ជាតិ
សង់នាសតវត្សរ៍ទី១២ «នគរបាជ័យ»ជាប្រាសាទបុរាណដ៏ល្បីល្បាញ ក្នុងខេត្តកំពង់ចាម
01, Aug 2021 , 1:39 pm        
រូបភាព
ប្រាង្គកណ្ដាល នៃកំពែងទីបី នៃប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។
ប្រាង្គកណ្ដាល នៃកំពែងទីបី នៃប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។
ដោយ៖ ស៊ុល រ៉វី

«ប្រាសាទនគរបាជ័យ»ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ចំណុះដោយភូមិជង្ហុក និងភូមិអំពិលឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រាសាទនេះ ត្រូវបានដូនតាខ្មែរកសាងពីថ្មបាយក្រៀម និងថ្មភក់ នាសម័យព្រះបាទជ័យវរ្ម័នទី៧។


 
ស្ថិតក្នុងរចនាបថបាយ័ន «ប្រាសាទនគរបាជ័យ» កសាងបែរទៅទិសខាងកើតរាងជាចតុកោណកែង និងមានកំពែងបីជាន់ ព្រមទាំងមានគោបុរៈ(ខ្លោងទ្វារ)គ្រប់ទិសធំទាំងបួន។
នៅកំពែងទី១ នៃប្រាសាទនេះ ត្រូវបានបាក់បែក និងស្រុតអស់ជាច្រើនកន្លែង ឯកំពែងជាន់ទី២និងកំពែងជាន់ទី៣នៅរក្សារូបរាងគួរសម។
 
នៅក្នុងកំពែងទី២គេឃើញមានស្រះទឹកតូចៗចំនួន២ និងតួប្រាសាទស្ថិតក្នុងកំពែងទី៣។ នៅផ្នែកតួប្រាសាទនេះ មានទម្រង់ជាចេតិយសាងសង់ពីថ្មភក់។
រីឯតាមហោជាង និងជញ្ជាំង នៃប្រាង្គនេះ មានបន្សល់នូវចម្លាក់យ៉ាងប្រណិតនិងព្រះពុទ្ធបដិមា គង់ទាំងបួនទិស។
 
យោងតាមបញ្ជីឈ្មោះបែងចែកប្រាសាទបុរាណស្ពានបុរាណ មន្ទីរពេទ្យបុរាណ នៅតាមរាជធានី-ខេត្ត របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដំបូងឡើយប្រាសាទនេះ កសាងសម្រាប់ឧទ្ទិសចំពោះពុទ្ធសាសនាមហាយាន។
លុះក្រោយមកក្នុងរាជស្ដេចបន្ទាប់មក ប្រាសាទនេះ ត្រូវបានកែតម្រូវតាមសាសនាថ្មីដែលព្រះរាជាអង្គនោះគោរពបូជា គឺព្រហ្មញ្ញសាសនា។


កំពែងប្រាសាទនគរបាជ័យ។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តកំពង់ចាម
 
បន្ទាប់មកនៅសម័យកណ្ដាល រវាងសតវត្សទី១៦និងសតវត្សទី១៧ មានព្រះរាជាមួយព្រះអង្គផ្សេងទៀត បានរៀបចំប្រាសាទវត្តនគរបាជ័យនេះឡើងវិញ ឱ្យទៅជាទីវត្តអារាម នៃពុទ្ធសាសនាហិនយាន ព្រមទាំងកសាងនូវសំណង់ថ្មីមួយចំនួនរួមមានព្រះវិហារ និងកែប្រែប្រាង្គកណ្ដាលរបស់ប្រាសាទទៅជាចេតិយដែលមានសភាពដូចបច្ចុប្បន្ន។

ក្រោយវិហារបុរាណនោះចាស់ទ្រុឌទ្រោមបាក់បែកព្រះវិហារថ្មីមួយ ត្រូវបានកសាងឡើងជំនួស ព្រះវិហារចាស់។ លោក សឹង ភារម្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថាព្រះវិហារថ្មីនោះ ត្រូវបានកសាងឡើងនាអំឡុងទស្សវត្សឆ្នាំ ១៩៣០។ ឯក្នុងព្រះវិហារក៏មានបន្សល់នូវសិលាចារឹកមួយផ្ទាំងផងដែរ។
 
 
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានអភិរក្ស ជួសជុលប្រាសាទនេះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦មកដោយផ្តើមពីការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទ។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ក៏មានការជួសជុលផងដែរ មកលើប្រាសាទនេះ។ លោកបានបន្តដូច្នេះថា៖ «ក្រោយការអភិរក្ស និងជួសជុល បច្ចុប្បន្នប្រាសាទនគរបាជ័យពុំមានរងការហនិភ័យ បាក់បែកទៀតនោះទេ គឺរឹងមាំ។ ប៉ុន្តែអាចនឹងមានការជួសជុលនៅពេលអនាគត ព្រោះអាយុកាលប្រាសាទកាន់តែចាស់»។

នេះបើតាមលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម។
យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយឆ្នាំ២០១០ ខេត្តកំពង់ចាមមានប្រាសាទមានរូបរាងចំនួន២៦ សំណល់គ្រឹះប្រាសាទចំនួន១៤និងស្រះដែលជាទីតាំងយកថ្មចំនួន២៩ផងដែរ៕


ផ្លូវចូលទៅកាន់ប្រាង្គកណ្ដាល នៃប្រាសាទនគរបាជ័យ។ រូបភាពពី មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។


Tag:
 ប្រាសាទបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com