អន្តរជាតិ
ហ្វីលីពីនសម្រេចបិទខ្ទប់តំបន់ម៉ានីលដើម្បីទប់ស្កាត់ការររាលដាលវីរុសបំប្លែងខ្លួនដែលតា
30, Jul 2021 , 10:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី៣០ ខែកក្កដា បានអនុម័តដាក់វិធានការបិទខ្ទប់រដ្ឋធានីម៉ានីល និងតំបន់ជុំវិញរយៈពេល២សប្តាហ៍ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីទម្រង់ដែលតា និងដើម្បីការពារប្រព័ន្ធសុខាភិបាលក្នុងប្រទេសកុំឱ្យដួលរលំ។


រដ្ឋធានីម៉ានីលដែលមានទីក្រុងចំនួន១៦ ជាមួយប្រជាជនចំនួន១៣លាននាក់ នឹងត្រូវដាក់ក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងដោយអនុវត្តចាប់ពីថ្ងៃទី២ ខែសីហា រហូតដល់ថ្ងៃទី២០ ខែសីហា។ នេះបើការបញ្ជាក់អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque មុនបន្តថា នេះជាការសម្រចចិត្តដ៏គួរឱ្យឈឺចាប់មួយ តែដើម្បីសេចក្តីសុខដល់ប្រជាជនទាំងអស់។
 
ការបិទខ្ទប់នេះត្រូវបានរំពឹងថា នឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រមាណ៤ពាន់លានដុល្លារ កាត់បន្ថយការងារចំនួន៤៤៤,០០០កន្លែង និងបង្កើនចំនួនប្រជាជនក្រីក្ររហូតដល់ ១៧៧,០០០នាក់។ តាមរយៈវិធានការបិទខ្ទប់នេះ ប្រជាជនត្រូវបានហាមឃាត់មិនឱ្យចេញពីផ្ទះលើកលែងតែករណីចាំបាច់ទៅផ្សារ និងពេទ្យតែប៉ុណ្ណោះ។ ការបរិភោគតាមភោជនីយដ្ឋាននានាក៏ត្រូវវបានហាមឃាត់ដែរ។ 
 
«មេរោគកូវីដ-១៩ប្រភេទដែលតា បានវាយលុកពេញរដ្ឋធានីម៉ានីលរួចទៅហើយ។ ដូច្នេះ នេះគឺជាការអន្តរាគមន៍ដ៏ត្រឹមត្រូវ»។ លោក Benjamin Abalos ប្រធានក្រុមប្រឹក្សានៃអភិបាលក្រុងប្រាប់ទីភ្នាក់ងារ Reuters ។ លោកបន្តថា អភិបាលក្រុងនានក្នុងតំបន់រដ្ឋធានីម៉ានីល គ្រោងនឹងបង្កើនការចាក់វ៉ាក់សាំង២៥ម៉ឺនដូសក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្ន ចាក់បានត្រឹម១៥ម៉ឺនដូសក្នុងមួយថ្ងៃ។
 
បន្ថែមពីលើវិធានការក្នុងស្រុក ហ្វីលីពីនក៏បានពន្យារការហាមឃាត់អ្នកដំណើរមកពី១០ប្រទេស ដោយរួមមានឥណ្ឌា  ឥណ្ឌូណេស៊ី ថៃ និងអេមីរ៉ាតអារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែសីហាផងដែរ។
 
គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ហ្វីលីពីនកត់ត្រាករណីឆ្លងសរុប ១,៥៨០,៨២៤ នាក់ ស្លាប់ចំនួន២៧,៧២២នាក់ និងករណីឆ្លងថ្មីជាមធ្យម ៦០០០នាក់ក្នុងមួយថ្ងៃ។ ចំណែកប្រជាជនបានទទួលវ៉ាក់សាំងរួចរាល់មានត្រឹម៧ភាគរយនៃប្រជាជនសរុបចំនួន១១០លាននាក់៕ 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com