនិញទាំងនេះ។ ប្រសិនរកឃើញថា ទំនិញទាំងនោះ មិនមានអនុលោមតាម លក្ខខណ្ឌតម្រូវនោះ ទំនិញបញ្ញើទាំងនោះនឹងត្រូវបញ្ចូនត្រឡប់មកវិញ ឬកម្ចេចចោល»។
 
លក្ខខណ្ឌថ្មី ដែលភាគីថៃ ដាក់ជូនកម្ពុជា គឺតម្រូវឱ្យបណ្ដាក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដែលមានបំណង គឺត្រូវមានលិខិតអនុញ្ញាតនាំចូល ពីនាយកដ្ឋានកសិកម្មថៃសិន មុននឹងនាំចេញ។ បន្ថែមលើលិខិតអនុញ្ញាតនេះ ភាគីថៃតម្រូវឱ្យកម្ពុជា ដឹកជញ្ជូនគ្រាប់ពោត ទៅកាន់ថៃ តាមផ្លូវគោក ឬ ផ្លូវសមុទ្រ។ ចំណែកគ្រាប់ពោត ត្រូវតែធានាថា ស្អាតល្អ និងគ្មានសមាសភាពចង្រៃ គ្មានរោគសញ្ញា និង ភ្នាក់ងារចម្លង។ ការវេចខ្ចប់គ្រាប់ពោត ត្រូវតែស្អាតជានិច្ច និងជាការវេចខ្ចប់ថ្មី ហើយគ្រាប់ពោតត្រូវធ្វើធូបនកម្មមុននាំចេញ ដោយប្រើប្រាស់ថ្នាំ Methly Bromide។ ម្យ៉ាងវិញទៀត គ្រាប់ពោត ត្រូវដឹកជញ្ជូនតាមកុងតឺន័រ ឬរថយន្តដឹកទំនិញតូចៗ ត្រូវតែបិតឲ្យជិត ដោយគោរពទៅតាមភូតគាមអនាម័យ ដែលមានវិញ្ញាបនបត្រចេញដោយអគ្គនាយកដ្ឋានកសិកម្ម។ នេះបើតាមលោក ងិន ឆាយ។


ដំណាំពោតរបស់កសិករក្នុងខេត្តត្បូងឃ្មុំ 

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា នៅរយៈពេល ៦ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ពោត ជាង ១៤ម៉ឺនតោន ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ កើនឡើង ជាង ១៧៦ភាគរយ។ ក្នុងនោះ គ្រាប់ពោត ដែលកម្ពុជា នាំចេញទៅប្រទេសវៀតណាម ជិត១០ម៉ឺនតោន និងគ្រាប់ពោត ដែលបាននាំទៅថៃ ជាង ៤ម៉ឺនតោន៕
 

Tag:
 ពោត
© រក្សាសិទ្ធិដោយ thmeythmey.com