អន្តរជាតិ
លោកប្លីងខិន៖ ការចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ មិនអាចបន្តរហូតឡើយ
30, Jul 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន នាទស្សនកិច្ចនៅកូវ៉ែត។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន នាទស្សនកិច្ចនៅកូវ៉ែត។ រូបថត AFP
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៩ ខែកក្កដា អះអាងថា ការចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មិនអាចបន្តរហូតគ្មានទីបញ្ចប់ឡើយ ហើយជំហានបន្ទាប់ គឺអាស្រ័យលើអ៊ីរ៉ង់។ ប៉ុន្តែអ៊ីរ៉ង់ដែលនឹងមានរដ្ឋាភិបាលថ្មីនោះ ហាក់មិនទុកចិត្តអាមេរិកឡើយ បើទោះជាចង់បានការលើកទណ្ឌកម្មទាំងអស់ក្ដី។

 
ការចរចារវាងភាគីពាក់ព័ន្ធដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅតែមានដំណើរការ បើទោះជាមិនទាន់លទ្ធផលដុំកំភួនក្ដី។ យ៉ាងណាមិញ អាមេរិក ហាក់មិនចង់ឃើញការចរចាបែបនេះបន្តមានរហូតដែរ ទោះជាខ្លួនចង់មានកិច្ចព្រមព្រៀងទម្រង់ថ្មីដែលកំហិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ដោយ។ 
 
ពីទឹកដីកូវ៉ែត រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន និយាយថា ការចរចាជាមួយអ៊ីរ៉ង់ មិនអាចធ្វើដោយគ្មានទីបញ្ចប់ឡើយ តែអាមេរិកក៏មិនទាន់ដើរចេញពីតុចរចាដែរ។ លោកអះអាងថា អាមេរិកនឹងមើលថា អ៊ីរ៉ង់ត្រៀមខ្លួនឬនៅសម្រាប់ការចរចា។
 
«យើងនៅតែប្រកាន់ខ្ជាប់ការទូត ប៉ុន្តែដំណើរការនេះ មិនអាចបន្តជានិរន្តរ៍ឡើយឡើយ។ យើងនឹងមើលថា អ៊ីរ៉ង់ត្រៀមហើយអ្វីខ្លះ និងមិនទាន់ត្រៀមអ្វីខ្លះ ហើយអាមេរិកនៅតែត្រៀមខ្លួនជានិច្ចដើម្បីវិលត្រឡប់ទៅរកការចរចានៅវីយែនវិញ។» លោក ប្លីងខិន បញ្ជាក់នេះដោយសំដៅការចរចារនៅទីក្រុងវីយែនវាងប្រទេសមហាអំណាច និងអ៊ីរ៉ង់ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ។ លោកបន្ថែមថា ពេលនេះបាល់នៅខាងអ៊ីរ៉ង់ហើយ។
 
សម្រាប់អ៊ីរ៉ង់វិញ រដ្ឋបាលប្រធានាធិបតីចប់អាណត្តិ ហាសាន់ រូហានី ប្រឹងប្រែងខ្លាំងណាស់ដែរក្នុងចរចាជាមួយភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងដែលអាមេរិកដើរចេញនៅឆ្នាំ២០១៨ ក្រោមអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ ។ ប៉ុន្តែការចរចា ទំនងជានៅទ្រឹងសិន ព្រោះលោក រូហានី នឹងផ្ទេរតំណែងប្រធានាធិបតីថ្មីលោក អ៊ីប្រាហ៊ីម រ៉ៃស៊ី នៅខែក្រោយ។ លោក រ៉ៃស៊ី ជាអ្នកនយោបាយអភិរក្សជ្រុល តែគាំទ្រការចរចានេះដែរ។
 
យ៉ាងណាមិញ រដ្ឋបាលលោក រ៉ៃស៊ី ទំនងជាពិបាក ខណៈមេដឹកនាំកំពូលបង្ហាញការមិនជឿជាក់លើអាមេរិក។ នៅថ្ងៃទី២៨ ខែកក្កដា មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតុឡាហ៍ អាលី ខាមេណី និយាយថា តាមបទពិសោធកន្លងមក ការទុកចិត្តលើលោកខាងលិច មិនបានការឡើយ។ លោក ខាមេណី ក៏រិះគន់អាមេរិកដែលមិនផ្ដល់ការធានាថា ខ្លួននឹងគោរពកិច្ចព្រមព្រៀងដែលសម្រេចបាននៅថ្ងៃខាងមុខទៀតផង៕
 
 
 

Tag:
 អាមេរិក
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com