COVID-19
ជាតិ
ពលរដ្ឋឃុំកំពង់ឃ្លាំង បារម្ភបញ្ហាជីវភាព ក្រោយការដាក់ជាតំបន់ក្រហមលើកទី២
31, Jul 2021 , 8:59 am        
រូបភាព
ឃុំកំពង់ឃ្លាំង ដែលត្រូវបានដាក់ជាតំបន់ក្រហមលើកទី១ នៅអំឡុងដើមខែ មិថុនា ឆ្នាំ២០២១។
ឃុំកំពង់ឃ្លាំង ដែលត្រូវបានដាក់ជាតំបន់ក្រហមលើកទី១ នៅអំឡុងដើមខែ មិថុនា ឆ្នាំ២០២១។
សៀមរាប៖ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញក្ដីបារម្ភចំពោះជីវភាពប្រចាំថ្ងៃ ខណៈដែលអាជ្ញាធរមិនឱ្យចាកចេញពីផ្ទះ អំឡុងពេលបិទខ្ទប់រយៈពេល២សប្ដាហ៍។ អាជ្ញាធរខេត្ត បានសម្រេចដាក់ឃុំកំពង់ឃ្លាំងទាំងមូល ជាតំបន់ក្រហម ដោយក្នុងនោះប្រជាពលរដ្ឋទាំងអស់ មិនអនុញ្ញាតឱ្យចេញពីគេហដ្ឋាន ឬប្រកបរបរអ្វីទេ លើកលែងតែករណីចាំចាប់តែប៉ុណ្ណោះ។

 
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចទាំងកណ្ដាលយប់ថ្ងៃទី២៩ កក្កដា ដោយកំណត់ឃុំកំពង់ឃ្លាំង ជាតំបន់ក្រហម និងឃុំ២ទៀត មានឃុំដានរុន និងកៀនសង្កែ នៃស្រុកសូទ្រនិគម ជាតំបន់លឿងទុំ។ 
 
លោក ចាន់ សុខ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានជាក់លាក់ ពីបម្រាមបិទខ្ទប់នេះយ៉ាងណាទេ ហើយលោកកំពុងតាមដានព័ត៌មានលម្អិតពីអាជ្ញាធរ។ លោកបន្ថែមថា ប្រសិនមានការបិទខ្ទប់មិនឱ្យពលរដ្ឋចេញពីផ្ទះមែននោះ ពិតជាប៉ះពាល់ជីវភាពក្នុងគ្រួសារជាក់ជាមិនខាន។ 
 
លោក ចាន់ សុខ រៀបរាប់ថា៖« បើបិទមែន គឺពិបាក រកមិនកើត អត់លុយ»។ សព្វថ្ងៃ លោក សុខ មានឪពុក និងប្អូនម្នាក់ទៀត ចេញទៅធ្វើជាកម្មករលីសែង ដោយពឹងលើប្រាក់ការងារប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ 
 
រីឯពលរដ្ឋម្នាក់ទៀត លោក រៀម មុនីស៊ីឡុង ក៏បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះហេតុការណ៍ដែលកំពុងកើតឡើងនៅពេលនេះដែរ។ ពលរដ្ឋរូបនេះ គាំទ្រចំពោះចំណាត់ការដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ តែការណ៍នេះ ចង់មិនចង់ ច្បាស់ជាប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ព្រោះពលរដ្ឋភាគច្រើននៅឃកកំពង់ឃ្លាំង មានរបរនេសាទ ភាគច្រើនរបរប្រចាំថ្ងៃ ចេញរកទើបបានចំណូល។ 


 
ពលរដ្ឋរូបនេះបារម្ភថា ការបិទខ្ទប់មានរយៈពេល១៤ថ្ងៃនេះ អាចប៉ះពាល់ដល់ស្បៀងអាហារ ព្រោះថាពលរដ្ឋខ្លះមិនទាន់ត្រៀមស្បៀងនៅឡើយ។
 
មេឃុំកំពង់ឃ្លាំង លោក ទូច សុផល ក៏យល់ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះដែរ។ លោកបញ្ជាក់ថា៖« ការបិទនេះ ប៉ះពាល់ច្រើន ទី១សេដ្ឋកិច្ច ព្រោះកំពង់ឃ្លាំងនេះ ដូចទីក្រុងដែរ រកព្រឹកស៊ីល្ងាច អត់មានស្បៀងអីទេ»។
 
លោក ទូច សុផល បន្ថែមថា កន្លងមកពលរដ្ឋក្នុងឃុំកំពង់ឃ្លាំងចំនួន៤នាក់ ដែលរកឃើញមេរោគបំលែងថ្មី ប្រភេទ ដែលតា ដែលឆ្លងបន្តពីពលរដ្ឋម្នាក់ទើបវិលត្រឡប់មកពីប្រទេសថៃ។ យ៉ាងណា លោកមេឃុំកំពង់ឃ្លាំង បញ្ជាក់ថា អាជ្ញាធរបានទប់ករណីនេះបានទាន់ពេលវេលា ដោយអ្នកជំងឺមិនបានប្រាស្រ័យទាក់ទងទៅអ្នកដទៃឡើយ បន្ទាប់ពីគ្រូពេទ្យរកឃើញមេរោគថ្មី នៅមណ្ឌលព្យាបាលវិទ្យាល័យដំដែក។
 
ក្រៅពីឃុំកំពង់ឃ្លាំង និងឃុំ២ទៀត នៃស្រុកសូទ្រនិគម អាជ្ញាធរខេត្តក្នុងសេចក្ដីសម្រេចដាច់ដោយឡែកមួយទៀត បានកំណត់សង្កាត់៤ ក្នុងក្រុងសៀមរាប ជាតំបន់លឿងទុំផងដែរ។ សង្កាត់ទាំងនោះ មានសង្កាត់ស្លក្រាម ស្វាយដង្គំ សាលាកំរើក និងសង្កាត់គោកចក។ អាជ្ញាធរមិនបានបញ្ជាក់លម្អិតពីការសម្រេចនេះទេ ដោយគ្រាន់តែថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។
 
សូមបញ្ជាក់ថា អាជ្ញាធរបានកំណត់ភូមិសាស្រ្ដឃុំកំពង់ឃ្លាំង ជាតំបន់ក្រហមលើកទី២ហើយ ដែលលើកទី១ ធ្វើឡើងនៅដើមខែ មិថុនា ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគម៍គួរឱ្យបារម្ភ។ ឃុំកំពង់ឃ្លាំង មាន១០ភូមិ និងមានប្រជាជនសរុប ១០,៣០០នាក់ ជាសហគមន៍ធំជាងគេដែលនៅជាប់បឹងទន្លេសាប៕

Tag:
 កំពង់ឃ្លាំង
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com