ជាតិ
សុខភាព
ហេតុអ្វីបានទារកស្រែកយំនៅរាល់ពេលដែលភ្ញាក់ពីគេង?
31, Jul 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
តាមពិតទៅជារឿងធម្មតាទេ ដែលទារកឧស្សាហ៍ភ្ញាក់ពីគេង និងយំភ្លាមៗ ជាពិសេសនៅពេលយប់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនមែនចេះតែយំនោះឡើយ ដោយការយំខ្លះសុទ្ធតែមានហេតុផល។ ការយំរបស់កូនតូចៗ គឺអាចទាញស្មារតីឪពុកម្តាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ជំហាន។ ពេលខ្លះពួកគេទាមទាររកទឹកដោះគោ តែពេលខ្លះចង់ឲ្យឪពុកម្តាយ បីបមបំពេរ ហើយក៏គេងលក់ទៅវិញ។

 
យោងតាមគេហទំព័រ Baby News ហេតុផលចម្បងមួយចំនួនដែលឪពុកម្តាយ ត្រូវដឹង និងត្រូវត្រៀមលក្ខណៈ ទាក់ទងនឹងស្រែកយំរបស់កូនៗតូចៗនៅរាល់ដែលពួកគេភ្ញាក់ដឹងខ្លួន។
 
១. គេងបែកពីឪពុកម្តាយ៖ ការឃ្លាតឆ្ងាយពីការថ្នាក់ថ្នម ជាផ្នែកមួយដែលបង្កបញ្ហាដល់ទារកដែលហៅថា Separation Anxiety។ ដោយសារនៅតូច ពួកគេមិនទាន់មានទម្លាប់គេងដោយខ្លួនឯងនោះឡើយ ពោលគឺត្រូវការអាណាព្យាបាលគេងក្បែរ និងបំពេររហូតដល់គេងលក់។
 
២. វដ្តនៃដំណេក៖ ដំណេកខ្លះអាចប្តូរពីការលក់ស្កប់ស្កល់ទៅជាការលក់មិនស្កប់ស្កល់។ វាជាធម្មតានៅពេលដែលទារកភ្ញាក់ហើយគេងទៅវិញមិនលក់ ពួកគេគ្មានមធ្យោបាយអ្វីផ្សេងឡើយ ក្រៅពីស្រែកយំ។ ពួកគេត្រូវការជំនួយជាចាំបាច់ពីឪពុកម្តាយ។
 
៣. រៀនចេះថ្មីៗ៖ ទារកពិតជាសប្បាយនៅពេលដែលពួកគេរៀនចេះជំនាញថ្មីៗ ដូចជាអង្គុយ ក្រោកឈរ ដើរ ឬធ្វើអ្វីមួយ។ នៅពេលដែលពួកគេទើបចេះ ទារកភាគច្រើនតែងតែក្រោកអនុវត្ត ជាពិសេសពេលយប់។ ពេលគេងទៅវិញ ពិតជាពិបាកណាស់សម្រាប់ពួកគេ។
 
៤. ឈឺខ្លួនប្រាណ៖ អ្វីដែលគួរឲ្យដឹងនោះ ក្មេងៗមិនចេះទ្រាំនោះឡើយ នៅពេលឈឺ ពួកគេត្រូវតែក្រោក ហើយស្រែកយំ។ បញ្ហាភាគច្រើននោះ មានដូចជា ក្រោយការចាក់ថ្នាំ ករណីធ្មេញដុះ និងជំងឺផ្សេងៗ។
 
៥. ឃ្លាន៖ ឪពុកម្តាយជាទូទៅតែងតែមានម៉ោងវេលាត្រឹមត្រូវសម្រាប់បំបៅកូន ប៉ុន្តែកូនខ្លះ ស្រេកឃ្លានមិនមានពេលវេលាច្បាស់លាស់នោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ទម្លាប់របស់ពួកគេតែងតែផ្លាស់ប្តូរ ជាពិសេសរបបចំណីអាហារដែលមានតម្រូវការកាន់តែខ្ពស់។
 
៦. ខោទឹកនោម ៖ ខោទឹកនោមមិនល្អ ពេលខ្លះកខ្វក់ ពេលខ្វះតឹងពេក ធ្វើឲ្យប៉ះពាល់ដល់ស្បែកកុមារ។ បញ្ហានេះ  មិនមែនជាលក្ខខណ្ឌដូចគ្នាសម្រាប់កុមារទាំងអស់នោះឡើយ ដោយឪពុកម្តាយត្រូវស្វែងរកហេតុផលឲ្យបានច្បាស់លាស់ ឬសុំការប្រឹក្សាយោបល់ពីអ្នកជំនាញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com