COVID-19
សង្គមអន្តរជាតិ​
វៀតណាម បន្ត​បិទ​ខ្ទប់​តំបន់​ភាគខាងត្បូង​ថែម​២​សប្ដាហ៍​ទៀត ហើយ​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​
01, Aug 2021 , 12:42 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​វៀតណាម ផាម មិញ​ឈិ​ញ នៅ​ថ្ងៃទី​៣១ ខែកក្កដា សម្រេច​បន្ត​វិធាន​ការបិទ​ខ្ទប់​តំបន់​ភាគ​ត្បូង​ចំនួន​២​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​នៅតែ​ធ្ងន់ធ្ងរ​។ លោក ផាម ក៏​ណែ​នាំឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​បិទ​ខ្ទប់​រឹតបន្តឹង​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ហើយ​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​នៅ​តំបន់​មាន​ហានិភ័យ​ផងដែរ​។​

 
​ទីក្រុង​ហូជីមិញ និង​ខេត្ត​ក្រុង​១៦​ទៀត​នៅ​ភាគខាងត្បូង​ដែលមាន​ប្រជាជន​សរុប​ជាង​៣៥​លាន​នាក់ នឹង​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​២​សប្ដាហ៍​ទៀត​ពីថ្ងៃ​ទី​១ ខែសីហា​តទៅ ដោយសារ​រលក​ឆ្លង​ទី​៤ ជំងឺ​កូ​វីដ​-១៩ មិនទាន់​ធូរស្រាល​នៅឡើយ​។ វៀតណាម ផ្ដើម​អនុវត្ត​ការ​បទ​ខ្ទប់​តាំងពី​ថ្ងៃទី​១៩ ខែកក្កដា​មក ដោយ​ហាមឃាត់​ប្រជាជន​មិនឱ្យ​ចេញពីផ្ទះ​បើ​គ្មាន​ការចាំបាច់ និង​ផ្អាក​ការដឹកជញ្ជូន​សាធារណៈ​ផងដែរ​។​
 
​នាយករដ្ឋមន្ត្រី​វៀតណាម ផាម មិញ​ឈិ​ញ ចង់ឱ្យ​អាជ្ញាធរ​នៅ​ភាគខាងត្បូង​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ឱ្យ​គត់មត់ ហើយ​ត្រៀម​ដាក់​វិធានការ​តឹងរ៉ឹង​ថែមទៀត នៅពេល​ចាំបាច់​។ ការបន្ត​វិធានការ​នេះ ទំនង​ក៏មាន​គោលដៅ​ទប់ស្កាត់​ការធ្វើដំណើរ​របស់​ប្រជាជន ពិសេស​កម្មករ​ដែល​គ្មាន​ការងារ​ធ្វើទៅ​កាន់​ស្រុកកំណើត​របស់​ពួកគេ​វិញ ខណៈដែល​ស្ថានការណ៍​នៅ​តំបន់​ភាគខាងត្បូង និង​ក្រុង​ហូជីមិញ​នៅ​មិនទាន់​ធូរស្រាល​នៅឡើយ​។ 
 
​បើតាម​សារព័ត៌មាន​វៀតណាម Vietnam News អាជ្ញាធរ​ភាគខាងត្បូង ក៏​ចេញ​បម្រាម​មិនឱ្យ​ប្រជាជន​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ឡើយ លុះត្រា​មានការ​អនុញ្ញាត​។ ក្នុង​សេចក្ដីសម្រេច​បន្ត​វិធាន​ការបិទ​ខ្ទប់ លោក ផាម បាន​ព្រមាន​អាជ្ញាធរខេត្ត​ទាំងអស់​ថា ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី បើ​មាន​ករណី​ប្រជាជន​ធ្វើដំណើរ​ទៅ​ខេត្ត​ផ្សេង​ដោយ​ខ្លួនឯង​។​
 
​ជាមួយគ្នា​នោះ រដ្ឋាភិបាល​វៀតណាម ក៏​នឹង​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​នៅ​ទីក្រុង​ហូជីមិញ​ដែលជា​តំបន់​ផ្ទុះ​ខ្លាំង​។ ក្រសួងសុខាភិបាល​វៀត​ណា​ម ប្រកាស​នៅ​ថ្ងៃទី​៣១ ខែកក្កដា ថា វ៉ាក់សាំង​របស់ Sinopharm ចំនួន​១​លាន​ដូ​ស ទៅដល់​ទីក្រុង​ធំជាងគេ​នេះ​រួចហើយ ហើយ​គ្រោង​ទៅដល់​៤​លាន​ដូ​ស​ទៀត​។ 
 
​បច្ចុប្បន្ន វៀតណាម មាន​ករណី​ឆ្លង​ជាង​១៥​ម៉ឺន​នាក់ និង​ស្លាប់​ជាង​១​ពាន់​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com