ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ជំនួញនៅកម្ពុជា៖ តើរលកក្រោយ នឹងច្រានរលកមុនឬទេ?
31, Jul 2021 , 5:19 pm        
រូបភាព
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំ ជំនាញសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម​ នៅតែបន្ត​មា​ន​ភាព​ល្បីល្បាញ​ នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការផ្លាស់ប្តូរនៃរបត់សង្គម នៅក្នុងរយៈ​ពេលប៉ុន្មាន​ ទសវត្សរ៍ចុងក្រោយនេះ សិស្សនិសិ្សតដែលសិក្សា​លើមុខវិជ្ជាគ្រប់គ្រង​អាជីវកម្ម ​បានភ្ជាប់មកជាមួយនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗមកកាន់ការធ្វើជំនួញ។

 
ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងកញ្ញា លឹម ព្រីសាណា ដែលជានិស្សិតឆ្នាំទី៣ សិក្សាជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម នៅឯសាកលវិទ្យា ល័យ​ អាមេរិកាំងភ្នំពេញ ដូចតទៅ៖

គី ចំណា៖ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន​ សិស្សសាកលវិទ្យាល័យជាច្រើនកុះ​ករ បានចាប់យកការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម។ បើទោះបីជាមានសិស្សានុសិស្ស ជាច្រើន នាក់ដូច្នេះ តើហេតុអ្វីបានជាកញ្ញា នៅតែស្រឡាញ់ និងចាប់យកជំនាញមួយនេះយកមក សិក្សា?

លឹម ព្រីសាណា៖ ជាការពិតណាស់ សិស្សានុសិស្សជាច្រើនរូប បានចាប់យកជំនាញ គ្រប់​គ្រង អាជីវកម្ម មកសិក្សានៅក្នុងប្រទេសកម្ពុជាយើង។ ក៏ប៉ុន្តែឱកាសដែលយើងអាចចាប់​បានពីជំនាញមួយនេះ វាមានចំនួនច្រើនជាងនោះទៅទៀត ជាពិសេស បើយើងពិនិត្យ​មើលទៅលើភាពរីកចម្រើនយ៉ាងរហ័ស នៃសេដ្ឋកិច្ចរបស់ប្រទេសយើង។ បើតាមខ្ញុំផ្ទាល់ ខ្ញុំមិនគិតថា ជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម មានតម្លៃតិចជាងជំនាញផ្សេងៗទៀតនោះទេ ហើយខ្ញុំក៏មិនជឿដែរថា ជំនាញមួយនេះនឹងមិនអាចរកការងារ ឬអាជីពណាមួយដែលល្អ មកឲ្យខ្ញុំ​នៅក្នុងថ្ងៃអនាគត។ ខ្ញុំជឿថា ជំនាញគ្រប់គ្រងអាជីវកម្មនេះ អាចជួយខ្ញុំយល់បន្ថែម​​ពីវិស័យផ្សេងៗដទៃទៀត ដែលក្នុងនោះមានដូចជាទីផ្សារ ហិរញ្ញវត្ថុ ធនធានមនុស្ស ឬ​ការងារផ្នែករដ្ឋបាលជាដើម។ លើសពីនេះទៅទៀត វាក៏អាចជួយខ្ញុំ​យល់ដឹងឲ្យច្បាស់​បន្ថែម​ ពីការប្រាស្រ័យទាក់ទងក្នុងទីផ្សារ ការគិតឲ្យបានស៊ីជម្រៅខ្លាំង ឬភាពចេះបត់បែន។​ នៅពេលដែលខ្ញុំនឹងបញ្ចប់ការសិក្សារបស់ខ្ញុំ នៅឯសាកលវិទ្យាល័យ ខ្ញុំជឿជាក់ថា ខ្ញុំនឹង​មិនរងសម្ពាធជាមួយនឹងការងារតែមួយមុខនោះទេ។ វានឹងជួយខ្ញុំឲ្យមានសមត្ថភាព ក្នុង​ការ​ស្វែងរកជម្រើសផ្សេងៗជាច្រើន​ទៀត ដែលខ្ញុំស្រឡាញ់ និងចូលចិត្ត។ នេះគឺ​ដោយ​សារ​តែសិស្សដែលសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម ត្រូវបានគេបង្រៀនឲ្យចេះសម្របខ្លួនខ្ពស់។
 
គី ចំណា៖  នៅពេលដែលប្រទេសកម្ពុជាបានផ្សារភ្ជាប់ខ្លួនទៅកាន់ទីផ្សារពិភពលោក កាន់​តែ​​ខ្លាំងឡើងៗ របៀប​ដែលអាជីវករ ឬអ្នកជំនួញ ធ្វើអាជីវកម្មរបស់ពួកគេ កាលពីអំឡុង​ទសវត្សរ៍​ឆ្នាំ២០០០ និង២០១០ មិន​​ដូចគ្នា​នឹងពេលបច្ចុប្បន្នប៉ុន្មាន​នោះទេ។ បើតាមគំនិត​របស់កញ្ញា តើសិស្សដែលបានសិក្សាច្បាស់លាស់ពីការគ្រប់គ្រងជំនាញ នៅក្នុងពេល ឥលូវនេះ ​នឹងមានសមត្ថភាពកាន់កាប់ជំនួញ បានល្អជាងអ្នកជំនួញកាលពី១០ ឬ២០​ឆ្នាំ​មុន ដែរឬទេ?​ 
 
លឹម ព្រីសាណា៖ ជាការពិតណាស់។ កាលពីពេលមុន ជំនួញនីមួយៗអាចឈរជើងទៅបាន គឺដោយសារតែចំនួនតម្រូវការមានកម្រិតខ្ពស់ និងចំនួនផ្គត់ផ្គង់មានកម្រិតតិច ហើយថែមទាំងមិនសូវមានការគូប្រកួតប្រជែងច្រើនទៀតផង បើទោះបីជាសេវាកម្មរបស់ពួកគេកាលពីពេលនោះ មានលក្ខណៈយ៉ាងដូចម្តេចក៏ដោយ។ អ្នកជំនាន់មុននៅតែដឹកនាំអាជីវកម្មរបស់ពួកគាត់ទៅតាមលំនាំប្រពៃណីនៅឡើយ។ នាពេលបច្ចុប្បន្ននេះ ទីផ្សាររបស់ប្រទេសយើងកាន់តែមានភាពមមាញឹកកាន់តែខ្លាំងឡើងៗ។ ស្តង់ដាររស់នៅរបស់ប្រជាជន ចំណេះដឹងនៃការទិញ ការប្រកួតប្រជែងថ្មីៗ និងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗ បានផ្លាស់ប្តូររបៀបរបបនៃការធ្វើជំនួញ។ ឥលូវនេះ អ្នកនឹងមានភាពលំបាក ក្នុងការដឹកនាំជំនួញមួយឲ្យបានជោគជ័យ ដោយការប្រើប្រាស់ទម្លាប់ជំនួញដែលមានកាលពីប្រមាណ១០ឆ្នាំមុន។ សិស្សដែលសិក្សាអំពីជំនាញគ្រប់គ្រងអាជីវកម្មនៅក្នុងជំនាន់ថ្មីនេះ ទទួលបានចំណេះដឹង​ និងស្តង់ដារជាច្រើន ក្នុងការដឹកនាំជំនួញដោយមានប្រសិទ្ធភាព។ ពួកខ្ញុំក៏អាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយលើកស្ទួយជំនួញរបស់ពួកខ្ញុំ នៅក្នុងថ្ងៃអនាគតផងដែរ។ មួយវិញទៀត សិស្សដែលសិក្សានៅក្នុងជំនាញនេះ​ក៏មានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការសម្របខ្លួន ទៅកាន់ការផ្លាស់ប្តូរបានទាន់ពេលវេលា។​



គី ចំណា៖ ការប្រលូកនៅក្នុងវិស័យជំនួញមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ វាទាមទារការយកចិត្តទុកដាក់ច្រើនមែនទែន ក្នុងការបង្កើត រក្សា និងអភិវឌ្ឍជំនួញមួយឲ្យបានល្អ​។ ម្យ៉ាងវិញទៀត ចំណេះដឹងបែបទ្រឹស្តីពិតជាសំខាន់គួរសមដែរ សម្រាប់សិស្សានុសិស្សដែលកំពុងតែរៀននៅតាមសាកលវិទ្យាល័យ។ ដើម្បីទាញយកចំណេះធ្វើ តើកញ្ញានឹងចាប់យកវាយ៉ាងដូចម្តេច នៅពេលបញ្ចប់ការសិក្សា? តើកញ្ញាគ្រោង​បើកជំនួញដោយខ្លួនឯង ឬក៏ប្រលូកនៅក្នុងក្រុមហ៊ុនផ្សេងៗ​? 
 
លឹម ព្រីសាណា៖ សម្រាប់សិស្សនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ការចូលហាត់ការ គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកខ្ញុំ។ វាគឺជាឱកាសមួយក្នុងការជួយពួកខ្ញុំឲ្យយល់ដឹង និងមានបទពិសោធន៍ផ្ទាល់ជាមួយនឹងក្រុមហ៊ុនផ្សេងៗនានា។​ ការហាត់ការអាចជាពេលវេលាមួយ ដែលជួយពួកខ្ញុំឲ្យយល់ពីខ្លួនឯងកាន់តែច្បាស់ថា តើពួកខ្ញុំពិតជាស្រឡាញ់ដំណើរជីវិតបែបនេះមែនដែរឬទេ? បើមិនដូច្នេះទេ ពួកខ្ញុំអាចមានពេលគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរដើម្បីរកអ្វីថ្មី។ សម្រាប់ខ្ញុំ ខ្ញុំមិនទាន់បានចូលធ្វើការងារហាត់ការនៅឡើយទេ។ តែខ្ញុំមិនបោះបង់ចោលឡើយ នូវការងារដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ប្រសិនបើការងារមួយនោះមានលក្ខណៈទំនងគួរសមសម្រាប់ខ្ញុំ។ ប៉ុន្តែ ក្រោយពីពេលបញ្ចប់ការសិក្សា អាទិភាពទីមួយរបស់ខ្ញុំ គឺការចូលប្រលូកជាមួយនឹងជំនួញរបស់គ្រួសារខ្ញុំ។ ខ្ញុំគិតថាធ្វើការជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ វាដូចជាមិនខុសគ្នាជាមួយនឹងការធ្វើការជាមួយនឹងអ្នកផ្សេងនោះទេ។ ពេលខ្លះ វាអាចល្អជាងនឹងផងក៏ថាបាន។ រឿងល្អនោះគឺថា វាជួយខ្ញុំឲ្យដឹងអំពីអារម្មណ៍នៃការដឹកនាំជំនួញដោយខ្លួនឯង។ អ្នកនឹងចេះមានភាពប្រុងប្រយ័ត្នច្រើន ដោយសារតែភាពបរាជ័យគឺជារឿងគួរឲ្យភ័យខ្លាចនៅពេលដែលជំនួញដែលអ្នកធ្វើនោះជាជំនួញរបស់ក្រុមគ្រួសារអ្នកផ្ទាល់។ លើសពីនេះទៅទៀត អ្នកក៏អាចបានដឹងអំពីការឡើងចុះ នៃសកម្មភាពសេដ្ឋកិច្ចនៃជំនួញរបស់ឪពុកម្តាយអ្នកផងដែរ។ 
 
គី ចំណា៖ នៅក្នុងការធ្វើជំនួញ ពេលខ្លះវាមិនមានច្បាប់ទម្លាប់អ្វីមួយច្បាស់លាស់នោះទេ។ មនុស្សមួយចំនួននិយាយថា ដើម្បីធ្វើជំនួញមួយឲ្យបានល្អ អ្នកត្រូវតែចូលប្រលូកវាឲ្យខ្លាំងយកតែម្តង។ ឯមនុស្សមួយចំនួនដទៃទៀត​ថា ចំណេះដឹងបែបទ្រឹស្តីក៏មានផលប្រយោជន៍ច្រើនគួរសមផងដែរ។ ចំពោះកញ្ញាផ្ទាល់ដែលជានិសិ្សតមួយរូប តើកញ្ញាមានគំនិតយ៉ាងដូចម្តេចដែរនៅក្នុងរឿងនេះ?​
 
លឹម ព្រីសាណា៖ អ្វីដែលខ្ញុំបានរៀនពីឪពុកខ្ញុំ នៅក្នុងការធ្វើជំនួញរបស់គាត់ និងអ្វីដែលខ្ញុំ​បានរៀនជាលក្ខណៈទ្រឹស្តីនៅឯសាកលវិទ្យាល័យ គឺសុទ្ធសឹងតែមានសារសំខាន់​របស់វា​រៀងៗខ្លួនទាំងអស់។ អ្នកមិនអាចមានតែមួយមុខនោះទេ អ្នកត្រូវមានវាទាំងពីរ។ ចំណេះ​ដឹងទ្រឹស្តី បង្រៀនយើងឲ្យចេះអំពីលក្ខណៈដំណើរការមួយចំនួន ដែលមាននៅក្នុងជំនួញ។ វាក៏ជួយយើងផងដែរក្នុងការដឹងពីផលវិបាកមួយចំនួន ដែលអាច​កើតមាននៅក្នុងជំនួញ​របស់អ្នក នៅពេលដែលអ្នកជ្រើសរើសជម្រើសអ្វីមួយ។ លើសពីនេះទៅទៀត វាក៏អាចជួយ​យើង ក្នុងការដោះស្រាយបញ្ហាដែលយើងកំពុងតែជួបផងដែរ។  វាគ្មានឡើយនូវគំនិតដែល និយាយថា «ចំណេះ១% ភាពក្លាហាន៩៩%»។​ ខ្ញុំយល់ថាពេលខ្លះ កំហុសគឺជាផ្នែកមួយ​នៃ​ការ​សិក្សា។ ទោះបីជាយ៉ាងនេះមែន កំហុសនៅក្នុងជំនួញគឺជាការខាតបង់លុយ​។ ហេតុ ដូចនេះ អ្នកនឹងមិនចង់បង្កើតកំហុសណាដែលអ្នកគិតថា អ្នកនឹងអាចជៀសវាងវាបាន ប្រសិនបើអ្នកមានចំណេះដឹងនៅក្នុងខ្លួនជាមុន។ បើទោះបីជាអ្នកជាអ្នកគ្រប់គ្រង ឬម្ចាស់សណ្ឋាគារ ឬភោជនីយដ្ឋានក៏ដោយក្តី ការចេះធ្វើការងារតូចៗផ្ទាល់ៗមួយចំនួននៅតែជារឿងមួយសំខាន់។ ចំណេះធ្វើខ្លះៗនេះនឹងជួយឲ្យអ្នកយល់នៅពេលណាដែលបុគ្គលិកបោសសម្អាតកំពុងតែប្រើប្រាស់សាប៊ូច្រើនពេក ឬនៅពេលដែលជាងជួសជុលមាស៊ីនត្រជាក់គិតតម្លៃជួសជុសថ្លៃពេកដោយគាត់គិតថាអ្នកមិនដឹងឡើយពីការលាងសម្អាតម៉ាស៊ីនត្រជាក់ជាដើម។ ដោយដឹងពីការងារទាំងនេះ អ្នកអាចទៅនិយាយដោយមានប្រសិទ្ធភាពជាមួយនឹងបុគ្គលិកបោសសម្អាតដើម្បីប្រើប្រាស់សាប៊ូតិចជាងមុន ឬកាត់បន្ថយការយកលុយថ្លៃពេកពីក្រុមជាងមួយចំនួន។ 



គី ចំណា៖ ក្នុងការធ្វើជំនួញ តើកញ្ញាជឿទៅលើសំណាងដែរឬទេ? ជាមួយនឹងការសិក្សា និងទិន្នន័យបែបវិទ្យាសាស្រ្តជាច្រើនដែលគេបានរកឃើញ តើកញ្ញាគិតថាសំណាងនៅតែមានលក្ខណៈសំខាន់នៅក្នុងជំនួញដែរឬទេ?​
 
លឹម ព្រីសាណា៖ ខ្ញុំជឿទៅលើសំណាងខ្លះៗដែរ នេះគឺដោយសារតែគ្រួសាររបស់ខ្ញុំក៏មានគំនិតបែបជំនឿខ្លះៗផងដែរ។ មានឃ្លាមួយដែលគេនិយាយថា«ឱកាសត្រូវ តែពេលវេលាខុស»​ ឬ «ពេលវេលាត្រូវ តែឱកាសខុស»។ វាមិនសូវជាខុសគ្នាឡើយនៅក្នុងជីវិតមនុស្ស និងនៅក្នុងជំនួញ។ ហេតុដូចនេះហើយទើបមនុស្សខ្លះ មិនបានចាប់យកជំនួញល្អទាន់ពេល ឬអ្នកខ្លះអាចរត់គេចពីបញ្ហានៅក្នុងជំនួញទាន់ពេលវេលាបាន។ បើទោះបីជាយ៉ាងនេះមែន អ្នកមិនគួរបន្ទន់ចិត្ត ឲ្យទន់ទៅតាមឱកាសដែលបានបាត់បង់ ឬការវិនិយោគដែលបរាជ័យនោះទេ។ អ្នកត្រូវតែរិះរកមធ្យោបាយបន្តជំហានទៅមុខទៀត។ បើមិនដូចច្នេះទេ អ្នកមិនអាចទៅណាបាននោះទេ។ 
 
គី ចំណា៖ តើកញ្ញាគិតថា សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យអាមេរិកាំង​ភ្នំពេញ​ បាន​បង្រៀន និងផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់កញ្ញាដែរឬទេ នៅក្នុងការសិក្សាជំនាញ​គ្រប់​គ្រង​​អាជីវកម្មមួយនេះ?
 
លឹម ព្រីសាណា៖ ចាស សាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ពិតជាបានផ្តល់ចំណេះដឹងជាច្រើនមកកាន់រូបខ្ញុំ។ ពួកគាត់បានបង្ហាញពីទិដ្ឋភាព និងបទពិសោធន៍ផ្សេងៗគ្នាជាច្រើន នៅក្នុងថ្នាក់រៀននីមួយៗរបស់គាត់។ លើសពីនេះទៅទៀត ពួកខ្ញុំក៏បានទទួលការបង្រៀនតាមរបៀបរបបបែបអាមេរិកាំងផងដែរ។ របៀបនៃការបង្រៀននេះ គឺចង់ឲ្យសិស្សមានសកម្មភាពច្រើននៅក្នុងថ្នាក់ ចេះមានសំណួរ ការចង់ដឹងបន្ថែម និងការប្រើប្រាស់គំនិតស៊ីជម្រៅ។ ហេតុដូច្នេះ ពេលខ្លះ សាស្រ្តាចារ្យគ្រាន់តែបង្រៀន ឬនិយាយប្រមាណតែ៤០%ប៉ុណ្ណោះនៅក្នុងថ្នាក់។ ចំណែកឯ៦០%ទៀត គឺជាពេលវេលាដែលសិស្សត្រូវសិក្សាខ្លួនឯងបន្ថែម និងសួរសំណួរនានាមកកាន់គ្រូ។ សិស្សដែលសិក្សាខាងគ្រប់គ្រងអាជីរកម្មនៅទីនោះ បានរៀនច្រើនអំពីមុខវិជ្ជាសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនី ឬទីផ្សារធនធានមនុស្សជាដើម។ លើសពីនេះទៅទៀត សិស្សក៏បានរៀនសូត្រអំពីរបៀបប្រាស្រ័យទាក់ទង ប្រវត្តិសាស្រ្ត ច្បាប់ បច្ចេកវិទ្យា ឬសិល្បៈនានា ដែលមានទំនាក់ទំនងជាមួយនឹងជំនួញ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក៏បានយកមកនូវឱកាសក្នុងការធ្វើការងារស្ម័គ្រចិត្ត និងការងារផ្សេងៗជាច្រើនទៀត ដើម្បីឲ្យសិស្សានុសិស្សអាចពង្រឹងចំណេះដឹង និងបទពិសោធន៍របស់ខ្លួនដែរ៕
 

Tag:
 ជំនួញ
 លឹម ព្រីសាណា
© រក្សាសិទ្ធិដោយ thmeythmey.com