ជាតិ
ទោះពិការភ្នែក អ្នក​ស្រី ត្រុន ស្រីអូន តស៊ូចាក់មួក និងកាបូប​លក់ដើម្បី​ចិញ្ចឹមកូន និងម្តាយជរា
31, Jul 2021 , 8:29 pm        
រូបភាព
កាលពីជាង​២០​ឆ្នាំមុន អ្នកស្រី ត្រុន ស្រីអូន បានរងគ្រោះពិការភ្នែកទាំងសងខាង ដោយ សារទឹកអាស៊ីត នៅពេលប្រកបរបរទិញជ័រកៅស៊ូទៅលក់នៅវៀតណាម។ បន្ទាប់ពីជួបគ្រោះថ្នាក់ អ្នកស្រីបានប្តូរមុខរបរមកចាក់កាបូប មួក និងសម្ភារប្រើប្រាស់ខ្លះទៀតលក់តាម អនឡាញវិញ ដើម្បីទទួលបានចំណូល ផ្គត់ផ្គង់កូនស្រី២នាក់ និងម្ដាយជរាផងដែរ។ ​


 
មានវ័យ៤២ឆ្នាំ អ្នកស្រី ត្រុន ស្រីអូន បានចាប់ផ្តើមរបរចាក់កាបូប មួក កន្សែង កម្រាលតុ និងស្រោមខ្នើយលក់ ចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។ ស្រ្តីរូបនេះ ត្រូវបានអ្នកលក់ជ័រកៅស៊ូដូចគ្នា ជះទឹកអាស៊ីតដាក់កាលពីឆ្នាំ១៩៩៩ បណ្ដាលឱ្យពិការភ្នែកទាំងសងខាង និងប៉ះពាល់យ៉ាងខ្លាំងលើផ្ទៃ​មុខ រួមទាំងដងខ្លួនផងដែរ។ គ្រោះថ្នាក់នេះបានផ្លាស់ប្តូរជីវិតអ្នកលក់ជ័រកៅស៊ូម្នាក់ ក្លាយជាអ្នកចាក់សម្ភារប្រើប្រាស់ពីអំបោះវិញ បន្ទាប់ពីអ្នកស្រី អូន ពិការភ្នែកទាំងសងខាង មិនអាចប្រកបរបរចាស់បាន។ 
 
ស្រី្តពិការ ដែលមានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តកំពង់ចាមរូបនេះ ត្រូវព្យាយាមចាក់អំបោះទាំងពិការភ្នែកសងខាង ដើម្បីចិញ្ចឹមកូនស្រី ដែលមានអាយុ១២ឆ្នាំម្នាក់ ៦ឆ្នាំម្នាក់ និងម្តាយចាស់ជរាផង។ បន្ទុកគ្រួសារទាំងមូល ត្រូវធ្លាក់លើអ្នកស្រីម្នាក់ឯង។ អ្នកស្រីបានប្រាប់ Thmeythmey25 ទាំងក្រៀមក្រំថា៖«នៅឆ្នាំ២០០៣ ឪពុកខ្ញុំស្លាប់ ខ្ញុំនិងម្តាយមកជួលផ្ទះនៅភ្នំពេញ ហើយបន្ទាប់មក ខ្ញុំក៏មានបញ្ហាគ្រួសារទៀត។ ខ្ញុំគ្មានការងារធ្វើ គ្មានចំណូល តែថ្ងៃមួយម្ចាស់ផ្ទះជួល បានទិញកាបូបចាក់អំបោះ។ ខ្ញុំបានប៉ះ ហើយក៏មានគំនិតចង់ចេះ។ ខ្ញុំខិតខំព្យាយាមរៀនចាក់ ខ្ញុំតាំងចិត្តថា មិនសុំទានឡើយ»។ 


អ្នកស្រី ត្រុន ស្រីអូន និងកូនៗ
 
ដ្បិតពិការភ្នែកទាំងសងខាង ប៉ុន្តែអ្នកស្រីអូន មិនចុះចាញ់ជាមួយជីវិតឡើយ។ អ្នកស្រីបានព្យាយាម រៀនចាក់ដោយប្រើសរសៃក្រមាជាមួយជើងធូប និងរៀនពីរបស់ដែលគេចាក់រួច ដោយប្រើការស្ទាប និងការស្រមៃរូបរាង ជំនួសការមើលឃើញ។ «ខ្ញុំរៀនដំបូងដោយប្រើសរសៃក្រមា និងជើងធូបមករៀនចាក់។ បងស្រីខ្ញុំឃើញ គាត់ក៏បានទៅផ្សារទិញអំបោះ និងសម្ភារចាក់មកឲ្យខ្ញុំរៀន រហូតដល់ខ្ញុំចេះចាក់។ ដំបូងខ្ញុំមិនសូវមានទីផ្សារទេ ប៉ុន្តែបានមិត្តខ្ញុំគាត់ជួយគាំទ្រ និងលើកទឹកចិត្ត ធ្វើខ្ញុំកាន់តែមានកម្លាំងចិត្តខំប្រឹង»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ត្រុន ស្រីអូន។
 
ការតស៊ូ និងព្យាយាម របស់អ្នកស្រីមិនអសារបង់ឡើយ ដោយអ្នកស្រីបានចាប់ផ្តើមលក់ផលិតផល អ្នកស្រីតាម បណ្តាញហ្វេសប៊ុក និងទទួលការគាំទ្រជាច្រើន។ ការលក់តាមអនឡាញនេះ បានជួយឲ្យមុខរបរអ្នកស្រី កាន់តែ រីកចម្រើន និងមានការបញ្ជាទិញជាបន្តបន្ទាប់​។
 
កាបូបចាក់ដោយដៃរបស់ស្រ្តីពិការរូបនេះ លក់តម្លៃចន្លោះពី ២ម៉ឺនទៅ១០ម៉ឺនរៀល,មួកតម្លៃ ១២ដុល្លារ, កម្រាលតុ ស្រោមខ្នោយ ​តម្លៃ៤ម៉ឺនរៀល និងកន្សែងបង់ក តម្លៃ៨ម៉ឺនរៀល។ តម្លៃនៃសម្ភារនីមួយៗ ថ្លៃទៅតាមការប្រើសរសៃអំបោះតិចឬច្រើន និងការចំណាយពេលវេលា រួមទាំងកម្លាំងផងដែរ។ 
 
បន្ទាប់ពីលក់តាមប្រព័ន្ធអនឡាញ ទំនិញរបស់អ្នកស្រីអូន ទទួលបានការចាប់អារម្មណ៍ និងបញ្ជាទិញពីអតិថិជនច្រើន។ ទន្ទឹមនឹងនេះ ស្រ្តីពិការរូបនេះ ក៏ជួបបញ្ហាមួយចំនួនលើការច្នៃម៉ូត តាមតម្រូវការរបស់ភ្ញៀវ ហើយពេលខ្លះអ្នកស្រី ក៏ត្រូវបង្ខំចិត្តលុបចោលការបញ្ជាទិញមួយចំនួនផងដែរ ព្រោះមិនអាចមើលឃើញម៉ូតដែលភ្ញៀវបញ្ជាទិញ ហើយមិនអាចធ្វើបានតាមតម្រូវការ។​ ដោយឡែក អ្នកស្រីអូន មិនអាចចាក់អាវបានឡើយ ព្រោះអ្នកស្រីពិបាកក្នុងការស្មានរាងរបស់មនុស្សឲ្យបានត្រឹមត្រូវ។
 
ទោះពិការភាពភ្នែកទាំងសងខាង តែអ្នកស្រី អូន ក៏មិនទម្រន់ខ្លួន ដោយបន្តរកប្រាក់ចិញ្ចឹមគ្រួសារបាន ១៥០ដុល្លារក្នុងមួយខែផងដែរ។ អ្នកស្រីបានលើកឡើងថា៖« វាមិនអាចជួយអ្វីបានច្រើនទេ តែវាអាចជួយ សម្រួលដល់គ្រួសារខ្ញុំមួយកម្រិត និងមានលុយឲ្យកូនៗទិញនំហូប»។ ក្រៅពីនេះ អ្នកស្រីក៏ទទួលបានជំនួយពី អង្គការក្រៅរដ្ឋាភិបាលជួយផងដែរ។ 
 
ពិការភ្នែក តែមិនពិការចិត្ត អ្នកស្រី ត្រុន ស្រីអូន ក៏បានអំពាវនាវដល់បងប្អូនខ្មែរឲ្យជួយគាំទ្រផលិតផល និងស្នាដៃកូនខ្មែរ មិនថាផលិតផលរបស់អ្នកស្រី ឬផលិតផលណាឡើយ។ អ្នកស្រីសង្ឃឹមថា នឹងមានពល​រដ្ឋ​ខ្មែរគាំទ្រផលិតផលក្នុងស្រុកបានច្រើន៕


មួកចាក់ពីអំបោះដោយដៃអ្នកស្រី ត្រុន ស្រីអូន


កាបូបចាក់ដោយដៃអ្នកស្រី ត្រុន ស្រីអូន


កាបូបចាក់ដោយដៃរបស់អ្នកស្រី ត្រុន ស្រីអូន


កន្សែងចាក់ពីអំបោះដោយដៃអ្នកស្រីត្រុន ស្រីអូន

 

Tag:
 អ្នកស្រី ត្រុន ស្រីអូន
  ពិការភ្នែក
© រក្សាសិទ្ធិដោយ thmeythmey.com