កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីហែលទឹកអូស្ត្រាលី McKeon Emma ឈ្នះមេដាយ​៧​តែម្នាក់ឯងពីអូឡាំពិកតូក្យូ
01, Aug 2021 , 2:59 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនី McKeon Emma របស់អូស្ត្រាលី កំពុង​ក្លាយជាអត្តពលិក​ដែល​ឈ្នះមេដាយ​ច្រើន​ជាងគេបំផុតពីព្រឹត្តិការណ៍​កីឡាអូឡាំពិកក្រុង​តូក្យូ (Tokyo 2020) ជាមួយ​នឹង​មេដាយមាស​៤ និង​សំរឹទ្ធ​៣។

 
កីឡាការិនី​វ័យ​២៧​ឆ្នាំរូបនេះ បានក្លាយជាម្ចាស់​កំណត់ត្រាអូឡាំពិកថ្មីលើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០ម៉ែត្រ ក្នុង​ថិរវេលា ២៣.៨១វិនាទី នាំមុខកីឡាការិនីស៊ុយអែត និង​ដាណឺម៉ាក។ កំណត់ត្រាថ្មីអូឡាំពិកដូចគ្នា​ផងដែរសម្រាប់​វិញ្ញាសាហែលសេរីចម្ងាយ​១០០ម៉ែត្រ ដោយ McKeon Emma ប្រើថិរវេលា ៥១.៩៦វិនាទី នាំមុខ​កីឡាការិនីហុងកុង និងកីឡាការិនីអូស្ត្រាលី១រូបទៀត។
 
មេដាយ​មាស​២ទៀត​របស់ McKeon Emma គឺក្នុងវិញ្ញាសា​ហែលបណ្តាក់សេរី 4x100m និង​វិញ្ញាសាហែលបណ្តាក់ 4x100m Medley។
 
រីឯមេដាយសំរឹទ្ធ៣​ដែលកីឡាការិនីរូបនេះ ទទួលបានគឺក្នុង​វិញ្ញាសា ហែលមេអំបៅចម្ងាយ​១០០ម៉ែត្រ, ហែល​បណ្តាក់សេរី 4x200m និងហែលចម្រុះបណ្តាក់ Mixed 4x100m Medley Relay។
 
ការរកបាន​មេដាយ​៧ក្នុងព្រឹត្តិការណ៍អូឡាំពិក​តែមួយនេះ នាំឲ្យ McKeon តាមស្មើកំណត់ត្រា​កីឡាការិនីកាយសម្ព័ន្ធសូវៀត Maria Gorokhovskaya កាលពីឆ្នាំ​១៩៥២។
 
កាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ​២០១៦នៅ Rio de Janeiro កីឡាការិនីរូបនេះ ក៏បាន​ឈ្នះមេដាយមាស​១ មេដាយ​ប្រាក់២ និង​សំរឹទ្ធ១ផងដែរ៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com