COVID-19
អន្តរជាតិ
ចិន៖ ខេត្តហឺណានដែលទើបរងគ្រោះដោយទឹកជំនន់ ផ្ទុះករណីឆ្លងជំងឺកូវីដ-១៩
01, Aug 2021 , 4:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ខេត្តហឺណាន ដែលទើបឆ្លងផុតទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន កំពុងប្រឈមមុខបញ្ហាមួយទៀត។ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃទី១ ខែសីហា រាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១២ករណី។ ការឆ្លងទាំងអស់ សុទ្ធតែទាក់ទងករណីឆ្លងពីមន្ទីរពេទ្យមួយកន្លែងដែលព្យាបាលអ្នកដំណើរមកពីបរទេស។ ខេត្តក្រុងជាច្រើនរបស់ចិន​ ក៏រាយការណ៍ពីករណីឆ្លងថ្មីផងដែរ ដែលកំពុងបង្កជាក្ដីបារម្ភខ្លាំង។

 
ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន ចាប់ផ្ដើមកម្រើកឡើងវិញគួរឱ្យបារម្ភ ដោយអាជ្ញាធរចិនអះអាងថា បណ្ដាលមកពីវីរុសបំប្លែងខ្លួនដែលតាដែលរកឃើញមុនគេនៅឥណ្ឌា។ ខេត្តក្រុងជាច្រើនរបស់ចិន បានរាយការណ៍ករណីឆ្លងថ្មី ដោយនៅថ្ងៃទី១ ខែសីហា ចិនមានរកឃើញករណីឆ្លងសរុប៥៣ករណី។​
 
ប្រភពចម្លងមួយទៀត ក៏ផ្ទុះនៅខេត្តហឺណាន ទីដែលទឹកជំនន់សម្លាប់មនុស្សជិត១០០នាក់នាពេលកន្លងមក។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua គណៈកម្មការសុខាភិបាលខេត្តហឺណាន រកឃើញករណីឆ្លងថ្មី១២នាក់ និងករណីគ្មានរោគសញ្ញា២០នាក់ ដែលសុទ្ធសឹងនៅទីក្រុងចឹងចូវទាំងអស់។ ប្រភពចម្លងនៅខេត្តនេះ គឺអ្នកសម្អាតមន្ទីរពេទ្យពីរនាក់ដែលប្រើប្រាស់ដើម្បីព្យាបាលអ្នកដំណើរមកក្រៅប្រទេស។ ករណីសរុបដែលទាក់ទង កើនដល់២៧នាក់ហើយ។
 
អាជ្ញាធរក្រុងចឹងចូវ ក៏ធ្វើតេស្តប្រជាជនក្នុងក្រុងទាំង១០លាននាក់ ដើម្បីទប់ស្កាត់ការរាលដាល។ ប្រធានគណៈកម្មការសុខាភិបាលក្រុង ក៏ត្រូវបញ្ចប់តំណែងផងដែរ។
 
ចំណែកករណីឆ្លងទាក់ទងករណីវិជ្ជមាននៅព្រលានយន្តហោះណានជីង ខេត្តជាំងស៊ូ រាលដាលដល់ខេត្ត និងក្រុងជាង២០ហើយ បន្ទាប់ពីកោះហៃណាន តំបន់ស្វយ័តនីងស្យា និងខេត្តសានតុង រកឃើញករណីឆ្លងដែលពាក់ព័ន្ធនេះ។ អាជ្ញាធរក្រុងណានជីង បានធ្វើតេស្តប្រជាជនទាំងជាង៩លាននាក់ដល់ទៅ៣ដងដើម្បីរកករណីឆ្លងទាំងអស់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com