ជាតិ
បិទផ្សារ២២កន្លែងទៀតក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់​កូវីដ-១៩បំប្លែងថ្មី
01, Aug 2021 , 3:30 pm        
រូបភាព
ផ្សារនៅខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានបិទផ្សារចំនួន២២កន្លែងបន្ថែមទៀតដែលស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបង, ស្រុកសង្កែ និងស្រុកឯកភ្នំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩  ពិសេស​មេរោគបំប្លែងថ្មី​ប្រភេទ Delta​។ បើតាម​រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ កក្កដា ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មីជាង២០០ករណីហើយចំនួនឆ្លងដ៏ច្រើននេះ ជាមូលហេតុនៃការសម្រេចបិទខ្ទប់ផ្សារទាំង២២នេះ ដោយចាប់ផ្តើមពីថ្ងៃទី១-១៤ខែសីហា។ 

 
​ផ្សារទាំង២២ទីតាំងដែលបានបិទខ្ទប់មានផ្សារបុរីរោងចក្រ, ផ្សារវត្តសុភី, ផ្សារកង្កែបយំ, ផ្សារឧត្តរៈ, ផ្សារលូ, ផ្សារដូនទាវ, ផ្សារកន្ទួត, ផ្សាររស្មីបាត់ដំបង, ផ្សារបឹងរាំង, ផ្សារវត្តរកា, ផ្សារទំនើបបុរីថ្មី, ផ្សាររាត្រីក្រុងបាត់ដំបង, ផ្សារវត្តតាមិម, ផ្សារស្លក្រាម, ផ្សារកំណប់, ផ្សារព្រែកតាច្រែង, ផ្សារប្រហុក, ផ្សារសំរោងក្នុង, ផ្សារសាលាតាអន, ផ្សារព្រែកខ្ពប, ផ្សារព្រែកហ្លួង និង​ផ្សារសោមនស្ស។ 
 
​នៅអំឡុងពេលបិតផ្សារបណ្តោះអាសន្ននេះ  អាជ្ញាធរខេត្តនឹង​រៀបចំ​ទីតាំងដែលមានគម្លាតសុវត្ថិភាព ដើម្បីឱ្យ​​អាជីវករ​​​លក់ដូរគ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និង​សម្ភារប្រើប្រាស់​ចាំបាច់។ យ៉ាងណាក៏ដោយ អ្នកលក់ដូរ និងអ្នកទិញទាំងអស់ តម្រូវឱ្យ​​​​ពាក់ម៉ាស់ និងលាងសម្អាតដៃសម្លាប់មេរោគជាមួយជែល ឬអាល់កុលជាប្រចាំ។
 
​សូមរំឭកថា កាលពីថ្ងៃទី៣១កក្កដាម្សិលមិញ រដ្ឋបាលខេត្តបាត់ដំបង ក៏បានសម្រេចបិទផ្សារចំនួន ២៧ទីតាំងផងដែរ ដែល​ស្ថិតនៅ​ក្រុង​បាត់ដំបង, ស្រុកថ្មគោល, ស្រុកសង្កែ,ស្រុកមោងឫស្សី និងស្រុក​កំរៀង ដើម្បីទប់ស្កាត់ការរាលដាលនៃកូវីដ-១៩។
 
សូម​បញ្ជាក់ថា គិតត្រឹមថ្ងៃទី​៣១កក្កដា ខេត្ត​បាត់ដំបង មាន​អ្នកឆ្លងកូវីដ-១៩ សរុប ៣,៣៧៦នាក់ ជាសះស្បើយចំនួន ២,០២៩នាក់ និង​ស្លាប់មាន​ចំនួន ៤៣នាក់៕
 

Tag:
 ផ្សារ
  បាត់ដំបង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com