អន្តរជាតិ
អាមេរិក បារម្ភពីសុវត្ថិភាពអ្នកកាសែតក្រោយរងការគំរាមពេលរាយការណ៍ទឹកជំនន់នៅហឺណាន
30, Jul 2021 , 9:29 pm        
រូបភាព
 អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian និងលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian និងលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៩ ខែកក្កដា បានបង្ហាញក្ដីបារម្ភទាក់ទងសុវត្ថិភាពអ្នកសារព័ត៌មានបរទេសដែលរាយការណ៍ពីទឹកជំនន់នៅខេត្តហឺណាន បន្ទាប់សមាគមអ្នកកាសែតបរទេសនៅចិនចេញរបាយការណ៍ថា អ្នកកាសែតបរទេសមួយចំនួនរងការគំរាមពេលបំពេញការងារ។ ប៉ុន្តែក្រសួងការបរទេសចិន អះអាងថា ចិនបើកចំហដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ តែស្ថាប័នខ្លះរាយការណ៍ដោយមិនផ្ដោតលើការពិត ហើយបិទភ្នែកចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការសង្រ្គោះប្រជាជន។



នៅថ្ងៃទី២៧ ខែកក្កដា ក្លិបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៅចិន (FCCC) បានរាយការណ៍ថា អ្នកកាសែតមកពីសារព័ត៌មាន BBC  និងកាសែត  Los Angeles Times បានរងការគំរាមដល់ជីវិតពេលកំពុងរាយការណ៍ព័ត៌មានពីទឹកជំនន់នៅខេត្តហឺណាន។ បន្ថែមពីនេះ អ្នកកាសែតមកពី សារព័ត៌មានមួយចំនួនទៀត បានរងការយាយីពីប្រជាជននៅទីនោះទាំងលើបណ្ដាញអនឡាញ និងនៅទីតាំងផ្ទាល់។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃទី២៩ ខែកក្កដា និយាយថា អាមេរិកមានព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពអ្នកសារព័ត៌មានអាមេរិក និងបរទេសនៅ ចិន។ លោក Price លើកករណីការឃ្លាំមើលយ៉ាងតឹងរ៉ឹង ការយាយី និងការបំភិតបំភ័យដែលកើតមាន អំឡុងពេលអ្នកកាសែតទាំងនោះទៅយកព័ត៌មានគ្រោះទឹកជំនន់នៅពេលថ្មីៗនេះ។
 
ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរូបនេះអះអាងទៀតថា ការឃោសនាមិនត្រឹមត្រូវរបស់រដ្ឋា ភិបាលចិនទាក់ទងសារព័ត៌មានបរទេស ធ្វើឱ្យសាធារណជនស្អប់ និងយាយីអ្នកសារព័ត៌មានបរទេស។ លោកទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំងទទួលខុសត្រូវចំពោះរឿងនេះ ហើយសង្ឃឹមថា ចិននឹងស្វាគមន៍ ប្រព័ន្ធផ្សព្វផ្សាយបរទេសសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០២២ ខាងមុខ។


រូបថត Xinhua 

ជុំវិញរបាយការណ៍របស់ FCCC នេះដែរ ក្រសួងការបរទេសចិនឯណោះវិញ បញ្ជាក់ថា រឿងអ្វីក៏ដោយកើតឡើងដោយមានហេតុផលរបស់វា។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនមិនដែលទទួលស្គាល់ FCCC ឡើយ ហើយស្ថាប័ននេះជាក្រុមអ្នកកាសែតដែលលម្អៀងប្រឆាំងចិនប៉ុណ្ណោះ។
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៩ ខែកក្កដា លោក Zhao និយាយចំឈ្មោះលោក Robin Brant ដែលជាអ្នកឆ្លើយឆ្លងរបស់ BBC ថា បញ្ចូលមនោគមន៍វិជ្ជាជាជាងការពិតក្នុងព័ត៌មានខ្លួនពេលរាយការណ៍ពីទឹកជំនន់នៅហឺណាន តែធ្វើជាខ្វាក់ភ្នែកពីការប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការជួយប្រជាជន។ មន្រ្តីដដែលនេះ បន្ថែមថា BBC ប្រកាន់ជំហរប្រឆាំងចិនគ្រប់រឿង និងផ្សាយព័ត៌មានមិនពិតរាប់ពីចាប់បញ្ហាស៊ីនជាំង ហុងកុង និងជំងឺកូវីដ-១៩ ទៀតផង។
 
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន អះអាងថា ចិនស្វាគមន៍អ្នកសារព័ត៌មានទាំងអស់មករាយការណ៍ដោយផ្ទាល់នៅចិនដោយអនុវត្តតាមច្បាប់ និងបញ្ញតិ្តដែលមានជាធរមាន។ លើសពីនោះ ចិនក៏ធានាផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជួយសម្របសម្រួលក្នុងពេលបំពេញការងារផងដែរ៕
 
 
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com