កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន បន្តដាក់តូក្យូក្រោមភាពអាសន្ន និងបន្ថែមតំបន់៤ទៀត
30, Jul 2021 , 5:29 pm        
រូបភាព
ជប៉ុន សម្រេចបន្តភាពអាសន្ននៅទីក្រុងតូក្យូ និងបន្ថែមខេត្ត៤ទៀតចូលក្នុងវិធានការនេះដែរ ស្របពេលករណីឆ្លងកើនឡើង។ ជាមួយគ្នានេះ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូ នៅថ្ងៃទី៣០ ខែកក្កដា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១-៩ ថ្មីចំនួន២៧ករណីថែមទៀត ដែលសុទ្ធសឹងជាអ្នកជាប់ទាក់ទងនឹងការប្រកួត ក្នុងនោះរួមមានអត្តពលិក៣រូបផង។


គិតចាប់តាំងពីអត្តពលិកពីក្រៅប្រទេសចូលទៅដល់ទឹកដីជប៉ុន ដើម្បីចូលរួមប្រកួតប្រជែងមេដាយអូឡាំពិកឆ្នាំ២០២០ នៅថ្ងៃទី១ ខែកក្កដា រហូតដល់បច្ចុប្បន្ន រកឃើញកីឡាករកីឡាការិនី មន្ត្រី និងបុគ្គលិកសរុបចំនួន២២០រូបហើយដែលឆ្លងកូវីដ-១៩។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ដោយសារមានករណីឆ្លងច្រើនទាំងនៅក្នុងព្រឹត្តិការណ៍ និងនៅខាងក្រៅជាបន្តបន្ទាប់ រដ្ឋាភិបាលជប៉ុននៅថ្ងៃទី៣០ ខែកក្កដា សម្រេចបន្តស្ថានភាពអាសន្ននៅតូក្យូ ហើយបញ្ចូលតំបន់៤បួនទៀតផងដែរ។ ស្ថានភាពអាសន្ននៅតូក្យូ បន្តអនុវត្តរហូតដល់ថ្ងៃទី៣១ ខែសីហា។ ក្រៅពីនេះ តំបន់ខ្លះនៅអូសាកា និងកោះអូគីណាវ៉ាក៏ត្រូវធ្វើដូចគ្នានេះដែរ។
 
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ប្រកាសវិធានការថ្មីនេះ ក្រោយក្រុមអ្នកជំនាញឯកភាព សំដៅលើកកម្ពស់សុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកចូលរួមកីឡារដូវក្តៅទាំងអស់។
 
ក្រុងតូក្យូបានប្រកាសពីករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃចំនួន ៣,៨៦៥នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ដែលកើនឡើងពី ៣,១៧៧ កាលពីប៉ុន្មានថ្ងៃមុន។ ការកើនឡើងនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធវេជ្ជសាស្រ្ត ខណៈគ្រែមន្ទីរពេទ្យនៅតូក្យូសម្រាប់ករណីធ្ងន់ធ្ងរ អាចនឹងត្រូវពេញអំឡុងសប្តាហ៍ក្រោយ។
 
ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដែលបើកការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដំណើរការបាន៧ថ្ងៃហើយរហូតមកដល់ពេលនេះ។ ចិនកំពុងនាំមុខមេដាយបណ្តោះអាសន្ន ខណៈម្ចាស់ផ្ទះជប៉ុន និងអាមេរិកតាមពីក្រោយប្រកៀក។ នៅថ្ងៃទី៨ ខែសីហា កីឡាលំដាប់ពិភពលោកលើកទី៣២នេះ នឹងត្រូវបិទបញ្ចប់៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com