COVID-19
ជាតិ
វ៉ាក់សាំង​ ១លានដូសទៀតបានដឹកមកដល់ មុន​កម្ពុជាចាប់ផ្តើមការចាក់វ៉ាក់សាំងលើ​កុមារ
31, Jul 2021 , 1:29 pm        
រូបភាព
 វ៉ាក់សាំង, ចិន, ស៊ីណូវ៉ាក់, COVID-19
វ៉ាក់សាំង, ចិន, ស៊ីណូវ៉ាក់, COVID-19
ភ្នំពេញ៖ វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) បង្ការជំងឺកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនជាជំនួយរបស់ចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣១កក្កដានេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឱ្យរដ្ឋាភិបាលជាអ្នកទទួលយកវ៉ាក់សាំងនេះ។


 
វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ចំនួន១លានដូសដែលមក​ដល់កម្ពុជានៅថ្ងៃទី៣១ កក្កដានេះ ជា​ការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាដើម្បី​ចាក់ជូនប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រោយការបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់រដ្ឋាភិបាលចិន ក៏​បាន​ផ្ដល់ជំនួយ​ឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនផងដែរដល់កម្ពុជា។​
 
គិតត្រឹមថ្ងៃទី៣១ កក្កដានេះកម្ពុជា​រកបានវ៉ាក់សាំងប្រមាណ ១៨លានដូសហើយ ដោយ​មួយចំនួន​ជាការផ្តល់ជំនួយនិងការបញ្ជាទិញ។ ក្នុងចំណោម​វ៉ាក់សាំង១៨លានដូសនេះ​ ភាគច្រើនជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាមនិងស៊ីណូវ៉ាក់របស់ប្រទេសចិន។
 
នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើក​ឡើងថា​កម្ពុជា​មិន​ខ្វះខាត​វ៉ាក់សាំងសម្រាប់ចាក់ឱ្យ​ប្រជាពលរដ្ឋ​ឡើយ។
រដ្ឋលេខាធិការរូបនេះ បញ្ជាក់ថា វ៉ាក់សាំងបញ្ជាទិញ និងជាជំនួយដែលមកជាបន្តបន្ទាប់រហូតដល់ពាក់កណ្ដាលខែសីហា មាន​ចំនួន ២៦លានដូស។ 
 
បើតាម​លោកស្រី យក់ សម្បត្តិវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសប្រភេទ AstraZeneca ចំនួន ៤១.៥ម៉ឺនដូសតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី អាច​មក​ដល់កម្ពុជា​ចន្លោះថ្ងៃទី​៣-៤ សីហានេះ។
ជាមួយគ្នានេះ នៅថ្ងៃទី១ សីហានេះកម្ពុជា នឹង​ចាប់ផ្ដើម​ចាក់វ៉ាក់សាំងកុមារនិង​យុវជន អាយុ១២-១៧ឆ្នាំ នៅ​រាជធានីភ្នំពេញ, ខេត្តកណ្ដាល,ព្រះសីហនុ និង​ខេត្តកោះកុង។ 
 
​សូម​បញ្ជាក់ថាកម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្តដូចជា ចិនជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រហូតមកដល់ពេលនេះ មានពលរដ្ឋជាង ៧លាននាក់ហើយដែល​បានចាក់វ៉ាក់សាំងរួចរាល់៕
 

Tag:
 វ៉ាក់សាំង
  ចិន
  ស៊ីណូវ៉ាក់
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com