កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ អត្តពលិកកម្ពុជា១រូបទៀត ត្រូវប្រកួតវិញ្ញាសារត់ល្បឿន ក្រោយអត្តពលិក២រូប ធ្លាក់ពីការប្រកួត
30, Jul 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អត្តពលិកកម្ពុជា កីឡាករ ប៉ែន សុគង់ លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នាម៉ោង៩ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ ខែកក្កដា នៅពហុកីឡដ្ឋាន Olympic Stadium។


កីឡាករ ប៉ែន សុគង់ គឺជាអត្តពលិកចុងក្រោយ ដែលប្រកួតតំណាងឱ្យកម្ពុជា ខណៈកីឡាករ និងកីឡាការិនី២រូបទៀត ធ្លាក់ពីការប្រកួតហែលទឹកសេរី ចម្ងាយ៥០ម៉ែត្រ នៅរសៀលថ្ងៃទី៣០ កក្កដា។ កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បានបំបែកកំណត់ត្រាខ្លួនឯង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020)។ នៅក្នុង Heat 4 ហែម ប៉ុច សម្រេចបានក្នុង ២៤.៩១ វិនាទី ខណៈកំណត់ត្រាផ្ទាល់ខ្លួនកន្លងមករបស់គេ គឺ ២៤.៩២។
 
ចំណែកកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត សម្រេចបាន ២៩.៤២វិនាទី លើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ នេះជាការបំបែកកំណត់ត្រា ខ្លួនឯង ដែលកន្លងមក គឺ២៩.៩៩វិនាទី។ ប៉ុន្តែលទ្ធផលកីឡាករ និងកីឡាការិនីទាំងពីរនេះ ធ្វើមិនបានល្អឡើយ បើធៀបនឹងអត្តពលិកហែលទឹកពីបណ្ដាប្រទេសផ្សេងទៀត។
ចំពោះវិញ្ញាសាហែលទឹកផ្នែកបុរស និងនារីនេះ គឺគណៈកម្មការវាយតម្លៃជ្រើសរើសកីឡាករ-កីឡាការិនី ដែលប្រើថិរវេលាតិចជាងគេតាមសេរី និង Heat នីមួយៗ ចំនួន ១៦នាក់ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងឈានដល់កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។
 
កម្ពុជាបានទទួលសិទ្ធិអនុគ្រោះបញ្ជូនអត្តពលិក ២ប្រភេទកីឡា គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ជាអ្នកដឹកនាំកីឡាករ-កីឡាការិនី៣រូប ចូលរួមប្រកួតព្រឹត្តិការណ៍នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com