COVID-19
អន្តរជាតិ
ទោះរងសម្ពាធខ្លាំង លោក ប្រាយុទ្ធ ប្រកាន់ជំហរមិនចុះចេញពីតំណែងឬរំលាយសភាឡើយ
31, Jul 2021 , 12:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសជំហរមិនលាលែងពីតំណែង ឬរំលាយសភាមុនអាណត្តិឡើយ ខណៈលោកកំពុងរងសម្ពាធខ្លាំងដោយសារវិបត្តិកូវីដ-១៩ ដែលមិនធូរស្រាល។ លោក ប្រាយុទ្ធ ត្រូវបានបាតុករទាមទារឱ្យចុះចេញពីតំណែងទៅ ព្រោះអសមត្ថភាពដោះស្រាយវិបត្តិនេះឱ្យបានល្អ។ មិនត្រឹមមិនចុះចេញឡើយ លោក ប្រាយុទ្ធ ក៏ណែនាំអ្នកនយោបាយនានាកុំយកវិបត្តិនេះដើម្បីអុកឡុកប្រទេសជាតិដែលកំពុងជួបបញ្ហាទៀតផង។

 
ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅតែធ្ងន់ធ្ងរមិនស្បើយ សម្ពាធកាន់តែខ្លាំងធ្លាក់លើនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ដែលមិនសូវមានប្រជាប្រិយស្រាប់។ នៅថ្ងៃទី៣១ ខែកក្កដា ថៃមានករណីឆ្លងជិត១៩០០០ករណីទៀត និងស្លាប់១៧៨នាក់។ មន្ទីរពេទ្យនានា ពេញដោយអ្នកជំងឺកូវីដ-១៩ ហើយគេក៏ឃើញមានករណីឆស្លាប់នៅតាមផ្លូវ និងនៅផ្ទះទៀតផង។
 
យ៉ាងណាមិញ ក្នុងវីដេអូសម្ភាសមួយដែលបង្ហោះនៅថ្ងៃទី៣០ ខែកក្កដា លោក ប្រាយុទ្ធ ក៏បានបកស្រាយការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការដាក់ចេញវិធានការដោះស្រាយបញ្ហាសេដ្ឋកិច្ចផងដែរ។ ប្រមុខរដ្ឋាភិបាលថៃរូបនេះ ក៏ត្រូវបានសួរថា លោកអស់ជំនឿចិត្ត ហើយពិចារណាលែងធ្វើជានាយករដ្ឋមន្រ្តី ហើយរំលាយសភាឬយ៉ាងណា។
 
«វាមិនទាន់ដល់ពេលឡើយ។ ខ្ញុំប្រឹងធ្វើការរាល់ថ្ងៃ។ ខ្ញុំព្យាយាមអស់ពីលទ្ធភាពស្ដាប់កង្វល់ប្រជាជន ហើយទទួលព័ត៌មានពីមន្រ្តីសុខាភិបាល។» លោក ប្រាយុទ្ធ ឆ្លើយបែបនេះពេលសួរដោយនាយកការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល Nathreeya Thaweewong ។ ឆ្លៀតពេលនោះ លោក ប្រាយុទ្ធ​ ក៏ស្នើឱ្យអ្នកនយោបាយផ្សេងកុំកេងចំណេញពីស្ថានការណ៍បច្ចុប្បន្ន បង្កើតការស្អប់ខ្ពើម និងបង្កបញ្ហាបន្ថែមទៀត។
 
ដើម្បីដាក់សម្ពាធកាន់តែខ្លាំងលើលោក ប្រាយុទ្ធ នោះ ក្រុមបាតុករនឹងជិះឡានមកជួបជុំគ្នាជំនួសឱ្យការធ្វើបាតុកម្មនៅថ្ងៃទី៣១ ខែកក្កដា។ កាលពីការតវ៉ាលើកមុន ក្រុមបាតុករ បានប៉ះទង្គិចជាមួយក្រុមប៉ូលិសដែលរក្សាសណ្ដាប់ធ្នាប់ និងរារាំងការដង្ហែរក្បួនទៅកាន់វិមានរដ្ឋាភិបាល៕
 

Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com