ជាតិ
ទោះចំនួនផ្សិតព្រៃមានតិចជាងរាល់ឆ្នាំ តែពលរដ្ឋនៅតែអាស្រ័យផលដោយរីករាយ
01, Aug 2021 , 4:39 pm        
រូបភាព
ដោយ៖ ប៉ូ សុភា​

ភ្នំពេញ៖ ​​​​​​​​ប្រធានសហគមន៍ និងប្រជាពលរដ្ឋដែលអាស្រ័យផលពីផ្សិតព្រៃ នៅក្នុងសហគមន៍ព្រៃឈើចាន់សជើងនិងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍​ ក្នុងខេត្តសៀមរាប អះ​អាង​ថាទិន្នផលផ្សិតព្រៃឆ្នាំនេះ មានតិចជាងរាល់ឆ្នាំ។ ដ្បិតតែដូច្នេះ ​ប៉ុ​​​​ន្តែប្រជាសហគន៍ទាំង​នោះនៅតែបន្ដថែរក្សាការពារធម្មជាតិ និងចូលព្រៃអាចអាស្រ័យផលដូចធម្មតា។


 
នៅក្នុងប្រទេសកម្ពុជាមានសហគមន៍ព្រៃឈើច្រើនកន្លែងនិងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាស្រ័យផល​ពីព្រៃធម្មជាតិទាំងនោះ។ អនុផលព្រៃឈើដែលពលរដ្ឋទទួលបានគឺតាមរយៈបេះផ្លែឈើ បោចវល្លិ រកឧស ​បន្លែ​ស្លឹក និងដកផ្សិតព្រៃជាដើម។អនុផលព្រៃឈើទាំងនេះ អាចមានផ្លែតិច ឬច្រើនតាមអាកាសធាតុ និងធម្មជាតិ។
 
អ្នកស្រី រុន ស្រីព្រះជាអ្នកអាស្រ័យផលពីផ្សិតក្នុងសហគមន៍ព្រៃឈើចាន់សជើង សម្រាប់បរិភោគនិងយកលក់សម្រប់ជួយផ្គត់ផ្គង់គ្រួសារ។ ផ្សិតដែលគ្រួសារស្រ្តីរូបនេះ ដកតាមព្រៃរួមមានផ្សិតក្ងោក ផ្សិតក្ងោលអន្សោង ផ្សិតដី ផ្សិតដំបូក ផ្សិតធ្យូង ផ្សិតកញ្ជូរ ផ្សិតបាយនិងផ្សិតឈើ-ល-។ អ្នកស្រី រួមទាំងគ្រួសារមានសមាជិក ២នាក់ផ្សេងទៀតអាចរកផ្សិតបានចន្លោះពី១ ទៅ២គីឡូកា្រម នៅពេលចូលព្រៃម្ដងៗ។
 
រស់នៅភូមិចាន់សជើង ឃុំចាន់សស្រុកសូត្រនិគម ខេត្តសៀមរាប អ្នកស្រី រុន ស្រីព្រះ លើកឡើងថា៖«ចូលទៅព្រៃដកផ្សិតខ្ញុំទៅជាមួយប្តី និងកូនស្រី។​ ពួកយើងដើរដកតែពេលព្រឹកទេ ថ្ងៃត្រឡប់មកវិញហើយ។ ឥឡូវមួយថ្ងៃដកបានតិចៗទេគ្រាន់បានយកទៅស្ល និងលក់បានលុយតិចតួច សម្រាប់ជួយដោះទាល់ និងឱ្យកូន​»។
 
នៅឆ្នាំមុនៗ ផ្សិតតាមព្រៃមានដុះច្រើនទាំងអ្នកស្រី និងអ្នកភូមិដទៃ ចូលដកបានមិនក្រោម ៣គីឡូក្រាមទេ។ ចំណែកឯតម្លៃផ្សិតរាល់ឆ្នាំអាចលក់បាន ចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀល ប៉ុន្តែឆ្នាំនេះដោយសារផ្សិតដកបានតិច ពួកគាត់លក់អាចបានតម្លៃ ១ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម។​



លោក លីន សំណាងជាពលរដ្ឋដែលអាស្រ័យផលពីអនុផលព្រៃម្នាក់ ​បញ្ជាក់ថា ផ្សិតឆ្នាំនេះ ដកបានតិចពេលខ្លះដកបានត្រឹម​យកមកបរិភោគតែប៉ុណ្ណោះ។​ បុរសវ័យ៤៣ឆ្នាំរូបនេះ បន្តថាការចូលព្រៃរកបន្លែ និងផ្សិតធម្មជាតិ​ អាចជួយសម្រួលជីវភាពគ្រួសាររបស់លោកបន្ទាប់ពីការងារស្រែចម្ការ ពិសេសក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ក្រៅពីផ្សិតនិងបន្លែ លោក លីន សំណាង និងកូនប្រុស តែងតែអាស្រ័យផលផ្លែឈើព្រៃដទៃទៀត ដូចជាផ្លែគុយសិរមាន់ និងផ្លែរំដួលដូចពលរដ្ឋក្នុងភូមិផ្សេងទៀតដែរ។«ខែណាមានអី យើងរកហ្នឹង។

ឆ្នាំនេះផ្លែឈើមានផ្លែច្រើន តែទីផ្សារចង្អៀត។ ចំណែកឯផ្សិតវិញមានតិចតែសម្បូរទីផ្សារ។ ខ្ញុំអាចសល់បានបួនដប់ម៉ឺនហ្នឹង ពីការដល់ផ្សិតក្នុងមួយរដូវ​។
តែបើយើងមិនរកមានអីចូល ​​​ទោះមិនបានលក់ ក៏បានគ្រាន់ហូបដែរ។ កូវីដកើតយ៉ាងហ្នឹង តឹងរកបន្តិចហើយទាំងខ្ញុំទាំងគេ»។ នេះជាការលើកឡើងរបស់លោក សំណាង។
 
ប្រធានសហគមន៍ព្រៃឈើចាន់សជើង លោក ភាន់ភី បានថ្លែងប្រាប់សារព័ត៌មានThmeythmey25ថា នៅក្នុងព្រៃសហគមន៍ប្រជាពលរដ្ឋប្រមាណជា៦០គ្រួសារក្នុងនោះមានជាង៩០ភាគរយ បានអាស្រ័យផលពីធនធានពីធម្មជាតិក្នុងព្រៃ។
 
ការចូលព្រៃអាស្រ័យផលតាមរដូវទោះមិនបានសល់ច្រើនក្តី ក៏ពលរដ្ឋនៅក្នុងសហគមន៍របស់លោក ភាន់ ភី រីករាយចំពោះការរកចំណូលបន្ថែម ដែលកើតពីការអភិរក្សធនធានធម្មជាតិ។ ម៉្យាងទៀតក៏ជាប្រយោជន៍ដែលកើតចេញពីការរួមសាមគ្គីគ្នា ក្នុងការការពារ នឹងថែរក្សារបស់អ្នកភូមិនិងសហគមន៍ផងដែរ។
 
លោក ភាន់ ភី លើកឡើងថា៖«ពលរដ្ឋចូលព្រៃរកផ្សិតផ្លែឈើព្រៃតាមរដូវ។ តែក្រៅពីនេះពួកគេអាចចូលទៅរកឧស បេះបន្លែបោចវល្លិលក់បានគ្រប់ពេល។ បើនិយាយទៅ ចំណូលលមិនច្រើនទេតែគ្រាន់ជួយក្នុងជីវភាពគ្រួសាររបស់ពួកគាត់ដែរ ព្រោះក្រៅពីការងារស្រែចម្ការទៅមុខរបរចូលព្រៃនេះ ជាការងារបន្ទាប់បន្សំ របស់ពលរដ្ឋនៅក្នុងភូមិចាន់សជើង»។


 
ចំណែកឯ លោក ឌឿន ឌន់ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ក្នុងខេត្តសៀមរាបវិញ ក៏បានឱ្យសារព័ត៌មាន Thmeythmey25 ដឹងដែរថាពលរដ្ឋក្នុងសហគមន៍ អាស្រ័យផលពី​ព្រៃតាមរដូវដូចៗគ្នា។
ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តថា ​ចំណូលដែលពលរដ្ឋរកបានពីព្រៃជាផលតបត្រឡប់ពីធម្មជាតិ ដែលកើតចេញពីការយកចិត្តទុកដាក់ ក្នុងការការពារធានធម្មជាតិទាំងនោះកន្លងមក។
 
«ឆ្នាំនេះផ្សិតដុះមិនច្រើនទេតែអ្នកភូមិខ្ញុំ ​ពួកគាត់សប្បាយនឹងការចូលព្រៃអាស្រ័យផល ។ ទោះបានតិចតួច ក៏ពួកគេនៅតែបន្ដព្រោះនេះជាចំណូលបន្ថែម រកបានដោយសុចរិតសម្រាប់ផ្គត់ផ្គងគ្រួសារបន្ទាប់ពីការងារការពារ និងថែរក្សាធនធានធម្មជាតិ នៅក្នុងសហគមន៍របស់ពួកគាត់»៕
 





Tag:
 អនុផលព្រៃឈើ
 ផ្សិត
  ឌឿន ឌន់
  ភាន់ ភី
© រក្សាសិទ្ធិដោយ thmeythmey.com